ដោយ:បញ្ញាសាស្រ្ត/ភ្នំពេញ: តារាចម្រៀង លោក ខាន់ ជេមស៍ បានស្រក់ទឹកភ្នែក ព្រោះក្ដីរំភើប យ៉ាងក្រៃលែង ក្រោយទទួលបាននូវការផ្ដល់មហាកិត្តិយសពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយសម្ដេចធ្វើការ Share វីដេអូ នៃការ Live លក់ ធុងបាសរបស់តារាចម្រៀង ផលិតកម្មសាន់ដេ រូបនេះកាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។
សម្ដេចតេជោបានធ្វើការចុច Share នោះ ខាន់ ជេមស៍ ពុំទាន់បានដឹងនោះឡើយ ក្រោយដឹង ភ្លាមលោក ក៏បាន ច្រៀងចម្រៀងមួយបទមានចំណងជើងថា «ស្ពានសាងស្នេហ៍» ជូនសម្ដេចតេជោ សណ្ដាប់ និងទស្សនាភ្លាមៗ។
អ្វីដែល ខាន់ ជេមស៍ ភ្ញាក់ផ្អើលនោះ ត្រូវបាន សម្ដេចតេជោ Comment ធ្វើឲ្យលោកស្រក់ទឹកភ្នែកថា ៖ «អរគុណកូនដែលបានច្រៀងបទពុក»។ សម្ដេចតេជោក៏បាន Comment ទៀតថា៖ «ជូនពរកូន មានជោគជ័យ»។
ក្រោយបញ្ចប់ការ Live ភ្លាមៗលោក ខាន់ ជេមស៍ បានថ្លែងថា លោកពិត ជារំភើបណាស់រំភើប ដល់ហូរ ទឹកភ្នែក។ លោកបានចាត់ទុកថ្ងៃនោះ ជាថ្ងៃដែលជោគជ័យធំបំផុតក្នុងជីវិតរបស់លោកលើសអ្វីៗទាំងអស់។ “កូនពិតជាមានមហាកិត្តិយសខ្លាំងណាស់!!! ដែលកាលពីយប់មិញ (សម្ដេចពុក) ដែលបានចូល comment និង share នូវវីដេអូរបស់កូន កូនសូមគោរព ជូនពរសម្ដេចពុក និង សម្ដេចម៉ែ សមប្រកបដោយសុខភាពល្អបរិបូរណ៍!! កម្លាំងខ្លាំងក្លាបញ្ញាឈ្លាសវៃ ជន្មាយុ យឺនយូរ ដើម្បីនៅជាម្លប់ដ៏ត្រជាក់របស់ប្រទេសកម្ពុជា និង ប្រជាពលរដ្ឋខ្មែរគ្រប់រូប សូមគោរពអរគុណ សម្តេចពុក អរគុណសន្តិភាព។” ៕