ដោយៈម៉េងឆៃ/ ភ្នំពេញៈ ក្នុងខែមករា ឆ្នាំ២០២០ មានព្រឹតិ្តការណ៍ជាតិសំខាន់ៗជាច្រើនបានកើតឡើង។ រស្មីកម្ពុជា សូមលើកយកព្រឹត្តិការណ៍ជាតិសំខាន់ៗ ចំនួន ៦ មកបង្ហាញ ដែលរួមមាន៖ ១-សាររបស់សម្តេចតេជោ ហ៊ុន សែន «អរគុណសន្តិភាព» ២-ការបាក់រលំអគារ ៦ជាន់ នៅខេត្តកែប ៣-ស្លាកលេខរថយន្តពិសេសផ្ទាល់ខ្លួន ត្រូវបានបើកឲ្យដំណើរការជាផ្លូវការ ៤-ជំនួបអ្នកកាសែត និងនាយករដ្ឋមន្ត្រី រំលេចនូវសារ «កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត» ៥-សវនាការជំនុំជម្រះ លោក កឹម សុខា ពីទោសក្បត់ជាតិ និង ៦-កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ដំបូងគេ ជាជនជាតិចិន នៅខេត្តព្រះសីហនុ។
១- «អរគុណសន្តិភាព» ជាសារនយោបាយដំបូងរបស់សម្តេចតេជោ ហ៊ុន សែន នៅដើមឆ្នាំ២០២០
នៅថ្ងៃចូលឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២០ នេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសារនយោបាយថ្មីមួយ។ សម្តេច បានលើកឡើងថា បងប្អូនប្រជាពលរដ្ឋ និងកូនក្មួយនៅទូទាំងប្រទេស បានចូលរួមឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំសកល ថ្មី ឆ្នាំ២០២០ កាលពីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្លងចូលថ្ងៃទី០១ ខែមករា ក្នុងបរិយាកាសសប្បាយរីករាយក្រៃលែង ទាំងនៅក្នុង និងក្រៅប្រទេស។ ឱកាសនៃការចូលរួមអបអរសាទរ និងកំសាន្តសប្បាយ នៅក្នុងពិធីបុណ្យតូចធំទាំងអស់នេះបាន គឺដោយសារប្រទេសជាតិយើង មានសុខសន្តិភាព។ គ្មានសន្តិភាព គឺគ្មានអ្វីៗទាំងអស់។ សារនយោបាយដើមឆ្នាំ២០២០ «អរគុណសន្តិភាព» របស់សម្តេចតេជោ ទទួលបាននូវការគាំទ្រពេញផ្ទៃប្រទេស។ ស្លាកអក្សរទាំងផ្ទាំងៗ ត្រូវបានតាំងនៅតាមផ្លូវសាធារណៈ អគារនានា ក្រសួង មន្ទីរ និងនៅតាមសាលារៀន ជាដើម។
២-បាក់រលំអគារ ៧ជាន់ នៅខេត្តកែប
កាលពីម៉ោងជាង ៤ល្ងាច ថ្ងៃទី៣ ខែមករា អគារកម្ពស់ ៧ជាន់ ដែលកំពុងសាងសង់ នៅតាមផ្លូវឡើងទៅមណ្ឌលវិប្បសនាធុរៈ ក្នុងក្រុងកែប ខេត្តកែប បានបាក់រលំទាំងស្រុង។ ភ្លាមៗ សមត្ថកិច្ចខេត្តកែប បានបញ្ជាក់ថា យ៉ាងហោចណាស់ ក៏មានកម្មករ ដែលកំពុងធ្វើការ ក្នុងការដ្ឋាននោះ ពី ២០ ទៅ ៣០នាក់។ ប្រតិបត្តិការជួយសង្គ្រោះ ក៏ត្រូវបានធ្វើឡើងជាបន្ទាន់ ដោយមានវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញចេញពីភ្នំពេញ ទៅកាន់ខេត្តកែប ទាំងយប់ផងដែរ។
ក្រុមរុករកសង្គ្រោះ បានជួយកម្មករចេញពីគំនរអគារបាក់បែក រួមទាំងសាកសពជាបន្តបន្ទាប់។ ព្រឹត្តិការណ៍បាក់រលំអគារ ៧ជាន់ នៅខេត្តកែប នាថ្ងៃទី០៣ ខែមករា មានអ្នកស្លាប់សរុប ៣៦ នាក់ និងអ្នករងគ្រោះ ២៣នាក់។
៣-ផ្លាកលេខរថយន្តពិសេសផ្ទាល់ខ្លួន ត្រូវបានបើកឲ្យដំណើរការជាផ្លូវការ
ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៧ខែមករាបានដាក់ឲ្យដំណើរការជាផ្លូវការលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន សម្រាប់រថយន្ត។ ស្លាកលេខពិសេសនេះ គឺម្ចាស់យានយន្ត អាចកំណត់អក្សរ ឬលេខ ទៅតាមអ្វីដែលខ្លួនចង់បាន ហើយក៏អាចយកស្លាកលេខនេះ ទុកប្រើប្រាស់ពេញមួយជីវិតផងដែរ។ ស្លាកលេខពិសេសផ្ទាល់ខ្លួននេះ មានតម្លៃចាប់ពី ៥លានរៀល រហូតដល់ ១០០០ លានរៀល ហើយក៏ទទួលបាននូវការគាំទ្រ និងការរិះគន់ផងដែរ។
៤-ជំនួបអ្នកកាសែត និងនាយករដ្ឋមន្ត្រី រំលេចនូវសារ «កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត»
កាលពីល្ងាចថ្ងៃទី១៤ ខែមករា សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញសំណេះសំណាល និងទទួលទានអាហារសាមគ្គី ជាមួយអ្នកសារព័ត៌មាន ជិត ៦០០០នាក់។ ក្នុងជំនួបប្រចាំឆ្នាំ លើកទី៤ នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សេចក្តីព្រាងច្បាប់ ស្តីពី សិទ្ធិទទួលបានព័ត៌មាន នឹងលេចចេញជារូបរាង នៅឆ្នាំ២០២០នេះ។ សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន មាន ៩ជំពូក និង ៣៨មាត្រា ត្រូវបានក្រសួងព័ត៌មាន និងក្រសួងពាក់ព័ន្ធនានា រៀបចំតាក់តែងឡើងអស់រយៈពេលប្រមាណ ៧ឆ្នាំហើយ គិតមកត្រឹម ឆ្នាំ២០២០នេះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសឲ្យអ្នកកាសែត គោរពគោលការណ៍ «កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត»។ សម្តេចតេជោ ក៏បានប្រកាសផ្តល់មេធាវីការពារអ្នកកាសែត ដែលគោរពតាមវិជ្ជាជីវៈ ហើយត្រូវគេប្តឹងឡើងតុលាការ ផងដែរ។
៥-សវនាការជំនុំជម្រះ លោក កឹម សុខា ពីទោសក្បត់ជាតិ
កាលពីព្រឹកថ្ងៃទី១៥ ខែមករា ចៅក្រមតុលាការសាលាដំបូងរាជធានីភ្នំពេញ បានចាប់ផ្តើមសវនាការលើសំណុំរឿងលោក កឹម សុខា ជាប់ចោទពីបទក្បត់ជាតិ។ លោក កឹម សុខា អមដោយក្រុមមេធាវី ៤រូប បានចូលរួមក្នុងសវនាការ។ ក្នុងពេលចូលរួមសវនាការ លោក កឹម សុខា បានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយបដិសេធនូវការចោទប្រកាន់ ខណៈមេធាវីរាជរដ្ឋាភិបាល អះអាងថា មានប្រទេសចំនួន ៩ ពាក់ព័ន្ធនឹងបទល្មើសលោក កឹម សុខា ក្នុងសំណុំរឿង សន្ទិដ្ឋិភាពជាមួយបរទេស ឬអំពើក្បត់ជាតិ។ សវនាការ ជំនុំជម្រះសំណុំរឿងលោកកឹមសុខា បានធ្វើឡើងជាច្រើនថ្ងៃ រហូតដល់ពាក់កណ្តាលខែមីនា សវនាការត្រូវបានផ្អាក ដោយសារតែការឆ្លងរីករាលជំងឺកូវីដ១៩។
៦-កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ដំបូងគេ ជាជនជាតិចិន នៅខេត្តព្រះសីហនុ
កាលពីព្រលប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ រដ្ឋមន្ត្រីសុខាភិបាល លោក ម៉ម ប៊ុនហេង បានប្រកាសពីការរកឃើញបុរសជនជាតិចិនម្នាក់ វ័យ ៦០ឆ្នាំ ផ្ទុកវីរុសរលាកសួតថ្មី បង្កឡើងដោយមេរោគ កូរ៉ូណា ( កូវីដ១៩ ) នៅក្នុងខេត្តព្រះសីហនុ។ បុរសចិននេះ ត្រូវបានទទួលការព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដោយគ្រូពេទ្យ នៅក្នុងបន្ទប់មួយដាច់ដោយឡែកតែម្នាក់ឯង និងស្ថិតក្នុងការត្រួតពិនិត្យ ព្យាបាលយ៉ាងយកចិត្តទុកដាក់។ បុរសជនជាតិចិននេះ បានធ្វើដំណើរមកពីទីក្រុងវូហាន ប្រទេសចិន កាលពីថ្ងៃទី២៣ ខែមករា ចូលមកខេត្តព្រះសីហនុ។ នៅដើមខែកុម្ភៈ បុរសជនជាតិចិននេះ បានជាសះស្បើយពីជំងឺកូវីដ១៩ ហើយបានចាកចេញពីខេត្តព្រះសីហនុ ជាមួយក្រុមគ្រួសារ ទៅប្រទេសចិនវិញ៕សរន