Home ព័ត៌មានជាតិ នយោបាយ នាយកប្រតិបត្ត...

នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត : សម រង្ស៊ី មានផ្នត់គំនិតអវិជ្ជមានចំពោះព្រះមហាក្សត្រគឺជាទង្វើខុសឆ្គងដ៏ធំ

ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ នាយកប្រតិបត្តិ នៃអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ បានថ្លែងថា លោក សម រង្ស៊ី មានផ្នត់គំនិតអវិជ្ជមានចំពោះព្រះមហាក្សត្រ គឺជារឿងមិនល្អ និងជាទង្វើខុសឆ្គងដ៏ធំរបស់មេដឹកនាំនយោបាយខ្មែរម្នាក់។ ទង្វើអសីលធម៌នេះ ជាវប្បធម៌អាក្រក់បំផុតដែលបានសាបព្រោះចូលទៅក្នុងសង្គមកម្ពុជា។ វប្បធម៌នយោបាយទំនើងបែបនេះ មិនអាចទទួលបានការគាំទ្រពីម្ចាស់ឆ្នោតឡើយ។

លោក សេក សុជាតិ បានបន្តថា លោក សម រង្ស៊ី ជាបណ្ឌិតម្នាក់ ជាបញ្ញវន្តជាតិថ្នាក់ខ្ពស់ម្នាក់ និងជាអ្នកដឹកនាំនយោបាយដ៏ពូកែម្នាក់ ប៉ុន្តែបានបង្កើតកំហុសមួយដ៏ធំ ដែលក្នុងនាមលោក និងបញ្ញវន្តជាតិដទៃទៀត មិនអាចទទួលយកនូវការប្រមាថរបស់គាត់ទៅលើព្រះមហាក្សត្រខ្មែរបានឡើយ។ លោកស្នើសុំឲ្យលោក សម រង្ស៊ី ផ្លាស់ប្ដូរគំនិតអសីលធម៌បែបទំនើងនេះចេញ និងប្រកាសសន្យាឈប់បន្តវប្បធម៌ប្រមាថព្រះប្រមុខរដ្ឋ (ព្រះមហាក្សត្រ) របស់ខ្លួនជាសាធារណៈ។

លោកបន្តទៀតថាលោក សម រង្ស៊ី គួរបន្តនយោបាយខ្លួនដោយសុចរិតភាព កុំខឹងគូរប្រជែងអំណាចខ្លួន យកឈ្នះគេមិនបាន ងាកមកមើលងាយ ជេរប្រមាថខ្មែរ និងព្រះមហាក្សត្រខ្លួនឯងឲ្យសោះ។ វប្បធម៌ខឹងគោ វ៉ៃរទេះបែបនេះ មិនអាចធ្វើឲ្យអ្នក នយោបាយផ្លាស់ប្ដូរលទ្ធផលបានទេដូច្នេះលោក សម រង្ស៊ី គួរតែ ឬត្រូវតែលះបង់ចោលទៅនូវគំនិតជ្រុលនិយម ឬអាចទៅពេទ្យពិនិត្យសុខភាពផ្លូវចិត្តខ្លះទៅ ដើម្បីកុំឲ្យសម្ពាធផ្លូវចិត្តតឹងតែងពេក នាំឲ្យមានជំងឺបាក់ទឹកចិត្តខ្លាំងក្លាជាងនេះបន្ថែមទៀត

នាយកប្រតិបត្តិ នៃអង្គការអភិវឌ្ឍន៍ផ្នត់គំនិត បានបន្តទៀតថា លោក សម រង្ស៊ី សូមកុំធ្វើឲ្យកំហុសប្រមាថព្រះមហាក្សត្រម្ដងហើយម្ដងទៀត ទាញទម្លាក់កិត្តិយសខ្លួនឯង ដែលជាអ្នកនយោបាយឲ្យរលាយម្ដងហើយម្ដងទៀតយ៉ាងដូច្នេះ។ លោកជាបញ្ញវន្តជាតិ អ្នកនយោបាយជាតិ មិនគួរណាខ្វះសីលធម៌ល្អនោះទេ ដូច្នេះសូមលោកកុំធ្វើជាគំរូអ្នកនយោបាយបែបមនុស្សព្រៃ និងសាបព្រោះនយោបាយពាលដល់សង្គមជាតិខ្លួនឯងបែបនេះ។ អ្នកនយោបាយល្អ មិនប្រើគំនិតល្ងង់ខ្លៅ លាបពណ៌គេ ចោទបំពានគេ ដើម្បីលើកខ្លួនឯងនោះឡើយ។ សូមងាកមកធ្វើនយោបាយសុចរិតវិញដើម្បីរក្សាគុណតម្លៃនៃភាពជាបញ្ញវន្តជាតិ និងជាអ្នកនយោបាយជាតិរបស់ខ្លួនសារឡើងវិញ។

ទាក់ទងការប្រមាថព្រះមហាក្សត្រ តុលាការបានសម្រេចចោទប្រកាន់ទណ្ឌិត សម រង្ស៊ី ពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ ដោយអនុលោមតាមមាត្រា ៤៣៧ (ស្ទួន) នៃក្រមព្រហ្មទណ្ឌដែលត្រូវប្រឈមនឹងការផ្តន្ទានទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ ៥ឆ្នាំ។ ការចោទប្រកាន់នេះ គឺដោយលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ការចោទប្រកាន់នេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០បានផ្ញើលិខិតមួយទៅលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យចាត់វិធានការតាមច្បាប់ជាបន្ទាន់ និងតឹងរឹងបំផុត ចំពោះទណ្ឌិត សម រង្ស៉ី ដែលប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះអង្គព្រះមហាក្សត្រកម្ពុជា។

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានចាត់ទុកថា «ខ្លឹមសារនៃសារដែលឈ្មោះសម រង្ស៉ី បាននិងកំពុងផ្សព្វផ្សាយជាសាធារណៈតាមរយៈបណ្តាញសង្គមនេះ គឺជាការប្រមាថចំពោះអង្គព្រះមហាក្សត្រដោយបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូរ និងព្រះកិត្តិនាមរបស់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្រ្តខ្មែរទូទាំងប្រទេស»

លោករដ្ឋមន្រ្តី បានបន្តថា ទង្វើនេះគឺជាការរំលោភបំពានលើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានកំណត់ជាបទល្មើសព្រហ្មទណ្ឌដែល មានចែង និងផ្តន្ទាទោសតាមបញ្ញត្តិនៃមាត្រា៤៣៧ស្ទួន នៃក្រមព្រហ្មទណ្ឌ៕srn

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular