ដោយៈ ដកស្រង់ពីវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត
ទ្រមាក់
នាមសព្ទ
(ម. ព. ទម័ក ) ។
ទម័ក
(ទៈមាក់)
នាមសព្ទ
(បា. ទមក “អ្នកទូន្មាន, អ្នកបង្ហាត់” ) អ្នកបង្ហាត់ដំរី, អ្នកទូន្មានដំរី, អ្នកទាម-កដំរី, អ្នកបរដំរី, ហ្មដំរី ។ សរសេរក្លាយជា ទ្រមាក់ យូរហើយ, គួរប្រើ ទម័ក វិញទើបត្រឹមត្រង់តាមប្រភពសព្ទដើម ។
ទ្រមាក់ខ្លា
នាមសព្ទ
ឈ្មោះសត្វស្លាបតូចមួយប្រភេទ សន្ដានសត្វល្វាចេក (តាមឮគេនិយាយតៗមកថា នៅក្នុងព្រៃញៀតស្បាត, បើឮសំឡេងសត្វនោះយំត្រង់កន្លែងណា គឺមានខ្លានៅជិតៗ ក្បែរកន្លែងនោះពុំខាន ) ។
ទ្រមាំង
នាមសព្ទ
ឈ្មោះជីរមួយប្រភេទ
ជីរទ្រមាំង (ម. ព. ត្រចៀកដំរី ផង ) ។ អ្នកស្រុកខ្លះហៅ ជីរទ្រមឹង។
គុណសព្ទ
ធំកំពាងហើយទ្រងាងទៅខាងមុខ, ដែលមើលទៅឃើញធ្មាំង
ស្លឹកត្រចៀកទ្រមាំង ។
ទ្រមីង
គុណសព្ទ
ដែលមើលទៅឃើញធ្មឹងឥតសម
ខ្លួនស្គមកំព្រឹងឃើញតែក្បាលទ្រមីង ។