ដោយៈ មុនីរ័ត្ន,ស រិទ្ធ/ភ្នំពេញៈ តុលាការបានចេញដីកាកោះអញ្ជើញលោក អ៊ី សាំងឡេងអនុប្រធានគណបក្សសម្ព័ន្ធដើម្បី ប្រជាធិបតេយ្យ ដើម្បីចូលឆ្លើយបំភ្លឺពាក់ព័ន្ធនឹងការបរិហារកេរ្តិ៍ជាសាធារណៈ ជេរប្រមាថជាសាធារណៈញុះញង់ឱ្យប្រព្រឹត្ត បទឧក្រិដ្ឋជាអាទិ៍ នៅថ្ងៃទី២៦ ខែមករាខាងមុខនេះ។
ការកោះហៅអនុប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យចូលឆ្លើយបំភ្លឺបានធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានដាក់ពាក្យបណ្តឹងប្តឹងលោក អ៊ី សាំងឡេង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០។
លោកអ៊ី សាំងឡេង អនុប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ(រូបឯកសារ)
លោក អ៊ី សាំងឡេង អនុប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានថ្លែងប្រាប់រស្មីកម្ពុជាថា តុលាការបានចេញដីកាកោះអញ្ជើញរូបលោកឲ្យចូលឆ្លើយបំភ្លឺនៅរសៀលថ្ងៃទី២៦ ខែមករាខាងមុខនេះ។ ប៉ុន្តែចំពោះការចូលឆ្លើយបំភ្លឺ ឬមិនចូល លោកមិនទាន់អាចឆ្លើយប្រាប់បាននៅឡើយទេ ដោយចាំជួបជាមួយមេធាវីសិន។
ទាក់ទងបណ្តឹងរបស់គ.ជ.ប. លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប. បានមានប្រសាសន៍ប្រាប់រស្មីកម្ពុជាថា លោក កែវ ផល្លា ប្រធាននាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្ម នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងមេធាវី បានចូលទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញអំពីដំណើររឿងប្តឹងបុគ្គលឈ្មោះ អ៊ី សាំងឡេងអនុប្រធានគណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យពាក់ព័ន្ធបទបរិហារកេរ្តិ៍ជាសាធារណៈជេរប្រមាថជាសាធារណៈញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ កន្លងមកនេះ។
លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប. (រូបឯកសារ)
អគ្គលេខាធិការរងគ.ជ.ប.បានបន្តថាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)បានដាក់ពាក្យបណ្តឹងប្តឹងបុគ្គលឈ្មោះ អ៊ី សាំងឡេង អនុប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ពាក់ព័ន្ធបទបរិហារកេរ្តិ៍ជាសាធារណៈ ជេរប្រមាថជាសាធារណៈ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ មូលហេតុនៃការប្តឹងដោយសារតែឈ្មោះ អ៊ី សាំងឡេងបានបរិហារកេរិ៍តឈ្មោះកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ថាប័ន គ.ជ.ប .ដោយចោទថា គ.ជ.ប គឺជាចោរ និងបំផ្លាញជាតិ…។
គ.ជ.ប. បានស្នើសុំឱ្យព្រះរាជអាជ្ញា ធ្វើការចោទប្រកាន់ ចំនួន ៣ បទលើ្មស រួមមានៈ បរិហារកេរ្តិ៍ជាសាធារណៈ ជេរប្រមាថ ជាសាធារណៈ ញុះញង់ឱ្យ ប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។
លោក សោម សូរីដា បានបន្តថា ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ក៏បានកំណត់អំពីព្រំដែននៃសិទ្ធិនេះដែរថា មិនត្រូវប្រើប្រាស់សិទ្ធិរបស់ខ្លួន ធ្វើឱ្យប៉ះពាល់ដល់បុគ្គលដទៃ និងសង្គមជាតិ ៖ ប៉ះពាល់ដល់បុគ្គល រួមមាន ការប៉ះពាល់ ដល់សិទ្ធិខាងរូបភាពសិទ្ធិលំនៅ ឋាន និងការបរិហារកេរ្តិ៍ផ្សេងៗ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយសបុគ្គល ដែលបុគ្គលនៅ ទីនេះ រួមមាន ទាំងរូបវន្តបុគ្គល និងនីតិបុគ្គល។ ការប៉ះពាល់ដល់សង្គមជាតិ ដូចជា ការប្រើសិទ្ធិនោះ នាំឱ្យប៉ះពាល់ដល់ សណ្តាប់ធ្នាប់សាធារណៈធ្ងន់ធ្ងរ ឬមានចរិតលក្ខណៈ ញុះញង់ ដែលនាំឱ្យបាត់បង់ នូវសន្តិសុខជាតិ។
លោកបានបន្តថា ការចែកចាយព័ត៌មាន ឬបញ្ចេញមតិ តាមរយៈបណ្តាញសង្គមដោយធ្វើ ការអះអាងបំផ្លើស ឬការទម្លាក់កំហុស ដោយទុច្ចរិត ដែលនាំឱ្យប៉ះពាល់ ដល់កិត្តិយស ឬកិត្តិសព្ទរបស់អ្នកដទៃ ឬស្ថាប័នណាមួយ រួមទាំងការចែកចាយព័ត៌មាន មិនពិតដែលមាន លក្ខណៈញុះញង់ ឱ្យមានការប្រព្រឹត្តអំពើហិង្សា ឬបង្កអសន្តិសុខដល់សង្គម គឺជាបទល្មើស ព្រហ្មទណ្ឌ ដែលអ្នកប្រព្រឹត្ត ត្រូវទទួលទោសតាមច្បាប់ជាធរមាន។
សូមជម្រាបថា គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នៅនៅរសៀល ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ នេះ បានដាក់ពាក្យបណ្តឹង ប្តឹងឈ្មោះ អ៊ី សាំងឡេង ទៅកាន់សាលាដំបូង រាជធានីភ្នំពេញ។ មូលហេតុនៃការប្តឹងដោយសារតែឈ្មោះ អ៊ី សាំងឡេង បានបរិហារកេរិ៍តឈ្មោះ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ថាប័ន គ.ជ.ប ថា “ច្បាស់ណាស់ គ.ជ.ប មួយនេះគឺជាចោរ! គឺជាចោរបំផ្លាញជាតិ របស់ពួកយើង ដ៏អាក្រក់បំផុត! គឺពួកគេនេះហើយ ជាអ្នកអនុវត្ត ផែនការ ចុះឈ្មោះមនុស្ស ដោយខុសច្បាប់ ដើម្បីធានាថាបរទេសនៅតែអាចត្រួតត្រា ខ្មែរបាននោះ! ភស្តុតាងនេះ វាច្បាស់ជាងថ្ងៃទៅទៀត។ ខ្ញុំថាពួកគេគឺជាចោរបែបនេះ ចាំមើលគេមានអ្វីយកមកបដិសេធទៀតមើល!” ។ នេះបើយោងតាមសេចក្តីប្រកាស ព័ត៌មានរបស់ គ.ជ.ប កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០៕សរន