ដោយ: សុផល / ភ្នំពេញ: រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចលើកពេលរៀបចំពិធីបុណ្យទន្លេលើកទី៧ ដែលគ្រោងនឹងរៀបចំនៅឆ្នាំ២០២១ ទៅធ្វើនៅឆ្នាំ២០២២ វិញ។
រាជរដ្ឋាភិបាលបានបញ្ជាក់ឱ្យរដ្ឋបាលខេត្តកំពង់ធំ ធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំពិធីបុណ្យទន្លេ នៅឆ្នាំ២០២២ ខាងមុខនោះ។
សូមរម្លឹកថា ពិធីបុណ្យទន្លេលើកទី៦ បានប្រារព្ធធ្វើនៅខេត្តបាត់ដំបងក្រោមប្រធានបទ ”ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព” នៅខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបថាពិធីបុណ្យទន្លេត្រូវបានរៀបចំឡើង ក្នុងគោលបំណង៖បង្កើតព្រឹត្តិការណ៍ទេសចរណ៍ សម្រាប់ខេត្តជាប់ដងទន្លេ ដើម្បីរួមចំណែកដល់ការជម្រុញ និងអភិវឌ្ឍខេត្តតាមដងទន្លេកម្ពុជា ឲ្យក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ ស្របតាមយុទ្ធសាស្ត្រពិពិធកម្មផលិតផលទេសចរណ៍របស់រាជរដ្ឋាភិបាលកម្ពុជា។ លើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ និងបំផុសមហាជនក្នុងការអភិរក្សធនធានធម្មជាតិ ជាពិសេសការការពារ និងអភិរក្សធនធានធម្មជាតិ ដោយឈរលើការប្ដេជ្ញាចិត្តរួមមួយច្បាស់លាស់ក្នុងការរក្សាតុល្យាភាព រវាងផលប្រយោជន៍ខាងផ្នែកបរិស្ថាន សេដ្ឋកិច្ច-សង្កម និងវប្បធម៌ព្រមទាំង រួមចំណែកសម្រេចផែនការយុទ្ធសាស្ត្រទេសចរណ៍អាស៊ាន៕