ដោយៈ តារារិទ្ធ / ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា បានសម្រេចឧបត្ថម្ភ ថវិកាបន្ថែម សរុបចំនួន ៦៥០ លានរៀល និងសម្ភារមួយ ចំនួនទៀត ដល់ខេត្តជាប់ព្រំដែន ចំនួន៤ ដែលមានបន្ទុកទទួលពលករ ត្រឡប់មកពីប្រទេសថៃ ដើម្បីរៀបចំធ្វើចត្តាឡីស័ក។ នេះបើតាមការបញ្ជាក់របស់ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២១ នេះ។
ខេត្តចំនួន ៤ រួមមានៈ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តឧត្ដរមានជ័យ និងខេត្តប៉ៃលិន។ ខេត្តទាំង ៤ ទទួលបានថវិកា សរុបបន្ថែមចំនួន ៦៥០ លានរៀល និងសម្ភារសរុបបន្ថែម ចំនួន ១៤.០០០ ឃីត (មុង ភួយ ខ្នើយ កន្ទេល ជាដើម)។ ថវិកា និងសម្ភារទាំងនេះ ត្រូវបានប្រគល់ជូន អភិបាលខេត្ត ជាអ្នកគ្រប់គ្រង និងចាត់ចែងផ្ទាល់។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ទៀតថាៈ សម្រាប់ខេត្តប៉ៃលិន ដែលរកឃើញមានពលករ វិជ្ជមានជំងឺកូវីដ ១៩ ច្រើនជាងគេ ក៏ត្រូវបានបន្ថែមសម្ភារ មានម៉ាស៊ីនជំនួយ ដកដង្ហើម ២ គ្រឿង ម៉ាស៊ីនតាមដាន សញ្ញាជីវិតអ្នកជំងឺ ៥ គ្រឿង និងទឹកថ្នាំសម្លាប់មេរោគ ចំណុះ ២៥ លីត្រ ៥ ប៊ីដុង។ ក្រសួងសុខាភិបាល ក៏បានសម្រេចបញ្ជូន ក្រុមគ្រូពេទ្យជំនាញ ពីមន្ទីរពេទ្យរុស្ស៉ី ទៅជួយផ្នែកបច្ចេកទេស ដល់មន្ទីរពេទ្យ ខេត្តប៉ៃលិនថែមទៀត។
សូមបញ្ជាក់ថាៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់បទបញ្ជាបន្ទាន់ ទៅអាជ្ញាធរខេត្ត ដែលនៅជាប់ព្រំដែន កម្ពុជា-ថៃ ដោយពង្រឹងការធ្វើចត្តាឡីស័ក នៅតាមបណ្តាខេត្ត ជាប់ព្រំដែន សម្រាប់ពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ រយៈពេល ១៤ ថ្ងៃពេញ និងពិនិត្យសំណាក នៅទីនោះតែម្តង ដោយមិនអនុញ្ញាត ឲ្យចូលមកខេត្តខាងក្រោយ ដែលអាចបង្កនូវ ការឆ្លងរាលដាលជាសហគមន៍ជាថ្មីទៀត។
សម្តេចតេជោ ហ៊ុន សែន ក៏បានឧបត្ថម្ភថវិកា ៥០ លានរៀល ក្នុង ១ ខេត្តផងដែរ ដើម្បីឱ្យខេត្តទាំងនោះ រៀបចំដោះស្រាយ បញ្ហាចំពោះមុខ ដើម្បីទប់ស្កាត់ ការចម្លងកូវីដ ១៩ ពីប្រទេសថៃ៕/V