ប្រែសម្រួល៖វាសនា/កាប៊ុល៖ពួកមន្ត្រីបាននិយាយកាលពីថ្ងៃសៅរ៍ថា អ្នកកាសែតអាហ្វហ្គានីស្ថានម្នាក់ ត្រូវបានបាញ់សម្លាប់នៅក្នុងការឆ្មក់វាយប្រហារនៅក្នុងខេត្តហ្គ័រភាគកណ្តាល។នេះជាអ្នកកាសែតអាជីពទី៥ដែលត្រូវបានសម្លាប់នៅក្នុងប្រទេសនេះនៅរយៈពេល២ខែមកនេះ។
លោកប៊ីសមេឡា អាដែល អាយម៉ាក អាយុ២៨ឆ្នាំ ជានិពន្ធនាយកនៅវិទ្យុVoice of Ghor ត្រូវបានសម្លាប់នៅជិតទីក្រុង ហ្វីរ៉ូស កូ របស់ខេត្តហ្គ័រ កាលពីថ្ងៃសុក្រ។
មិនមានក្រុមណាចេញមកអះអាងទទួលខុសត្រូវចំពោះការសម្លាប់នេះនៅឡើយទេ។
ប្រធានាធិបតីអាហ្វហ្គានីស្ថានបានថ្កោលទោសការសម្លាប់នេះ និងបាននិយាយថា រដ្ឋាភិបាលតាំងចិត្តគាំទ្រនិងជំរុញសេរីភាពនៃការបញ្ចេញមតិ ហើយថា«ក្រុមតាលីបង់និងក្រុមភេវរកម្មដទៃទៀត មិនអាចបំបិទសម្លេងស្របច្បាប់របស់អ្នកកាសែត និងប្រព័ន្ធផ្សព្វផ្សាយ ដោយធ្វើការវាយប្រហារដូច្នេះទេ»។
សកម្មជនសង្គមស៊ីវិលម្នាក់ក៏ត្រូវបានសម្លាប់កាលពីថ្ងៃសុក្រ។
ការផ្តោតការវាយប្រហារលើអ្នកកាសែត មន្ត្រីរដ្ឋាភិបាល និងសកម្មជនសិទ្ធិមនុស្ស បានកើនឡើងយ៉ាងលឿននៅប៉ុន្មានខែមកនេះ នៅពេលអំពើហិង្សាកញ្ជ្រោលឡើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថានទោះជាមានកិច្ចពិភាក្សារកសន្តិភាពរវាងរដ្ឋាភិបាលនិងក្រុមបះបោរតាលីបង់៕
អាយម៉ាក បាននៅមានជីវិតពីការប៉ុនប៉ងសម្លាប់លោកកាលពីមុន