ដោយៈប.ខុន/ភ្នំពេញៈ រាជរដ្ឋាភិបាលយល់ព្រមជាគោលការណ៍ឱ្យដោះដូរ ទីតាំងទំហំ ១៣០ហិកតា ស្ថិតនៅបឹងតាមោក (បឹងកប់ស្រូវ) សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីរៀបចំសាងសង់ទីតាំងយុទ្ធសាស្ត្រ យូរ អង្វែង របស់កងយោធពលខេមរភូមិន្ទ ដូចជាសង់អគារអគ្គបញ្ជាការដ្ឋានមានទំហំ ៥០.០០០ម៉ែត្រការ៉េ និងគ្រឿងបំពាក់ផ្សេងៗ។
ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានជម្រាបជូនសម្តេចពិជ័យសេនាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, ឧបនាយករដ្ឋ មន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឧបនាយករដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង រដ្ឋបាល រាជធានីភ្នំពេញ តាមរយៈលិខិតលេខ៩៥៧ សជណ. មយ អំពីការស្នើសុំគោលការណ៍កសាងទីតាំងអគ្គបញ្ជាការដ្ឋាន និង ទីតាំងយុទ្ធសាស្ត្រ យូរ អង្វែងរបស់កងយោធពលខេមរភូមិន្ទនៅតំបន់បឹងតាមោក (កប់ស្រូវ) សង្កាត់ គោករការខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ។
នៅក្នុងលិខិតដែលចុះហត្ថលេខា ដោយលោកឆាយ វ៉ាន់នឿន រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រីបាន សរសេរយោងតាមលិខិត ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ របស់សម្តេចពិជ័យសេនា ទៀ បាញ់, លិខិតលេខ៥៤៧ខន ០២០ សជណ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ របស់ ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃ ព្រះរា ជា ណា ចក្រកម្ពុជាចុះ ថ្ងៃ ទី១៦ខែតុលាឆ្នាំ ២០ ២០។
សេចក្តីជូនដំណឹងបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានយល់ព្រមជាគោលការណ៍ឱ្យដោះដូរទីតាំងទំហំ១៣០ហិកតា ស្ថិត នៅបឹងតាមោក (បឹងកប់ស្រូវ) សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំ ពេ ញ ដើម្បីរៀបចំសាងសង់ទីតាំងយុទ្ធសាស្ត្រយូរអង្វែងរបស់កងយោធពលខេមរភូមិន្ទ ដូចជាសង់អគារអគ្គបញ្ជាការដ្ឋានមានទំហំ៥០.០០០ (ហាសិបពាន់) ម៉ែត្រការ៉េ និងគ្រឿងបំពាក់ផ្សេងៗ, ចាក់ដីបំពេញទីតាំង ធ្វើផ្លូវចេញចូលប្រវែង៣.១៨០ម៉ែត្រ និងផ្លូវព័ទ្ធជុំវិញទីតាំងបណ្តោយ ៥.០៤៨៨ម៉ែត្រ សរុបអាចម៍ដីចំនួន២៥.៥៥៦.៨៨៨ (ម្ភៃប្រាំលាន ប្រាំរយ ហា សិបប្រាំមួយពាន់ ប្រាំបីរយប៉ែតសិបប្រាំបី) ម៉ែត្រគូប, ធ្វើប្រឡាយបង្ហូរទឹក ដែលមានប្រវែង១.៤២០ម៉ែត្រ មាត់លើ៣០ម៉ែត្រ, ការដោះដូរការសាងសង់ និងការចាក់ដីថ្លៃសួយសារ និងពន្ធអាករផ្សេងៗ ជាបន្ទុករបស់រដ្ឋ។
រំលឹកឱ្យដឹងថា បឹងតាមោក (បឹងកប់ស្រូវ) ត្រូវបានកំណត់ដោយអនុក្រឹត្យ លេខ២០អនក្រ.បក ចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ ទំហំ៣.២៣៩,៧ ហិកតា ស្ថិតក្នុងរាជធានីភ្នំពេញ ជាសម្បត្តិសាធារណៈរបស់រដ្ឋតាមប្រព័ន្ធកូអរ ដោណេ Project UTM Zon 48N Datum WGS 1984 ៕