ដោយៈសុផល/ភ្នំពេញ៖ធនាគារ អេស៊ីលីដា ភីអិលស៊ី នារសៀលថ្ងៃទី៣១ខែធ្នូឆ្នាំ២០២០ បាន ប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនិមិត្តសញ្ញាថ្មីរបស់ខ្លួនគឺ«”និមិត្តរូបបក្សីសួគ៌”។ហេតុអ្វីបាន ជាធនាគារដ៏ធំមួយនេះ ផ្លាស់ប្តូរស្លាកសញ្ញាថ្មីហើយវាមានអត្ថន័យយ៉ាងណាដែរ?
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី បានថ្លែងឱ្យដឹងថា៖ គោលបំណងនៃការផ្លាស់ប្តូរស្លាកសញ្ញាថ្មីរបស់ធនាគារគឺចង់ឱ្យស្របតាម ទស្សនៈ បេសកកម្ម យុទ្ធសាស្ត្រ និងការអភិវឌ្ឍន៍ បច្ចេកវិទ្យាហិរញ្ញវត្ថុទាន់សម័យជាសកល។ បក្សីសួគ៌” ឈរនៅចំកណ្តាលរង្វង់មូលពណ៌ខៀវទឹកប៊ិកដែលបង្ហាញពីភាពរឹងមាំនិងវឌ្ឍនភាពប្រកបដោយចីរភាព។
លោកបណ្ឌិតបានគូសបញ្ជាក់ថា ៖ ចំណែកពណ៌នីមួយៗនៃស្លាកសញ្ញាថ្មី ពោរពេញដោយអត្ថន័យគឺមានបីពណ៌ គឺទី១- ពណ៌ស៖ តំណាងឲ្យអភិសមាចារ (តម្លាភាព ភាពស្មោះត្រង់ និងសុចរិតភាព), ទី២- ពណ៌មាស៖ តំណាងឲ្យគុណតម្លៃ និងគុណភាព និងទី៣ ពណ៌ខៀវទឹកប៊ិក តំណាងឲ្យសាមគ្គីភាព ស្ថិរភាពនិងសុវត្ថិភាព។រីឯពណ៌ទាំងបីបញ្ចូលគ្នាប្រៀបទៅនឹងគ្រាប់ពូជ និងធនធានដែលបានរីកដុះដាលនិងការអភិវឌ្ឍក្នុងវិស័យហិរញ្ញវត្ថុ ប្រកបដោយចីរភាព ។
បណ្ឌិត អ៊ីន ចាន់នី បានបញ្ជាក់បន្ថែមថា « ការផ្លាស់ប្តូររូបរាងស្លាកសញ្ញាថ្មីនេះ គឺដើម្បីរក្សានូវនិមិត្តរូប អត្តសញ្ញាណ និងអត្ថន័យ ដែលធនាគារបានកសាងជាង២៩ឆ្នាំកន្លងមក»។
លោកបណ្ឌិត អ៊ីន ចាន់នី បានមានប្រសាសន៍ថា«យើងមានសេចក្តីរីករាយដែលបានរួមចំណែកកសាងនូវប្រយោជន៍សម្រាប់ជាតិប្រកបដោយកតញ្ញូនិងកតវេទី។នេះជាស្នាដៃបានកើតឡើងពីធនធានមនុស្សដែលជាកម្មករនិយោជិតជនជាតិខ្មែរនិងមានការគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាលជាពិសេសធនាគារជាតិនៃកម្ពុជា អតិថិជននិងសាធារណជនដែលបានកសាងសមិទ្ធផលជាប្រយោជន៍យ៉ាងច្រើនជាបន្តបន្ទាប់»។
លោកបានបន្តថា៖ធនាគារប្តេជ្ញាបន្តអភិវឌ្ឍនូវសេវាកម្មតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយកាន់តែទាន់សម័យ មានសុវត្ថិភាពខ្ពស់ងាយស្រួលក្នុងការបម្រើសេវាជូនដល់អតិថិជន សាធារណជនគ្រប់មជ្ឈដ្ឋានក្នុងសហគមន៍ ទាំងវិស័យសាធារណៈនិងឯកជន ព្រមទាំងរក្សានូវគុណភាពបម្រើសេវាកម្មដ៏ល្អបំផុតក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។
សូមជម្រាបថា៖ក្នុងរយៈពេលជិត៣ទស្សវត្សរ៍នេះអេស៊ីលីដាបានផ្លាស់ប្តូរស្លាកសញ្ញាចំនួន៣ដងហើយគឺទី១និមិត្តរូបហង្សទី២អក្សរសុទ្ធនិងទី២បក្សីសួគ៌។ស្លាកសញ្ញាថ្មីនេះដាក់ឲ្យប្រើប្រាស់ជាផ្លូវការចាប់ពីខែមករាឆ្នាំ២០២១តទៅ។
ស្របគ្នាជាមួយនឹងផ្លាស់ប្តូរនិមិត្តសញ្ញាថ្មីនេះ App អេស៊ីលីដាទាន់ចិត្តក៏បានផ្លាស់ប្តូរមកជា ACLEDA Mobile ផងដែរ ដែល Appថ្មីនេះ នឹងជួយឲ្យប្រើប្រាស់កាន់តែមានភាពងាយស្រួលជាងមុន ខណៈដែលការប្រើប្រាស់ Appនេះ ក៏លែងបង់ថ្លៃសេវាប្រចាំខែទៀតហើយ ពោលគឺឥតគិតថ្លៃចំពោះការប្រើប្រាស់ App ACLEDA Mobile នេះ។
គួរបញ្ជាក់ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារពាណិជ្ជខ្មែរដ៏ធំទី១ ដែលបានចុះបញ្ជីបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក)នោះ មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ០៤ (បួន) គឺអេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា,ធនាគារអេស៊ីលីដា ឡាវ លីមីធីត,និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ានិងព្រមទាំងមានការិយាល័យតំណាងនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។
គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២០ នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួន ២៦,១០ ទ្រីលានរៀល (ឬ ៦,៣៧ ប៊ីលានដុល្លារអាមេរិក)សមតុល្យឥណទានសរុបចំនួន ១៦,៩៩ ទ្រីលានរៀល (ឬ ៤,១៤ ប៊ីលានដុល្លារអាមេរិក)និងប្រាក់បញ្ញើសន្សំសរុបចំនួន១៨,៥៦ ទ្រីលានរៀល (ឬ ៤,៥៣ ប៊ីលានដុល្លារអាមេរិក) និងចំនួនអ្នកចុះឈ្មោះប្រើប្រាស់សេវាធនាគារ ឌីជីថល អេស៊ីលីដាទាន់ចិត្ត ច្រើនជាង១,៦២លាននាក់ គិតត្រឹមដំណាច់ខែកញ្ញាឆ្នាំ២០២០៕Ph