ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ បន្ទាប់ពីបានបញ្ចប់ ការបិទផ្សាយ បញ្ជីបោះឆ្នោតដំបូង ការដោះស្រាយបណ្តឹងតវ៉ា និងបណ្តឹងជំទាស់ចប់រួចរាល់ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំកិច្ចប្រជុំ ជាមួយភាគីពាក់ព័ន្ធ ស្តីពីការផ្តល់សុពលភាព និងការប្រកាសផ្សាយ បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២០ ចំនួនអ្នកមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត និងចំនួនការិយាល័យបោះឆ្នោត កាលពីព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ នៅទីស្តីការ គ.ជ.ប ។
លោក ឯម សូផាត សមាជិក គ.ជ.ប បានបញ្ជាក់ថាៈ គ.ជ.ប សម្រេចផ្តល់សុពលភាព បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២០ គឺប្រជាពលរដ្ឋ ចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ២៦៨.៦១១ នាក់ ស្មើនឹង ៨៩,៤២%។ ឈ្មោះដែលត្រូវបានលុបចេញ ពីបញ្ជីបោះឆ្នោត មានចំនួន ១៥៤.៧៨៥ នាក់ ។ ប្រជាពលរដ្ឋ ដែលមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២០ មានចំនួន ៨.៨៣១.៩៧១ នាក់ ស្មើនឹង ៨៥,០៦% ធៀបនឹងចំនួនប្រជាពលរដ្ឋ ប៉ាន់ស្មានសរុប ដែលមានអាយុ ចាប់ពី ១៨ ឆ្នាំឡើង។ ការិយាល័យបោះឆ្នោត មានចំនួន ២៣.៤២៥ ការិយាល័យ។
លោកបានបន្ថែមថាៈ លំដាប់អាយុ ភេទ អ្នកដែលមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២០ មានដូចជាៈ អ្នកបោះឆ្នោតជាស្ត្រី មានចំនួន ៤.៧១២.៧៣២ នាក់ អ្នកបោះឆ្នោតអាយុ ១៨ ឆ្នាំ មានចំនួន ៣៩.៤២៦ នាក់ អ្នកបោះឆ្នោតអាយុ ១៩ ឆ្នាំ មានចំនួន ៦១.៩៥០ នាក់ អ្នកបោះឆ្នោត ដែលមានអាយុចាប់ពី ១៨ ឆ្នាំ ដល់ ៣០ ឆ្នាំ មានចំនួន ២.៥៣៣.៦២៣ នាក់ អ្នកបោះឆ្នោតដែលមានអាយុ ចាប់ពី ៣១ ឆ្នាំ ដល់ ៤៥ ឆ្នាំ មានចំនួន ៣.២៦០.៦៤០ នាក់ អ្នកបោះឆ្នោត ដែលមានអាយុ ចាប់ពី ៤៦ ឆ្នាំ ដល់ ៦៥ ឆ្នាំ មានចំនួន ២.៣២៨.៣៦០ នាក់ និងអ្នកបោះឆ្នោត ដែលមានអាយុ ចាប់ពី ៦៦ ឆ្នាំឡើង មានចំនួន ៧០៩.៣៤៨ នាក់។
នៅក្នុងឱកាសនេះដែរ មានតំណាងគណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល ដែលបានចូលរួម នៅថ្ងៃនេះ បានទទួលស្គាល់ និងអបអរសាទរ ជាមួយនឹងលទ្ធផល នៃបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២០។
ឆ្លើយតបទៅនឹងសំណួរ របស់អ្នកសារព័ត៌មាន ដែលបានចោទសួរថា មានគណបក្សនយោបាយមួយ បានប្រកាសថា មិនទទួលស្គាល់លទ្ធផល នៃការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានពន្យល់ថាៈ បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២០ គឺបានរៀបចំឡើង ស្របទៅតាមច្បាប់ បទបញ្ជា និងនីតិវិធី យ៉ាងត្រឹមត្រូវ។ ការមិនទទួលស្គាល់ បញ្ជីបោះឆ្នោតផ្លូវការនេះ គឺជាសិទ្ធិរបស់បុគ្គល ឬក្រុមណាមួយ ប៉ុន្តែបញ្ជីនេះ នៅតែមានសុពលភាព ប្រើប្រាស់តាមផ្លូវច្បាប់។
ចំពោះអ្នកដែលខកខាន មិនបានមកពិនិត្យ បញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នៅឆ្នាំ២០២០នេះ អាចនឹងធ្វើបាន នៅឆ្នាំ២០២១ តាមច្បាប់តម្រូវ។
សូមជម្រាបជូនថា នៅថ្ងៃនេះ គ.ជ.ប បានផ្សព្វផ្សាយ បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២០ ជាសាធារណៈ នៅលើគេហទំព័រ គ.ជ.ប voterlist.nec.gov.kh ឬក៏ចូលទៅកាន់កម្មវិធីទូរស័ព្ទដៃ (App) Voterlist KH ។ បញ្ជីបោះឆ្នោតផ្លូវការនេះ ក៏ត្រូវបានបញ្ជូនទៅរក្សាទុក ជាឯកសារ នៅលេខាធិការដ្ឋានរាជធានី ខេត្ត រៀបចំការបោះឆ្នោត និងនៅតាមសាលាឃុំ សង្កាត់ ទាំង ១.៦៤៦ ទូទាំងប្រទេស ផងដែរ។
គណបក្សនយោបាយ ដែលបានចុះបញ្ជីស្របច្បាប់ ស្តីពី គណបក្សនយោបាយ មានសិទ្ធិស្នើសុំជាវ បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២០ ច្បាប់ថតចម្លង ឬ/និងបញ្ជីបោះឆ្នោតផ្លូវការ តាមទម្រង់ PDF File បាន ដោយបង់ថ្លៃ តាមតម្លៃផលិត៕/V.mara