ប្រែសម្រួលៈវាសនា/បាងកក៖ថៃហាមការបំរើអាហារនិងទស្សនាវដ្តីដល់ភ្ញៀវអ្នកដំណើរនៅក្នុងយន្តហោះជើងហោះហើរក្នុងស្រុក ក្នុងបំណងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូរ៉ូណា។
ការបំរើអាហារបែបនេះបច្ចុប្បន្នត្រូវហាមឃាត់ក្នុងយន្តហោះថៃ សំរាប់ការហោះហើរក្នុងស្រុក
ចំណាត់ការនេះត្រូវបានធ្វើឡើងនៅពេលថៃបន្ថែមអ្នកស្លាប់២នាក់ដោយជំងឺកូវីដ១៩កាលពីថ្ងៃសុក្រសប្តាហ៍មុន និងចំនួនឆ្លងកើនដល់៧.១៦៣នាក់។
នៅប៉ុន្មានថ្ងៃមកនេះ ថៃជួបការឆ្លងវីរុសកូរ៉ូណាជាមធ្យម២០០នាក់ក្នុងមួយថ្ងៃ ហើយភាគច្រើនបំផុតជាការឆ្លងនៅក្នុងស្រុកនិងពិបាករកប្រភពថែមទៀត។
អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃបាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍ណាដែលមិនគោរពតាមការណែនាំនេះ នឹងរងពិន័យ។
ពីមុនថៃធ្លាប់ចេញបំរាមស្រដៀងគ្នានេះដែរសំរាប់អាហារនិងភេសជ្ជៈនៅក្នុងយន្តហោះ ចាប់ពីថ្ងៃ២៦មេសាដល់៣១សីហា ឆ្នាំ២០២០។
រដ្ឋធានីថៃកាលពីថ្ងៃម្សិលមិញបានបញ្ជាអោយបិទសាលារៀនទាំងអស់២សប្តាហ៍ចាប់ពីថ្ងៃ០៤មករាទៅ នៅពេលខ្លួនរឹតបន្តឹងវិធានការគ្រប់គ្រងការផ្ទុះជំងឺកូវីដ១៩រលកថ្មី។
កាលពីថ្ងៃសុក្រ ថៃបានរកឃើញអ្នកឆ្លងវីរុសកូរ៉ូណា២៧៩នាក់ ភាគច្រើនជាប់ពាក់ព័ន្ធនឹងការឆ្លងកូវីដ១៩ជាចង្កោម២ មួយនៅខេត្តសាមុត សាខននិងមួយទៀតចេញពីវង់ល្បែងខុសច្បាប់ជាច្រើននៅក្នុងខេត្តរ៉ាយ៉ង។
ការផ្ទុះកូវីដ១៩ជាចង្កោមថ្មីបានរាលដាល់ដល់ទីក្រុងបាងកក ជាហេតុនាំអោយរដ្ឋបាលក្រុងរឹតបន្តឹងវិធានការទប់ស្កាត់ជំងឺឆ្លង៕