ដោយ: ភ្នំស្វាយ / បន្ទាយមានជ័យ :រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិតម៉ម ប៊ុនហេងនិងប្រតិភូ កាលពីថ្ងៃទី១ខែមករាឆ្នាំ២០២១ បានចុះត្រួតពិនិត្យដំណើរការមណ្ឌលចត្តាឡីស័កកម្រិត១និងកម្រិត២ លើពលរដ្ឋកម្ពុជាដែលត្រឡប់ពីប្រទេសថៃ នៅខេត្តនានាជាប់ព្រំដែនកម្ពុជាថៃ ដូចជានៅខេត្តប៉ៃលិន បាត់ដំបង បន្ទាយ មានជ័យ ឧត្តរមានជ័យ។
លោករដ្ឋមន្ត្រីនិងប្រតិភូបានចុះត្រួតពិនិត្យជាក់ស្តែង ស្តាប់របាយការណ៍ វាយតម្លៃ ហើយឆ្លើយតបលើដំណើរការសេវាសុខាភិបាលនៃមណ្ឌលចត្តាឡីស័កកម្រឹត១(QC1) និងកម្រឹត២(QC2) ថ្នាក់ស្រុក/ក្រុងនិងថ្នាក់ខេត្តនានា។
គួរបញ្ជាក់ថា ដំណើរបេសកកម្មនេះ បានធ្វើឡើងបន្ទាន់នៅបន្ទាប់ពីរកឃើញវិជ្ជមានមេរោគកូវីត១៩ លើពលករខ្មែរដែលត្រឡប់ពីប្រទេសថៃ ខណៈមានការផ្ទះុករណីថ្មីៗជាច្រើននៃព្រឹត្តិការរណ៍កូវីត ១៩ សហគមន៍ថៃនាពេលនេះ ។
លុះដល់ពេលព្រលប់ដដែល លោកបានទៅដល់ខេត្តបន្ទាយមានជ័យ ។លោកវេជ្ជបណ្ឌិតរដ្ឋមន្ត្រីនិងប្រតិភូត្រូវបានទទួលស្វាគមន៍ដ៏កក់ក្តៅពីលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកវេជ្ជបណ្ឌិតឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្ត និងមន្ត្រីអាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងពាក់ព័ន្ធ ។
ក្នុងនោះមានត្រួតពិនិត្យនៅមណ្ឌលចត្តាឡីស័កកម្រឹត២(QC2 ) ថ្នាក់ខេត្តនាអគារមហាវិទ្យាល័យសុខាភិបាលនៃសាកលវិទ្យាល័យជាតិមានជ័យនៅសង្កាត់ទឹកថ្លាដែលមានចំណុះទទួលបានជាង១០០នាក់និងនៅគម្រោងមណ្ឌលមួយទៀតនាអតីតមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈសុីវរ(CWAR) កងវ៉ា នាសង្កាត់កំពង់ស្វាយក្នុងក្រុងសិរីសោភ័ណ ដែលមាន៨អគារ ក្នុង១អគារមាន៨បន្ទប់ ។ហើយអាចទទួលបានជាង១០០នាក់ ។
លោកអ៊ុំ រាត្រី មានប្រសាសន៍ជម្រាបជូនថា ៖ ក្រុមការងារចម្រុះនៃគណៈកម្មការប្រយុទ្ធប្រឆាំងកូវីត ១៩ ខេត្តនិងស្រុកក្រុងបាននឹងកំពុងខិតខំបំពេញការងារបន្ទាន់លើការងារផ្តល់សេវាដឹកជញ្ជូនសេវាសុខាភិបាលជូនពលរដ្ឋខ្មែរដែលបានត្រឡប់មកពីប្រទេសថៃរាល់ថ្ងៃ។
ក្នុងនោះមានពលរដ្ឋដែលរមានលំនៅនៅខេត្តបន្ទាយមានជ័យនិងខេត្ត រាជធានីនានា ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័កនិងស្ថិតនៅក្នុងមណ្ឌលរយៈពេល១៤ថ្ងៃ ។
ក្នុងនោះ នៅខេត្តនេះ មានមណ្ឌលចត្តាឡីស័កកម្រឹត១និងកម្រឹត២ ថ្នាក់ស្រុក ក្រុង ថ្នាក់ខេត្តនៅតាមសាលារៀន មន្ទូីរពេទ្យឬកន្លែងផ្សេងទៀតចំនួន១២កន្លែង ហើយបាននឹងកំពុងរៀបចំទីតាំងថ្មីៗបន្ថែមទៀតនៅគ្រប់ស្រុកក្រុងតែម្តង ។
លោកបានបន្តថា៖ នោះមកពីមណ្ឌលនិមួយៗ សុទ្ធុតែទទួលពលករខ្មែរ លើសចំណុះទៅហើយ ។
ពោលគឺពលករខ្មែរដែលត្រឡប់ពីប្រទេសថៃ ចូលតាមច្រកព្រំដែននៅខេត្តបន្ទាយមានជ័យ មានចំនួនជាមធ្យម២០០នាក់/១ថ្ងៃ ។
ក្នុងនោះដែរ រដ្ឋបាលខេត្តក៏បាននឹងកំពុងត្រៀមសម្រួលផ្លាស់ប្តូរទីតាំងមណ្ឌលចត្តាឡីស័កនៅតាមសាលារៀននានា ព្រោះនឹងប្រគល់ដោយផ្នែកអោយមន្ទូីរអប់រំវិញ សម្រាប់បើកបវេសនកាលឆ្នាំសិក្សា២០២១ –២២ នាថ្ងៃទី១១ខែមករាឆ្នាំ២០២១ ដ័ខ្លីខាងមុខ ។
លោកវេជ្ជបណ្ឌិតអ៊ាវ ដារាវុធ ប្រធានមន្ទូីរពេទ្យបង្អែកក្រុងសិរីសោភ័ណប្រាប់សារព័ត័៌មានថា ៖នៅត្រឹមយប់ថ្ងៃទី១ខែមករាឆ្នាំ២០២១ នេះ មានពលរដ្ឋខ្មែរ(ពលករខ្មែរ)ត្រឡប់ពីថៃកំពុងធ្វើចត្តាឡីស័កនិងស្នាក់នៅ១៣៧នាក់/ស្រី៦២នាក់ ក្នុងនោះពលរដ្ឋរស់នៅក្នុងក្រុងសិរីសោភ័ណចំនួន៨៤នាក់/ស្រី៤0នាក់ ។
ក្នុងនោះ នាថ្ងៃនេះមានករណីឡើងក្តៅខ្លួនខ្លាំង សង្ស័យកូវីត១៩ ចំនួន៦ករណីត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើមយកវត្ថុសំណាក់រកមេរោគកូវីត១៩ ។
នាឱកាសនោះ លោកវេជ្ជបណ្ឌិតម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះមន្ត្រីក្រុមការងារគ្រប់ផ្នែកនៃគណៈកម្មការប្រយុទ្ធប្រឆាំងកូវីត ១៩ ខេត្តនិងស្រុកក្រុងដែលបានខិតខំបំពេញការងារទាំងយប់ទាំងថ្ងៃ បានលទ្ធផលល្អ មានប្រសិទ្ធភាពនិងប្រកបដោយការទទួលខុសត្រូវ ។ពោលគឺស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី ។លោកបានស្នើអោយបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ៕សរន