ដោយៈ តារារិទ្ធ / ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញ បទបញ្ជាថ្មីមួយទៀត ដើម្បីទប់ស្កាត់ ការឆ្លងរីករាលដាល ឆ្លងជំងឺកូវីដ-១៩ បន្ទាប់ពីពលករ ប្រមាណជិត ១០ នាក់ បានឆ្លងជំងឺនេះ ចេញពីប្រទេសថៃ។
ក្នុងសារជាសំឡេងបន្ទាន់ ជូនជនរួមជាតិ នាព្រលប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ សម្ដេចតេជោ បានថ្លែងថាៈ ក្នុងរយៈពេល ពីរថ្ងៃនេះ (ថ្ងៃទី៣០ និង៣១ ខែធ្នូ ឆ្នាំ២០២០) សភាពការណ៍ នៅតាមព្រំដែន កម្ពុជា-ថៃ គឺមានការរកឃើញ នូវអ្នកឆ្លង ជំងឺកូវីដ-១៩ ចំនួន២នាក់ ប៉ុន្តែមកដល់ម៉ោង ៥ ល្ងាចនេះ គឺយើងមានឆ្លង ចំនួន ៦នាក់ហើយ បើតាមវិទ្យាស្ថានប៉ាស្ទ័រ ឱ្យដឹង គឺនៅមានការសង្ស័យ ច្រើនទៀត ដែលថ្ងៃនេះ អាចកើនលើសជាង ១០ នាក់។ ក្នុងស្ថានភាពបែបនេះ យើងត្រូវតែមានការខិតខំ ដើម្បីរួមចំណែក ជាមួយនឺងព្រះរាជាណាចក្រថៃ ក្នុងការគ្រប់គ្រង សភាពការណ៍ ដែលនៅក្នុងប្រទេសថៃ កាលពីម្សិលមិញនេះ មានអ្នកឆ្លងជំងឺកូវីដ-១៩ រហូតដល់ ២៥០ នាក់ និងថ្ងៃនេះ ជិត ២០០ នាក់ ។
សម្ដេចតេជោ បានគូសបញ្ជាក់ថាៈ “ក្នុងស្ថានភាពនេះ ខ្ញុំចេញបទបញ្ជា ឱ្យកម្លាំងនៅតាមព្រំដែនទាំងអស់ ធ្វើការគ្រប់គ្រង ឱ្យបានហ្មត់ចត់ ជាទីបំផុត ចំពោះអ្នកឆ្លងដែន ទាំងតាមច្រក ដែលមានការគ្រប់គ្រង និងតាមច្រករបៀង។ ដាច់ខាតមិនឱ្យមាន ការលួចឆ្លងចូលមក ផ្ទៃក្នុងប្រទេស ដោយមិនបានធ្វើការត្រួតពិនិត្យ មិនបានយកសំណាក និងធ្វើចត្តាឡីស័កនោះទេ។ បញ្ជាទៅកងដឹកជញ្ជូន នៃកងយោធ ពលខេមរភូមិន្ទ ដែលដឹកជញ្ជូន បងប្អូនពលករ ទៅចែករំលែក នៅតាមខេត្ត ត្រូវផ្អាកការដឹកជញ្ជូន បងប្អូនទាំងនោះ ចូលមកផ្ទៃក្នុងប្រទេស។”
សម្ដេចតេជោ បានថ្លែងសង្កត់ធ្ងន់ថាៈ យើងសុខចិត្តធ្វើចត្តាឡីស័ក នៅតាមបណ្ដាខេត្ត នៅតាមព្រំដែន ល្អជាជាង ដឹកបងប្អូន មកពង្រាយនៅផ្ទៃក្នុងប្រទេស ដែលនាំឱ្យឆ្លង នៅក្នុងសហគមន៍ សារជាថ្មីម្ដងទៀត។ ដូច្នេះត្រូវយកចិត្តទុកដាក់ គ្រប់គ្រងបងប្អូនទាំងនេះ ឱ្យបានហ្មត់ចត់ ហើយផ្នែកដឹកជញ្ជូន គឺផ្អាកការដឹកជញ្ជូនបងប្អូន ហើយត្រូវពង្រឹង នូវសមត្ថភាព នៃការធ្វើចត្តាឡីស័ក នៅតាមច្រកព្រំដែន ដែលយើងបានកំណត់ទីតាំង ហើយត្រូវយកសំណាក នៅទីនោះ ធ្វើចត្តាឡីស័ក នៅទីនោះ ក្នុងរយៈពេល១៤ថ្ងៃ ។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងថាៈ ក្រសួងសុខាភិបាល ត្រូវផ្គត់ផ្គង់បន្ថែម នូវសម្ភារថវិកា ដើម្បីធ្វើចត្តាឡីស័ក និងការយកសំណាក ដើម្បីធ្វើតេស្ត ដោយបន្ថែមក្រុមគ្រូពេទ្យ ទៅកាន់ទីនោះ ប្រសិនបើមានការចាំបាច់ ។ ដូច្នេះអ្វីដែលខ្ញុំចង់ និយាយនៅពេលនេះ គឺចង់បញ្ជាក់ឱ្យបណ្ដាខេត្ត នៅតាមព្រំដែន ក៏ដូចជា កម្លាំងនៅតាមព្រំដែនទាំងអស់ យកចិត្តទុកដាក់ គ្រប់គ្រង ឱ្យបានហ្មត់ចត់ ជាមួយនឹងពលករ ពលការិនីរបស់យើង ដែលធ្វើដំណើរ ពីប្រទេសថៃ មកកាន់កម្ពុជាវិញ ដែលមកដល់ពេលនេះ តាមការប៉ាន់ស្មាន អាចមានការកើនឡើង ជាបន្តបន្ទាប់ នូវចំនួនអ្នកឆ្លងជំងឺ ដែលមន្ទីរពេទ្យ ខេត្តបាត់ដំបង អាចនឹងត្រូវរ៉ាប់រង ជាមួយនឹងការព្យាបាល ។ ដូច្នេះត្រូវបន្តពង្រឹងសមត្ថភាព នៅទីនោះ ហើយក្រសួ ងសុខាភិបាល ត្រូវធ្វើសកម្មភាពបន្ទាន់ ដើម្បីនឹងបន្ថែម នូវសម្ភារ ថវិកា និងបង្កើនល្បឿន នៃការធ្វើតេស្ត ដោយវិទ្យាស្ថានប៉ាស្ទ័រ សំខាន់គឺការដឹកជញ្ជូនសំណាក ពីបណ្ដាខេត្តទាំងនោះ មកកាន់វិទ្យាស្ថានប៉ាស្ទ័រ ព្រោះយើងមិនទាន់មាន ទីកន្លែងធ្វើតេស្ត នៅតាមខេត្តនៅឡើយទេ។
ជាងនេះទៀត សម្ដេចតេជោ ក៏បានដាក់បទបញ្ជា ឱ្យបណ្ដាខេត្ត នៅខាងក្រោយទាំងអស់ ធ្វើការត្រួតពិនិត្យ ទៅដល់មូលដ្ឋាន បើមានបងប្អូន ដែលមកពីប្រទេសថៃ ត្រូវគ្រប់គ្រងឱ្យបានហ្មត់ចត់ ហើយអ្នកដែលបានដឹកជញ្ជូនទៅ ក៏ត្រូវតែគ្រប់គ្រង ។ ឯអ្នកដែលលួចចូលមកស្ងាត់ៗ ហើយមិនបានធ្វើចត្តាឡីស័ក មិនបានយកសំណាក ចាំបាច់ត្រូវតែយកសំណាក ដើម្បីយកមកពិនិត្យ ហើយត្រូវតែធ្វើចត្តាឡីស័ក ឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាង នូវការពង្រាយជំងឺឆ្លងនេះ ទៅកាន់ក្រុមគ្រួសារ និងសហគមន៍ ដែលខ្លួនរស់នៅ។ នេះជាវិធានការបន្ទាន់ ដែលត្រូវកាន់យក ដោយខានមិនបាន ហើយដែលត្រូវធ្វើទាំងអស់គ្នា ព្រមៗគ្នា។
សម្ដេចតេជោ ប្រមុខរាជរដ្ឋាភិបាល បានលើកឡើថាៈ ការដែលនិយាយបែបនេះ មិនមែនមាន័យថា យើងនឹងដាក់ចេញ ឡើងវិញ នូវអ្វីដែលបានបញ្ជាក់រួចហើយ ដូចជាការបើកបវេសនកាល និងការបើកឱ្យមានការជួបជុំ ដោយរក្សាគម្លាត មួយម៉ែត្រកន្លះ នោះទេ ប៉ុន្តែនេះ គឺជាការចម្លងដែល រាលដាលចេញពីប្រទេសថៃ ចូលមកក្នុងប្រទេសកម្ពុជា។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
សម្ដេចតេជោ ក៏បានអង្វរកចំពោះ ពលករ ពលការិនី ដែលធ្វើការក្នុងប្រទេសថៃ ទាំងស្របច្បាប់ និងមិនស្របច្បាប់ សូមបន្តស្នាក់នៅទីនោះ ដើម្បីឱ្យអាជ្ញាធរថៃ ជួយដល់បងប្អូន ក្នុងការពិនិត្យ និងព្យាបាលនៅទីនោះ ប្រសើរជាងការនាំជំងឺ ចូលមកក្នុងប្រទេស ហើយដែលនាំទៅដល់ ការបាត់បង់ ការងារធ្វើផងដែរ។ សង្ឃឹមថា បងប្អូននឹងមានការយោគយល់ ចំពោះការលំបាក សម្រាប់ផ្ទាល់ខ្លួនផង សម្រាប់ក្រុមគ្រួសារ របស់ខ្លួនផង និងសម្រាប់ប្រទេសជាតិ របស់យើងផង ។ ខ្ញុំសុំអង្វរបងប្អូន ឲ្យមានការយោគយល់ នៅក្នុងកាលៈទេសៈដ៏លំបាកនេះ ទោះបីស្រប ច្បាប់ ឬមិនស្របច្បាប់ ព្រះរាជាណាចក្រថៃ បានបង្កលក្ខណៈឱ្យបងប្អូន ដែលមិនស្របច្បាប់ អាចស្ថិតនៅទីនោះបាន។ ដូច្នេះបងប្អូន គួរតែស្ថិតនៅទីនោះ បន្តទៀត នេះជាសារពិសេស នៅក្នុងល្បឿនលឿនដែរ ត្រូវចាត់ការបន្ថែម ហើយបញ្ឈប់ការដឹកជញ្ជូន មកផ្នែកខាងក្រោយ តែត្រូវពង្រឹងសមត្ថភាព នៃការធ្វើចត្តាឡីស័ក នៅតាមព្រំដែនជំនួសវិញ បើទោះបីថា ច្រើនម៉ឺននាក់ តែយើងត្រូវតែខិតខំ ធ្វើចត្តាឡីស័ក នៅតាមព្រំដែន ដោយមិននាំមក នូវការពង្រាយមនុស្ស នៅខាងក្នុងនោះទេ ដែលនឹងនាំ ទៅដល់ ការរីករាលដាល នៅក្នុងសហគមន៍ ពេញផ្ទៃប្រទេសផងដែរ។ ដូច្នេះក្នុងគ្រប់ផ្នែក ដែលមានការពាក់ព័ន្ធជាពិ សេស គឺខេត្តនៅតាមព្រំដែនតែម្ដង ត្រូវតែពង្រឹង ទាំងតាមច្រកច្រកព្រំដែនផ្លូវការ និងច្រករបៀង កងកម្លាំងប្រដាប់អាវុធ ទាំងអស់ ត្រូវតែពង្រាយ ដើម្បីពិនិត្យមើលនូវចលនា នៃការធ្វើដំណើរ របស់ពលករ ពលការនីរបស់យើង ក្រែងមានការគេច រួចហើយ ប្រសិនជាមានការគេចរួច នៅទីនោះ នៅតាមព្រំដែនខេត្តទាំងអស់ នៅខាងក្រោយ ត្រូវតែពិនិត្យនូវចំនួនអ្នកដែលមិនបានឆ្លងកាត់ ការពិនិត្យសំណាក និងធ្វើចត្តាឡីស័ក នៅព្រំដែនឲ្យពួកគេបានធ្វើតេស្ត និងធ្វើចិត្តាឡីស័ក នៅឯផ្នែកខាងក្រោយ ។ នេះជាវិធានការ ដើម្បីប្រយុទ្ធប្រឆាំង បន្តទៀត ជាមួយនឹងកូវីដ-១៩។ ខ្ញុំបានបញ្ជាក់ថា យើងបានបិទបញ្ចប់ ព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា ប៉ុន្តែមិនមែនបានសេចក្តីថា កូវីដបានបញ្ចប់នោះទេ ។ ដូច្នេះហើយ បានជាយើង ត្រូវបន្តការប្រយុទ្ធ តទៀតចំនួន នេះជាចំនួនមួយ ដែលគួរអោយព្រួយបារម្ភ ដែលចាំបាច់ ត្រូវតែមានវិធានការ ជាបន្ទាន់ ៕/V