ដោយៈ គ្រញូង / បាត់ដំបងៈ នៅរសៀល ថ្ងៃទី១ មករា នេះដែរ លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំប្រតិភូក្រសួង ចុះត្រួតពិនិត្យមើល ការរៀបចំដំណើរការ ក្នុងមណ្ឌលចត្តាឡីស័ក នៅតាមបណ្តាស្រុក ក្នុងខេត្តបាត់ដំបង ដែលមានព្រំប្រទល់ជាប់នឹងប្រទេសថៃ និងឆ្លើយតបលើដំណើរការ សេវាសុខាភិបាល នៃមណ្ឌលចត្តាឡីស័ក កម្រិត១ និងកម្រិត២ ។
ក្នុងដំណើរបេសកកម្ម ជាបន្ទាន់នេះ បានធ្វើឡើង បន្ទាប់ពីរកឃើញ វិជ្ជមានមេរោគកូវីដ-១៩ លើពលករខ្មែរ ចំណាកស្រុក ដែលទើបវិលត្រឡប់ មកពីប្រទេសថៃ ចូលប្រទេសកម្ពុជាវិញ នៅតាមមណ្ឌលចត្តាឡីស័ក ក្នុងខេត្តបាត់ដំបង និងតាមបណ្តា ខេត្តមួយចំនួន ដែលមានព្រំប្រទល់ ជាប់នឹងប្រទេសថៃ និងបានបញ្ជូនក្រុមគ្រូពេទ្យ ព្យាបាលពីមន្ទីរពេទ្យ ខ្មែរ-សូវៀត និងក្រុមឆ្លើយតបបន្ទាន់ នៃក្រសួងសុខាភិបាល មកតាមមណ្ឌលចត្តាឡីស័ក តាមសំណូមមូលដ្ឋាន ដើម្បីជួយអន្តរាគមន៍ ពិនិត្យព្យាបាល លករដែលវិជ្ជមានកូវីដ-១៩ ។
ដោយឡែក រដ្ឋបាលខេត្តបាត់ដំបង បានពិនិត្យមើល ទីតាំងមួយចំនួន ដែលធ្វើជាមណ្ឌលចត្តាឡីស័ក ដូចជា វិទ្យាល័យពេជ្រចិន្តា ស្ថិតក្នុងឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក , សាលាបឋមសិក្សា និងអនុវិទ្យាល័យ កូនភ្នំ ៣២ ដែលស្ថិតក្នុងឃុំតាស្តា ស្រុកសំពៅលូន, អនុវិទ្យាល័យបឹងរាំង ស្រុកកំរៀង ដើម្បីរៀបចំធ្វើ មណ្ឌលចត្តាឡីស័ក បន្ថែម សម្រាប់ទទួលពលករ ចំណាកស្រុក ដែលបានវិលត្រឡប់ មកពីប្រទេសថៃ សម្រាកធ្វើចត្តាឡីស័ក (ចំនួន ១៤ ថ្ងៃ) នៅទីនោះតែម្តង ដោយពុំចាំបាច់ដឹកជញ្ជូន ចូលក្នុងខេត្តឡើយ តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕/Vmara