ដោយៈតារារិទ្ធ/ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសចេញនូវបទបញ្ជានិងវិធានការបន្ទាន់ដោយឲ្យ កម្លាំងទាំងអស់គ្រប់គ្រងឲ្យបានហ្មត់ចត់តាមច្រកព្រំដែននិងច្រករបៀងដាច់ខាតមិនឲ្យមានអ្នកលួចឆ្លងដែនចូលក្នុងប្រទេសដោយមិនបានយកសំណាក ឬ ពិនិត្យនិងធ្វើ ចត្តាឡីស័កនោះឡើយ។
បទបញ្ជាម៉ឹងម៉ាត់នេះត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រកាសក្នុងសារពិសេសបន្ទាន់នៅព្រលប់ ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២០បន្ទាប់ពីសេចក្តីប្រកាសរបស់ក្រសួងសុខាភិ បាលរកឃើញពលករខ្មែរឆ្លងកូវីដ ១៩ ចំនួន ២នាក់ហើយនៅព្រឹកថ្ងៃទី៣១ ខែធ្នូនេះហើយគិតត្រឹមម៉ោង ៥ល្ងាចមានអ្នកឆ្លងកូវីដ ១៩ ចំនួន៦នាក់ហើយ ។ក្នុងនោះវិទ្យា ស្ថានប៉ាស្ទ័រកម្ពុជាក៏បានបញ្ជាក់មកថាមានករណីសង្ស័យជាច្រើនទៀតដែលសរុបទៅអាចមានអ្នកឆ្លងកូវីដ១៩ ពីថៃកើនឡើងដល់ជាង ១០នាក់។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់បទបញ្ជាឲ្យកងទ័ពបញ្ឈប់សកម្មភាពដឹកជញ្ជូនពលករដែលឆ្លងដែនពីថៃទៅកាន់បណ្តាខេត្តនានាដោយរៀបចំពិនិត្យសំ ណាកនិងធ្វើចត្តាឡីស័កនៅខេត្តតាមព្រំដែនទាំងនោះជៀសវាងការឆ្លងរាលដាលក្នុងសហគមន៍នៅកម្ពុជាជាថ្មីទៀត។សម្តេចតេជោក៏បានបញ្ជាទៅកាន់អាជ្ញាធរសមត្ថកិច្ច ខេត្តនៅខាងក្រោយត្រូវពិនិត្យឲ្យបានហ្មត់ចត់លើពលករចំណាកស្រុកដែលទើបមកពីថៃដោយស្ងាត់ៗត្រូវចុះទៅយកសំណាកនិងណែនាំឲ្យធ្វើចត្តាឡីស័កត្រឹមត្រូវជៀស វាងការឆ្លងទៅក្រុមគ្រួសារនិងសហគមន៍។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា«ផ្នែកដឹកជញ្ជូនត្រូវផ្អាការដឹកជញ្ជូនបងប្អូនដែលមកពីប្រទេសថៃហើយត្រូវពង្រឹងសមត្ថភាពនៃការធ្វើចត្តាឡីស័ក្ដនៅតាម ច្រកព្រំដែនដែលយើងបានកំណត់ទីតាំងហើយត្រូវយកសំណាកនៅទីនោះធ្វើចត្តាឡីស័ក្ដនៅទីនោះក្នុងរយៈពេល១៤ថ្ងៃ»។
សម្ដេចបានសង្កត់ធ្ងន់ទៀតថាក្រសួងសុខាភិបាលត្រូវបន្ថែមនូវសម្ភារ ថវិកា ដើម្បីធ្វើចត្តាឡីស័ក្ដ និង ការយកសំណាកដើម្បីធ្វើតេស្ដដោយបន្ថែមក្រុមគ្រូពេទ្យទៅកាន់ទី នោះប្រសិនបើមានការចាំបាច់ ។ ដូច្នេះអ្វីដែលសម្ដេចចង់បញ្ជាក់នៅទីនេះគឺខេត្តនៅតាមបណ្ដាព្រំដែនក៏ដូចជាកម្លាំងព្រំដែនទាំងអស់យកចិត្តទុកដាក់គ្រប់គ្រងឲ្យហ្មត់ ចត់ជាមួយពលករពលការិនីរបស់យើងដែលធ្វើដំណើរពីប្រទេសថៃមកកម្ពុជាវិញ។
សម្ដេចតេជោ ហ៊ុន សែន បានបង្ហើបឲ្យដឹងថាតាមការប៉ាន់ស្មាន់ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ដែលមកពីប្រទេសថៃអាចនឹងកើនឡើងជាបន្ដបន្ទាប់ខណៈមន្ទីរពេទ្យខេត្តបាត់ ដំបងនឹងត្រូវរ៉ាប់រងនូវការព្យាបាលអ្នកឆ្លងទាំងអស់នោះ ៕