ប្រែសម្រួលៈវាសនា/បាងកក៖ ថៃនៅថ្ងៃ០១មករា ឆ្នាំ២០២១នេះ បានរាយការណ៍មនុស្សស្លាប់២នាក់ដោយសារជំងឺកូវីដ១៩ និង២៧៩នាក់ទៀតឆ្លងវីរុសកូរ៉ូណា ចំពេលមានការព្រួយបារម្ភថានិន្នាការនេះនឹងនៅបន្តដោយសារមនុស្សរាប់ម៉ឺនរាប់សែននាក់ធ្វើដំណើរក្នុងអំឡុងពេលឈប់សម្រាកចូលឆ្នាំសកលនេះ។
តួលេខថ្មីនេះនាំអោយថៃមានអ្នកស្លាប់ដោយកូវីដ១៩កើនដល់៦៣នាក់និងឆ្លង៧.១៦៣នាក់ នេះបើតាមមជ្ឈមណ្ឌលគ្រប់គ្រងសភាពការណ៍កូវីដ១៩ថៃ។
មជ្ឈមណ្ឌលនេះបាននិយាយថា អ្នកស្លាប់ថ្មីជាបុរសអាយុ៤៤ឆ្នាំដែលបានទៅចូលភោជ្ជនីយដ្ឋានមួយនៅបាងកក និងបុរសអាយុ៧០ឆ្នាំដែលបានចូលពីមីយ៉ាន់ម៉ាមកក្នុងប្រទេសថៃដោយខុសច្បាប់កាលពីថ្ងៃអង្គារ។
ក្នុងចំណោមអ្នកឆ្លងថ្មីទាំង២៧៩នាក់ មាន២៥៧នាក់ឆ្លងក្នុងស្រុក រួមមានអ្នកឆ្លងពីការផ្ទុះកូវីដ១៩ជាកញ្ចុំនៅសាមុត សាខនចំនួន៣នាក់ រ៉ាយ៉ង ២នាក់ និងឈុន ប៊ូរី ម្នាក់ នៅពេល១៦នាក់ទៀតជាអ្នកមានវិជ្ជាជីវៈងាយនឹងប្រឈមការឆ្លង។
អ្នកឆ្លងក្នុងស្រុក២៣៥នាក់ទៀត កំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។
កូវីដ១៩នៅថៃឥឡូវរីករាលដាលដល់៥៣ខេត្តដោយខេត្តសា កែវ និងឡាំភូន ជាខេត្តត្រូវបានរកឃើញអ្នកឆ្លងកូវីដ១៩ចុងក្រោយគេ។
ការឈប់សម្រាកចុងឆ្នាំរយៈពេល៤ថ្ងៃបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍និងចប់នៅថ្ងៃអាទិត្យ។ការព្រួយបារម្ភឥឡូវនេះគឺការឆ្លងវីរុសច្រើនទៀតនឹងកើតឡើងនៅប៉ុន្មានថ្ងៃខាងមុខដោយសារមនុស្សអាចចម្លងវីរុសទៅកាន់អ្នកដទៃនៅតាមផ្ទះ ឬនៅតាមកន្លែងទេសចរណ៍៕
អ្នកដំណើរថៃរង់ចាំរថយន្តក្រុងទៅកាន់គោលដៅរបស់គេ។អាជ្ញាធរថៃបារម្ភអំពីការកើនឡើងនៃការឆ្លងកូវីដ១៩ក្រោយការឈប់សម្រាកដំណាច់ឆ្នាំ៤ថ្ងៃ