ប្រែសម្រួល : កញ្ញាដាលីស/តេអេរ៉ង់ ៖ មេបញ្ជាការកំពូលនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បាននិយាយកាលពីថ្ងៃសុក្រទី១មករាថាប្រទេសរបស់លោកបានត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបនឹងសម្ពាធយោធាណាមួយពីសហរដ្ឋអាម៉េរិក ខណៈភាពតានតឹងរវាងរដ្ឋាភិបាលក្រុងតេអេរ៉ង់និងក្រុងវ៉ាស៊ីនតោននៅតែមានកម្រិតខ្ពស់នៅប៉ុន្មានថ្ងៃចុងក្រោយនៃអាណត្តិរបស់រដ្ឋបាលលោកប្រធានាធិបតីដូណាល់ ត្រាំ។
លោកឧត្តមសេនីយ៍ ហូសសេន សាឡាមី បានថ្លែងបែបនេះនៅក្នុងពិធីមួយនៅឯសាកលវិទ្យាល័យតេអេរ៉ង់ដើម្បីរំលឹកដល់ខួបមួយឆ្នាំនៃការវាយប្រហារដោយដ្រូនរបស់អាម៉េរិកនៅទីក្រុងបាកដាដដែលបានសម្លាប់ឧត្តមសេនីយ៍របស់កងឆ្មាំបដិវត្តន៍គឺលោកឧត្តមសេនីយ៍ កាសសេម សូឡេម៉ានី ដែលដឹកនាំកងកម្លាំងឃូដ កាលពីថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២០។
នៅគ្រានោះ អ៊ីរ៉ង់បានសងសឹកវិញដោយបើកការវាយប្រហារមីស៊ីលឆ្លងទ្វីបទៅលើមូលដ្ឋានយោធាអាម៉េរិកនៅអ៊ីរ៉ាក់ ដែលបណ្តាលឱ្យមានការប៉ះទង្គិចខួរក្បាលដល់ទាហានអាម៉េរិកប្រហែល ១០០ នាក់។ វ៉ាស៊ីនតោននិងតេអេរ៉ង់ប៊ិះតែផ្ទុះសង្គ្រាមនឹងគ្នា ខណៈវិបត្តិកើនឡើង។
ដោយមិនសំដៅលើសហរដ្ឋអាម៉េរិកដោយផ្ទាល់ លោកសាមីបាននិយាយថា “ថ្ងៃនេះយើងមិនមានការបារម្ភឬកង្វល់អ្វីទេចំពោះការប្រឈមមុខជាមួយមហាអំណាចណាមួយ។យើងនឹងផ្តល់ពាក្យសម្តីចុងក្រោយដល់សត្រូវរបស់យើងនៅសមរភូមិ”។
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ជាច្រើននាក់រួមជាមួយសម្ព័ន្ធមិត្តស៊ីរីប៉ាឡេស្ទីននិងលីបង់និងសមាជិកនៃក្រុមគ្រួសារលោកសូឡេម៉ានីបានចូលរួមក្នុងពិធីនោះ។
អ្នកជំនួសលោកសូឡេម៉ានី គឺ ឧត្តមសេនីយ៍ អ៊ីស្មាអ៊ីល ហ្គាអានី បាននិយាយនៅឯពិធីនោះថា អ៊ីរ៉ង់មិនខ្លាចប្រឈមមុខជាមួយ “មហាអំណាច” ជាថ្មីម្តងទៀតគឺមិននិយាយចំឈ្មោះអាម៉េរិកទេហើយលោកក៏បានព្រមានដែរថា “អ្នកស្វែងរកសិទ្ធិសេរីភាព” នៅអាម៉េរិកអាចសងសឹកចំពោះការវាយប្រហារដែលបានសម្លាប់លោកសូឡេម៉ានី ដោយប្រាប់ទៅអាម៉េរិកថា “នៅខាងក្នុងប្រទេសរបស់អ្នកប្រហែលជាមានមនុស្សចង់ឆ្លើយតបនឹងឧក្រិដ្ឋកម្ម ដែលអ្នកបានប្រព្រឹត្ត”។
ប្រមុខយុត្តិធម៌របស់អ៊ីរ៉ង់លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី និយាយថា អ្នកទាំងអស់ ដែលមានតួនាទីក្នុងការសម្លាប់លោកសូឡេម៉ានី នឹងមិនអាច “គេចផុតពីច្បាប់និងយុត្តិធម៌បានឡើយ”ទោះបីពួកគេជាប្រធានាធិបតីអាម៉េរិកក៏ដោយ។
ក្រសួងការបរទេសអ៊ីរ៉ង់ក៏សរសេរលើ Twitter ដែរថា អ៊ីរ៉ង់នឹងមិនសម្រាកបានឡើយដរាបណាជនល្មើសដែលសម្លាប់លោកសូឡីម៉ានីត្រូវបាននាំខ្លួនមកកាត់ទោស៕
លោកឧត្តមសេនីយ៍ អ៊ីស្មាអ៊ីល ហ្គាអានី ជាអ្នកជំនួសលោកសូឡេម៉ានី