ប្រែសម្រួល : កញ្ញាដាលីស/វ៉ាស៊ីនតោន ៖ មន្ទីរបញ្ចកោណបានសម្រេចចិត្តបញ្ជូននាវាផ្ទុកយន្តហោះចម្បាំងរបស់កងទ័ពជើងទឹកតែមួយគត់ដែលកំពុងធ្វើប្រតិបត្តិការនៅមជ្ឈិមបូព៌ាត្រឡប់ទៅស្រុកវិញ ជាចំណាត់ការមួយដែលនឹងកាត់បន្ថយកម្លាំងរបស់អាម៉េរិកនៅក្នុងតំបន់ ចំពេលមានភាពតានតឹងខ្លាំងឡើងជាមួយអ៊ីរ៉ង់។
សេចក្តីសម្រេចដែលបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ទី៣១ធ្នូដោយរដ្ឋមន្ត្រីស្តីទីនៃក្រសួងការពារជាតិលោកគ្រីស្តូហ្វើ មីលល័រ កើតឡើងមួយថ្ងៃបន្ទាប់ពីយន្តហោះទម្លាក់គ្រាប់បែក B-52បានហោះមិនឈប់ពីសហរដ្ឋអាម៉េរិកទៅកាន់ឈូងសមុទ្រពែក្សនៅក្នុងការសម្ញែងកម្លាំងដែលមន្ត្រីយោធានិយាយថាមានគោលបំណងដើម្បីព្រមានអ៊ីរ៉ង់កុំឱ្យអនុវត្តការវាយប្រហារណាមួយប្រឆាំងនឹងកងកម្លាំងឬផលប្រយោជន៍របស់អាម៉េរិក។
ការបញ្ជូននាវាផ្ទុកយន្ដហោះ USS Nimitz ត្រឡប់ទៅស្រុកវិញនៅឯឆ្នេរសមុទ្រអាម៉េរិកខាងលិចហាក់ដូចជាមិនទំនងសោះដោយហេតុថាគំនិតលើកឡើងអំពីការសម្ញែងកម្លាំងគឺមានភាពចាំបាច់ដើម្បីរារាំងអ៊ីរ៉ង់។ នេះអាចឆ្លុះបញ្ចាំងពីការបែកបាក់គ្នានៅក្នុងស្ថាប័នក្រសួងការពារជាតិជុំវិញថាតើអ៊ីរ៉ង់បង្កការគំរាមកំហែងខ្ពស់ក្នុងការវាយប្រហារនៅប៉ុន្មានថ្ងៃចុងក្រោយនៃរដ្ឋបាលរបស់ត្រាំឬអត់។
នៅក្នុងការប្រកាសអំពីការសម្រេចចិត្តបញ្ជូននាវា Nimitz ត្រឡប់មកស្រុកវិញ លោកមីលល័រមិនបាននិយាយអំពីអ៊ីរ៉ង់ទេ។
កាលពីដើមសប្តាហ៍នេះមន្ត្រីយោធាអាម៉េរិកម្នាក់ដែលដឹងអំពីស្ថានការណ៍បានប្រាប់អ្នកយកព័ត៌មានថាសហរដ្ឋអាម៉េរិកបានរកឃើញសញ្ញាថាអ៊ីរ៉ង់បានត្រៀមលក្ខណៈសម្រាប់ការវាយប្រហារដែលអាចកើតមានលើសហរដ្ឋអាម៉េរិកឬគោលដៅរបស់សម្ព័ន្ធមិត្តនៅក្នុងប្រទេសអ៊ីរ៉ាក់ឬកន្លែងផ្សេងទៀតនៅក្នុងតំបន់មជ្ឈិមបូព៌ា។ មន្ត្រីរូបនោះបាននិយាយក្នុងលក្ខខណ្ឌអនាមិកថានេះជាហេតុផលសម្រាប់ការបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-52 ចំនួន ២ គ្រឿងពីសហរដ្ឋអាម៉េរិកដើម្បីហោះរំលងមួយភ្លែតលើឈូងសមុទ្រពែក្សកាលពីថ្ងៃពុធ៕
អាម៉េរិកនឹងបញ្ជូននាវាផ្ទុកយន្ដហោះ USS Nimitz ត្រឡប់ទៅស្រុកវិញ