ដោយៈ សរិទ្ធ ,សុខុម/ ស្ទឹងត្រែងៈ សមត្ថកិច្ច កងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង ចុះ អនុវត្តដីការបស់ តុលាការខេត្ត នាំខ្លួនមនុស្សចំនួន ៣ នាក់ ក្នុងនោះស្ត្រីម្នាក់ ជាម្តាយ និងកូនប្រុស ២ នាក់ ដែលមានផ្ទុកសារធាតុញៀន កាលពីព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។
សមត្ថកិច្ច បានបញ្ជាក់ថាៈ ពេលកម្លាំងកងរាជអាវុធហត្ថ ចុះអនុវត្តដីកានាំខ្លួនរបស់ តុលាការខេត្ត លើស្ត្រីម្នាក់ មានកូនប្រុស ចំនួន ២ នាក់របស់គាត់ មករារាំង សមត្ថកិច្ច ក្នុងការអនុវត្តដីកា ទើបឈានដល់ការឃាត់ខ្លួនមនុស្ស ដល់ទៅ ៣ នាក់ តែម្តង។
យោងតាមដីកាបង្គាប់ឲ្យនាំខ្លួន របស់អ្នកស្រី សាយ ស្រីល័ក្ខណ ចៅក្រមស៊ើបសួរ សាលាដំបូង ខេត្តស្ទឹងត្រែង លើស្ត្រីឈ្មោះ ក្រឹម អៃសះ អាយុ ៤៧ ឆ្នាំ ជាកសិករ មានទីកន្លែងកំណើត ភូមិឈើទាលភ្លោះ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ បច្ចុប្បន្ន មានលំនៅ ភូមិ-ឃុំអូរឫស្សីកណ្ដាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
ស្ត្រីនេះ ត្រូវបានដាក់ឲ្យស្ថិតក្រោមការពិនិត្យ ពីបទ ធ្វើឲ្យខូចខាត ដោយចេតនា មានស្ថានទម្ងន់ទោស និងធ្វើឲ្យបាត់ជំនឿ លើសេចក្តីសម្រេច របស់តុលាការ ប្រព្រឹត្តនៅភូមិអូរឫស្សីកណ្ដាល ឃុំអូរឫស្សីកណ្ដាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ។ ពេលសមត្ថកិច្ច ចុះអនុវត្តដីកា ស្រាប់តែ មានកូនប្រុស ចំនួន ២ នាក់ មករារាំងសមត្ថកិច្ច ទើបមានការឃាត់ខ្លួន ឈ្មោះ ហៀត អាមីន អាយុ ៣៦ ឆ្នាំ កាន់ប័ណ្ណសារព័ត៌មាន អង្គភាព រក្សា សន្តិភាព និងឈ្មោះ ហៀត ណាអ៊ីន អាយុ ៣២ ឆ្នាំ ។នៅចំពោះមុខសមត្ថកិច្ច បុរសពីរនាក់នេះ បានត្រូវពិនិត្យទឹកនោម ឃើញថា មានផ្ទុកសារធាតុញៀន៕/V.mara