ប្រែសម្រួល : កញ្ញាដាលីស ៖ ករណីឆ្លងវីរុសកូរ៉ូណានៅសហរដ្ឋអាម៉េរិកបានឈានដល់ចំនួន២០ លាននាក់កាលពីថ្ងៃសុក្រទី០១មករា ខណៈក្រុមមន្ត្រីព្យាយាមបង្កើនល្បឿនការចាក់វ៉ាក់សាំង និងវីរុសកូរ៉ូណាបំលែងខ្លួនថ្មីឆ្លងខ្លាំងជាងមុនបានលេចឡើងឡើងនៅរដ្ឋខូឡូរ៉ាដូ រដ្ឋកាលីហ្វ័រញ៉ា និងរដ្ឋផ្លរីដា។
សហរដ្ឋអាម៉េរិកបានឃើញការកើនឡើងចំនួនអ្នកស្លាប់ប្រចាំថ្ងៃដោយសារកូវីដ១៩ ចាប់តាំងពីពិធីបុណ្យថ្លែងអំណរគុណ ឬ Thanksgiving ដោយមានមនុស្ស ៧៨.០០០នាក់បានបាត់បង់ជីវិតនៅក្នុងខែធ្នូ។ ចំនួនមនុស្សសរុប ៣៤៥.០០០ នាក់បានស្លាប់ដោយសារកូវីដ១៩ ឬម្នាក់ក្នុងចំណោមប្រជាជនអាម៉េរិកចំនួន ៩៥០ នាក់បានស្លាប់ចាប់តាំងពីវីរុសនេះបានលេចឡើងដំបូងនៅប្រទេសចិនកាលពីចុងឆ្នាំ ២០១៩។
ដើម្បីបន្ថយចំនួនអ្នកស្លាប់ ព្រឹទ្ធសមាជិកលោកមីត រ៉ូមនីកាលពីថ្ងៃសុក្របានទទូចដល់រដ្ឋាភិបាលអាម៉េរិកឱ្យចុះបញ្ជីគ្រូពេទ្យសត្វនិងគ្រូពេទ្យសង្គ្រោះបឋមឱ្យជួយក្នុងការចាក់វ៉ាក់សាំងការពារវីរុសកូរ៉ូណា។
អត្រានៃការឆ្លងកូវីដ១៩ នៅសហរដ្ឋអាម៉េរិកបានកើនឡើងនៅឆមាសទី ២ នៃឆ្នាំមុន។
រដ្ឋកាលីហ្វ័រញ៉ាមានករណីសរុបច្រើនជាងរដ្ឋណាៗទាំងអស់ ដោយមានករណីឆ្លង ២,២៨ លាននាក់ បន្ទាប់មកគឺរដ្ឋតិចសាស់ ដែលមាន ១,៧៦ លានករណី និងរដ្ឋផ្លរីដាមាន ១,៣២ លានករណី។
សហរដ្ឋអាម៉េរិកមានអត្រាឆ្លងជាមធ្យម ១៨៦.០០០ ករណីក្នុងមួយថ្ងៃ ពោលគឺធ្លាក់ចុះពីកម្រិតខ្ពស់បំផុតនៅពាក់កណ្តាលខែធ្នូ គឺជាង ២១៨.០០០ ករណីក្នុងមួយថ្ងៃ។ មន្ត្រីសុខាភិបាលបានព្រមានថា ករណីឆ្លងទំនងជានឹងកើនឡើងម្តងទៀត បន្ទាប់ពីការជួបជុំវិស្សមកាល។
រដ្ឋាភិបាលអាម៉េរិកដាក់គោលដៅចាក់វ៉ាក់សាំងដល់ប្រជាជនឱ្យបាន១០០លាននាក់ត្រឹមថ្ងៃទី០១មីនា៕
ម្នាក់ក្នុងចំណោមប្រជាជនអាម៉េរិកចំនួន ៩៥០ នាក់បានស្លាប់ ចាប់តាំងពីវីរុសកូរ៉ូណាបានលេចឡើងដំបូងនៅចិនកាលពីចុងឆ្នាំ ២០១៩