Home ព័ត៌មានជាតិ នយោបាយ ក្រសួងមហាផ្ទៃ...

ក្រសួងមហាផ្ទៃបានសម្រេចចុះបញ្ជីឈ្មោះ អង្គការអភិវឌ្ឍន៍ផ្នត់គំនិត

ដោយ: មុន្នីរ័ត្ន/ភ្នំពេញៈ ក្រសួងមហាផ្ទៃបានសម្រេចចុះបញ្ជីឈ្មោះ អង្គការអភិវឌ្ឍន៍ផ្នត់គំនិត ក្នុងបញ្ជីអង្គការមិនមែនរដ្ឋាភិបាលនៅក្រសួងមហាផ្ទៃជាផ្លូវការហើយ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ដោយអង្គការនេះ មានលោក សេក សុជាតិ ជានាយកប្រតិបត្តិការ និងលោក ប៊ុន រ៉ាដូ ជាប្រធានក្រុមប្រឹក្សាភិបាល។

ការសម្រេចចុះបញ្ជីឈ្មោះ អង្គការអភិវឌ្ឍន៍ផ្នត់គំនិតក្នុងបញ្ជីអង្គការមិនមែនរដ្ឋាភិបាលនៅក្រសួងមហាផ្ទៃ បានធ្វើឡើងបន្ទាប់ពីអង្គការមួយនេះ បានដាក់ពាក្យស្នើសុំចុះឈ្មោះកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។ 

អង្គការអភិវឌ្ឍន៍ផ្នត់គំនិត មានទីស្នាក់ការកណ្តាលតាំងនៅផ្ទះលេខ ១៩ ផ្លូវលេខ ៣០៣ ក្រុមទី៩ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

នៅក្នុងប្រកាសស្តីពីការចុះឈ្មោះកក្នុងបញ្ជីអង្គការមិនមែនរដ្ឋាភិបាល ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ដែលចុះហត្ថលេខាដោយលោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបញ្ជាក់ថា “អង្គការអភិវឌ្ឍន៍ផ្នត់គំនិត” ត្រូវធ្វើសកម្មភាពស្របតាមច្បាប់ស្តីពីសមាគម និងអង្គការមមិនមែនរដ្ឋាភិបាល លិខិតបទដ្ឋានគតិយុត្តជាធរមាន និងលក្ខន្តិកៈរបស់ខ្លួនដូចមានតម្កល់ទុកនៅក្រសួងមហាផ្ទៃ ដោយមិនមានការរើសអើង ការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ឬសាសនាណាមួយឡើយ”។

លោក សេក សុជាតិ ជានាយកប្រតិបត្តិការអង្គការអភិវឌ្ឍន៍ផ្នត់គំនិតបានថ្លែងប្រាប់រស្មីកម្ពុជាឲ្យដឹងថា គោលដៅដែលជាទស្សនវិស័យធំរបស់អង្គការអភិវឌ្ឍន៍ផ្នត់គំនិត គឺផ្តោតទៅលើការសិក្សាស្រាវជ្រាវផ្នែកផ្នត់គំនិតរបស់យុវជន ប្រជាពលរដ្ឋ និងផ្នត់គំនិតរបស់អ្នកនយោបាយមួយចំនួន ដោយសារតែឃើញមានការវាយតម្លៃច្រើនអំពីផ្នត់គំនិតរបស់ពួកគាត់  ជាពិសេសផ្នត់គំនិតដែលប្រាសចាកពីក្រមសីលធម៌ បាត់បង់សេចក្តីថ្លៃថ្នូរ ធ្វើអ្វីតាមតែអំពើចិត្តដែលខុសពីច្បាប់ទម្លាប់ ប្រពៃណី ទំនៀមទម្លាប់។

លោកបន្តថា ទស្សនវិស័យរបស់អង្គការ គឺចង់សិក្សាពីគោលនយោបាយរបស់រដ្ឋ គោលនយោបាយរបស់គណបក្សនយោបាយទាំងអស់នៅកម្ពុជាថា តើគោលនយោបាយរបស់គណបក្សនយោបាយទាំងនោះ ផ្តោតទៅលើយុវជន ប្រជាពលរដ្ឋ ទៅលើសង្គមជាតិ បែបណា? ហើយក៏ចង់បានគំនិតពីអ្នកសិក្សាស្រាវជ្រាវដែរ…៕\PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular