ក្រុមការងារ​ឆ្លើយតប​បន្ទាន់ តាម​ស្រាវជ្រាវ អ្នក​ជាប់​ពាក់ព័ន្ធ ជាមួយ​ស្ត្រី​ខ្មែរ ២ នាក់ ដែល​ឆ្លង​កូ​វីដ​១៩ មកពី​ប្រទេស​ថៃ​

ដោយៈ គ្រញូង / បាត់ដំបងៈ ថ្នាក់ដឹកនាំ​មន្ទីរ​សុខាភិបាល​ខេត្ត បាន​ឲ្យ​ដឹង នៅ​ព្រឹក​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២១​ថាៈ ក្រុមការងារ​ឆ្លើយតប​បន្ទាន់ នៃ​មន្ទីរ​សុខាភិបាល ខេត្តបាត់ដំបង បាន​កំពុង​ចុះ​ស្រាវជ្រាវ រក​អ្នក​ដែល​បាន​ពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល ជាមួយ​ស្ត្រី​ខ្មែរ ២​នាក់ ដែល​ឆ្លង​កូ​វីដ ១៩ មកពី​ប្រទេស​ថៃ​។​

​លោក​ឱសថ​បណ្ឌិត វឿ​ង ប៊ុន​រ៉េត ប្រធាន​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្តបាត់ដំបង បាន​មានប្រ សាសន៍ថាៈ ចាប់ពី​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២០ នេះ​តទៅ ក្រុមការងារ​ឆ្លើយតប​បន្ទាន់​ខេត្ត បាន​ចាត់តាំង​កម្លាំង ចុះ​តាមដាន​ស្រាវជ្រាវ រក​អ្នក​ដែល​បាន ប៉ះពាល់​ផ្ទាល់ និង​ប្រយោល ជាមួយ​ស្ត្រី​ខ្មែរ ២ នាក់ ឆ្លង​កូ​វីដ ១៩ ដែល​ទើប​មកពី​ប្រទេស​ថៃ ដើម្បី​ទប់ស្កាត់​ជំងឺ​នេះ កុំ​ឲ្យ​ឆ្លង​ចូល​សហគមន៍​។​

​លោក បាន​ប្រាប់ថាៈ ស្ត្រី​ដែល​ឆ្លង​កូ​វីដ ១៩ ចំនួន ២ នាក់​នោះ មាន​ម្នាក់ អាយុ ៣៦ ឆ្នាំ នៅ​ភូមិ​អូរ​ដា ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង ធ្វើការ​នៅកាស៊ី​ណូ ខេត្ត​ចន្ទ​បុរី ប្រទេស​ថៃ មក​កម្ពុជា តាម​ច្រករបៀង ចាន់ គី​រី ថ្ងៃទី​២៨ ខែធ្នូ កន្លងទៅ មិនមាន​ចេញ​រោគសញ្ញា ត្រូវបាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​វិទ្យាល័យ​កំរៀង ស្រុក​កំរៀង ខេត្តបាត់ដំបង និង​បាន​យក​សំណាក ថ្ងៃទី​២៩ ធ្នូ កន្លងទៅ និង​ដឹង​លទ្ធផល វិជ្ជមាន​កូ​វីដ​១៩ នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០​។​

​លោក បាន​បន្តថាៈ អ្នក​សម្រាក​នៅក្នុង​បន្ទប់ ២ នាក់ ជាមួយ​ស្ត្រី​នោះ ត្រូវ​តាមដាន​យ៉ាង​យកចិត្តទុកដាក់ ដោយបាន​យក​សំណាក ម្ដងទៀត នៅ ៤៨ ម៉ោង​ក្រោយ ។ ចំណែក​ស្ត្រី​ខ្មែរ​ម្នាក់ទៀត មាន​អាយុ ៣៣ ឆ្នាំ នៅ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ជា​អ្នកលក់​ខោអាវ នៅ​ខេត្ត​ចន្ទ​បុរី ប្រទេស​ថៃ មក​តាម​ច្រក​អូរ​ដា នៅ​ថ្ងៃទី​២៩ ខែធ្នូ ត្រូវបាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​វិទ្យាល័យ ពេជ្រ ចិន្តា ស្រុក​ភ្នំព្រឹក មិនមាន​ចេញ​រោគសញ្ញា បាន​យក​សំណាក នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ ២០២០ ។​

​លោក បាន​បន្តថាៈ អ្នក​សម្រាក​នៅ​បន្ទប់ ៦ នាក់ ជាមួយ​ស្ត្រី​នោះ ត្រូវបាន​តាមដាន យ៉ាង​ហ្មត់ចត់ និង​ត្រូវយក​សំណាក​ម្ដងទៀត នៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២១ នេះ​។​

​លោក​បាន​បញ្ជាក់ថាៈ រយៈពេល ១០ ថ្ងៃនេះ មាន​ពលករ​ខ្មែរ មកពី​ថៃ សរុប ចំនួន ១.២៦៦ នាក់ ស្រី ៥៣៧ នាក់ ក្នុងនោះ ចូល​តាម​ច្រក ខេត្តបាត់ដំបង ចំនួន ៧៣១ នាក់ ស្រី ៣០៧ នាក់ យក​សំណាក សរុប ១.០២០​នាក់ ស្រី ៤១៦ នាក់ ក្នុង​ខេត្ត ចំនួន ៦៤១ នាក់ ស្រី ២៥៦ នាក់ ក្នុងនោះ មាន ២ នាក់ មាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង ។​

​គួរ​បញ្ជាក់ថា គិត​ត្រឹម​ព្រឹក ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០ កម្ពុជា បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ ១៩ សរុប​ចំនួន ៣៦៦ នាក់ ក្នុងនោះ ព្យាបាល​ជាសះស្បើយ សរុប​ចំនួន ៣៦១ នាក់ និង​អ្នកជំងឺ ៥ នាក់ កំពុង​ទទួល​ការព្យាបាល នៅ​មន្ទីរពេទ្យ​៕/V

លោក​ឱសថ​បណ្ឌិត វឿ​ង ប៊ុន​រ៉េត ប្រធាន​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្តបាត់ដំបង

ក្រុមការងារ​ឆ្លើយតប​បន្ទាន់ តាម​ស្រាវជ្រាវ អ្នក​ជាប់​ពាក់ព័ន្ធ ជាមួយ​ស្ត្រី​ខ្មែរ ២ នាក់ ដែល​ឆ្លង​កូ​វីដ​១៩ មកពី​ប្រទេស​ថៃ​

ក្រុមការងារ​ឆ្លើយតប​បន្ទាន់ តាម​ស្រាវជ្រាវ អ្នក​ជាប់​ពាក់ព័ន្ធ ជាមួយ​ស្ត្រី​ខ្មែរ ២ នាក់ ដែល​ឆ្លង​កូ​វីដ​១៩ មកពី​ប្រទេស​ថៃ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular