ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ ទាក់ទិននឹងស្ថានភាព គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ឆ្នាំ២០២០ លោកវរសេនីយ៍ នាយរងការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល ខេត្ត បន្ទាយមានជ័យ បានឱ្យដឹង នាថ្ងៃទី៣១ ធ្នូ នាដំណាច់ឆ្នាំចាស់នេះថាៈ ក្នុងឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍ ក្នុងខេត្តនេះ មានចំនួន ៨១ ករណី លើ ១៩៦ ករណី បើប្រៀបធៀបនឹងឆ្នាំ២០១៩ គឺថយចុះ ១១៥ ករណី ស្មើនឹង ៥៩ % ។
ប្រភពដដែល បានឱ្យដឹងបន្តថាៈ គ្រោះថ្នាក់ប្រភេទធ្ងន់ កើតឡើង ៧៧ ករណី លើ ១៨៨ ករណី ថយចុះ ១១១ ករណី ស្មើនឹង ៥៩% ។ គ្រោះថ្នាក់ប្រភេទ ស្រាល កើតឡើង ៤ ករណី លើ ៨ ករណី ថយចុះ ៤ ករណី ។ គ្រោះថ្នាក់បណ្តាលអោយស្លាប់មនុស្ស ៧០ នាក់ / ស្រី ១៤ នាក់ លើ ១៣៤ នាក់ / ស្រី ៣១ នាក់ ថយចុះ ៦៤ នាក់ ។ របួសធ្ងន់ ៦៤ នាក់/ស្រី ២០ នាក់ លើ១៥៦នាក់ /ស្រី ៣៣ នាក់ ថយចុះ ៩២ នាក់ ។ របួសស្រាល ៤៤ នាក់/ស្រី ១៣នាក់ លើ ១២៧នាក់ / ស្រី ៣៩នាក់ ថយចុះ ៨៣ នាក់ ។
ឯផ្នែកសម្ភារៈ ម៉ូតូខូចធ្ងន់ ៤៦ គ្រឿង លើ ១១៨ គ្រឿង ថយចុះ ៧២ គ្រឿង ។ ម៉ូតូខូចស្រាល ២១ គ្រឿង លើ៩២គ្រឿង ថយចុះ ៧១ គ្រឿង ។ រថយន្តខូចធ្ងន់ ៣៥គ្រឿង លើ ៤៧គ្រឿង ថយចុះ១២គ្រឿង ។ រថយន្តតូចខូចស្រាល ១៦ គ្រឿង លើ៤៦គ្រឿង ថយចុះ ៣០ គ្រឿង ។ រថយន្តធំខូចធ្ងន់ ៩ គ្រឿងលើ ១០ គ្រឿង ថយចុះ ១គ្រឿង រថយន្តធំខូចស្រាល ១១ គ្រឿង លើ ២៣ គ្រឿង ថយចុះ ១២ គ្រឿង ជាដើម ។
ប្រភព បានអះអាងថាៈ នេះបើប្រៀបធៀបនឹងឆ្នាំ ២០១៩ កន្លងមក ។ ជាការកត់សម្គាល់ គឺចំនួនគ្រោះថ្នាក់ចរាចរណ៍ ឆ្នាំ២០២០ បានថយចុះជាងឆ្នាំ ណាទាំងអស់ បើប្រៀបធៀបនឹង ៥ ឆ្នាំចុងក្រោយ ពោលគឺជាពេលដែលខេត្ត រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ថ្មី ។
មូលហេតុនៃគ្រោះថ្នាក់ មកពីកត្តាមនុស្ស ច្រើនករណីជាងគេ ដូចជា បញ្ហាល្បឿន , មិនគោរពសិទ្ធិអាទិភាព , ប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់ , បត់ ឆ្វេង – ស្តាំ មិនប្រយ័ត្ន , ស្រវឹង , មិនគោរពផ្លាកសញ្ញា, មិនប្រកាន់ស្តាំ ជាដើម ។ ឯក្រៅពីនោះ មកពីកត្តាយានយន្ត កត្តា អាកាសធាតុខ្លះដែរ ៕/V.mara