Home ព័ត៌មានសំខាន់ៗ នៅ​មណ្ឌលគិរី​...

នៅ​មណ្ឌលគិរី​ត្រជាក់​ចុះ​ដល់​១៥​អង្សា​សេ​ និង​មាន​ខ្យល់​ខ្លាំង​


​ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ អាកាសធាតុ​ត្រជាក់​ក្នុង​ខេត្ត​ជាច្រើន​បាន​ចុះ​ដល់​រង្វង់​១៥​អង្សា​សេ​នៅ​ព្រឹក​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០២១ តែ​សីតុណ្ហភាព នឹង​ចាប់ផ្តើម​ងើបឡើង​វិញ បន្តិច​ម្តងៗ​នៅ​ថ្ងៃទី​៣ ខែមករា ហើយ​ស្ថានភាព​ត្រជាក់​បែបនេះ នៅ​កើតមាន​ពីរ​-​បី​ដង​ទៀត​ក្នុង​រដូវរំហើយ​ឆ្នាំ​២០២០-២០២១​នេះ​។​

​លោក​ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹងថា អាកាសធាតុ​ត្រជាក់​លើក​ទី​២​ក្នុង​រដូវរំហើយ​នេះ នៅក្នុង​ខេត្ត​ជាច្រើន​បាន​ចុះ​ដល់​ក្រោម​រង្វង់ ២០​អង្សា​សេ និង តំបន់​មួយចំនួន​បាន​ចុះ​ដល់​១៥​អង្សា​សេ ជាមួយ​ខ្យល់មូសុង​ឦសាន​ខ្លាំង​។​

​ធាតុអាកាស​ត្រជាក់​នៅ​ថ្ងៃទី​០២ ខែមករា​នេះ លោក​ចាន់ យុ​ត្ថា បាន​បញ្ជាក់ថា នៅ​ខេត្តមណ្ឌលគិរី រតនគិរី ឧ​ត្ត​រ​មានជ័យ ព្រះវិហារ សីតុណ្ហភាព​អប្បបរមា បាន​ចុះ​ដល់​ក្នុង​រង្វង់​១៥ ទៅ​១៦​អង្សា​សេ​, ពោធិសាត់ ប៉ៃលិន កំពង់ធំ បាត់ដំបង ក្នុង​រង្វង់ ១៧​ទៅ​១៨​អង្សា​សេ​, ខេត្តសៀមរាប បន្ទាយមានជ័យ ស្ទឹងត្រែង ក្រចេះ ព្រៃវែង កំពង់ស្ពឺ ចុះ​ដល់​ក្នុង​រង្វង់​ពី​១៩​ទៅ​២០​អង្សា​សេ​។​

​អាកាសធាតុ​ត្រជាក់​លើក​ទី​២​នេះ នឹង ចាប់ ផ្តើម​ងើបឡើង វិញ​បន្តិច​ម្តងៗ​នៅ​ថ្ងៃទី​៣​ខែមករា​។ ការចុះ​ត្រជាក់​ដូច​លើក​ទី​២ នេះ អាច​នៅ​កើតមាន​ពី ពីរ​ទៅ​បី​ដង​ទៀត​ក្នុ ង​រដូវរំហើយ​ឆ្នាំ​២០២០-២០២១​នេះ គឺ ជា​ឆ្នាំ​ដែលមាន​អាកាសធាតុ​ត្រជាក់​ខ្លាំង និង​មាន​រយៈពេល​វែង​ខកខាន​ជួប​យូរ​ឆ្នាំ មកហើយ​។​

​លោក​ខែម ភារ​ម្យ ប្រធាន​មន្ទីរ​ធនធានទឹក និង ឧតុនិយម​ខេត្តមណ្ឌលគិរី បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹងថា សីតុណ្ហភាព​អប្បបរ មា​នៅ​ក្រុង​សែន​មនោ​រម្យ​នា​ព្រឹក​ថ្ងៃទី​២​មករា​នេះ ចុះ​ដល់​រង្វង់​១៥​អង្សា​សេ គឺ​ទាប ជាង​កាលពី​ថ្ងៃទី​០១ មករា ដែល​សីតុណ្ហភាព មាន​ត្រឹម​១៥.៥​អង្សា​សេ​។ ផ្ទៃមេឃ មាន​សភាព​អួរ​អាប់​ជាមួយនឹង​ល្បឿន​ខ្យល់​ពី​២​ទៅ​១០​ម៉ែត្រ​ក្នុង​មួយ​វិនាទី​ធ្វើឱ្យ​ដាច់ ស្លឹកឈើ និង​បាក់​មែកឈើ​។ នៅក្នុង​ព្រៃ​ដែលមាន​ភ្ញៀវ​មកលេង​ច្រើន​ត្រជាក់ ខ្លាំង និង​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ ឃើញ​មាន​គេ​ដុត​កាំជ្រួច​តូចៗ​ពេញ​ព្រៃ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular