ប្រែសម្រួលៈវាសនា/បាងកក៖រដ្ឋធានីថៃនឹងបិទសាលារៀនទាំងអស់់រយៈពេល២សប្តាហ៍ក្រោយការឈប់សម្រាកចូលឆ្នាំសកល នៅពេលខ្លួនរឹតបន្តឹងវិធានការគ្រប់គ្រងការផ្ទុះជំងឺកូវីដ១៩នៅរលកថ្មី ។
ថៃកាលពីថ្ងៃសុក្រ បានរាយការណ៍ការឆ្លងវីរុសកូរ៉ូណាចំនួន២៧៩នាក់បន្ថែម ដោយភាគច្រើនជាប់ពាក់ព័័ន្ធនឹងការឆ្លងវីរុសជាចង្កោមនៅខេត្តសាមុត សានខាងត្បូងក្រុងបាងកកកាលពីកន្លះខែមុន និងការផ្ទុះជាចង្កោមមួយទៀតចេញពីវង់ល្បែងខុសច្បាប់នៅក្នុងខេត្តរ៉ាយ៉ង។
ការឆ្លងជាចង្កោមថ្មីទាំងនេះ បានចាប់ផ្តើមរីករាលដាលទៅកាន់ទីក្រុងបាងកក នាំអោយអាជ្ញាធររឹតបន្តឹងវិធានការទប់ស្កាត់ការរីករាលដាលវីរុស។
អ្នកនាំពាក្យក្រុងបាងកកបាននិយាយថា«យើងបានរកឃើញករណីឆ្លងថ្មីពាក់ព័ន្ធនឹងសិស្សនិងអាជីវកម្មសេវាផ្សេងៗ។ដូច្នេះ យើងបានសំរេចចិត្តបិទទីកន្លែងជាច្រើនទៀត»។
សាលារៀនទាំងអស់ និងកន្លែងមើលថែក្មេងនិងមនុស្សចាស់ នឹងបិទចាប់ពីថ្ងៃ៤មករា ដល់ថ្ងៃ១៧មករា នៅពេលកន្លែងសាធារណៈដទៃទៀត រួមមានឧទ្យាន សារមន្ទីរ កន្លែងក្មេងលេង កន្លែងងូតទឹកសាធារណៈ និងកន្លែងម៉ាស្សា នឹងត្រូវបិទចាប់ពីថ្ងៃសៅរ៍។
អាជ្ញាធរក៏កំពុងពិចារណារឹតត្បិតការអង្គុយទទួលទានអាហារនៅតាមភោជ្ជនីយដ្ឋានផងដែរ។
ថៃបានកត់ត្រាអ្នកស្លាប់ដោយកូវីដ១៩ចំនួន២នាក់បន្ថែមកាលពីថ្ងៃសុក្រ ធ្វើអោយចំនួនអ្នកជំងឺកូវីដ១៩ស្លាប់សរុបកើនដល់៦៣នាក់៕
គ្រប់សាលារៀន និងមណ្ឌលមើលថែកុមារនិងមនុស្សចាស់ នឹងបិទទាំងអស់នៅបាងកកចាប់ពីថ្ងៃ០៤ដល់ថ្ងៃ១៧មករា