ដោយៈសុផល/ភ្នំពេញ៖ នាឱកាសចូលឆ្នាំសកល ២០២០ ឆ្លងចូល ២០២១ មានភ្ញៀវទេសចរសរុបចំនួន ៦៩៩.៧២៤ នាក់ បានចេញដើរលេងកម្សាន្តនៅទូទាំងប្រទេសក្នុងនោះរាជធានីភ្នំពេញទទួលបានភ្ញៀវច្រើនជាងគេ។
ក្នុងចំណោមភ្ញៀវទេសចរសរុបចំនួន ៦៩៩.៧២៤ នាក់ គឺមានភ្ញៀវជាតិចំនួន ៦៩៧.០៦៦ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងចំនួន ២.៦៥៨ នាក់។
គោលដៅទេសចរណ៍សំខាន់ៗមួយចំនួន រួមមាន៖ រាជធានីភ្នំពេញ៖ ៥០០.១៦៦ នាក់,ខេត្តព្រះសីហនុ៖ ៥១.៥៧០ នាក់,ខេត្តកែប៖ ៥១.១៦៨ នាក់, ខេត្តសៀមរាប៖ ២៥.២០៤ នាក់, ខេត្តកំពត ៖ ១៨.៨៧០ នាក់, ខេត្តកំពង់ស្ពឺ៖ ១១.៧៨៧ នាក់, ខេត្តបាត់ដំបង ៖ ៦.៥៤០ នាក់, ខេត្តកំពង់ចាម៖ ៦.៤៩៨ នាក់, ខេត្តកោះកុង៖ ៣.១១៦ នាក់។
ជាការគួរកត់សម្គាល់ ខុសពីរាល់ឆ្នាំ ឆ្នាំនេះមិនមានការរៀបចំពិធីទទួលឆ្នាំថ្មី ការប្រគុំតន្ត្រី និងការជួបជុំជាទ្រង់ទ្រាយធំដែលមានការរៀបចំ ជាកម្មវីធីនោះទេ។ ដោយឡែកចំពោះរាជធានីភ្នំពេញ តាមការវាយតំលៃបឋមរបស់អាជ្ញាធរ មានបងប្អូនប្រជាពលរដ្ឋប្រមាណ ៥០ ម៉ឺននាក់ បានដើរកម្សាន្តនៅគោលដៅសំខាន់ៗ ដូចជានៅតំបន់កោះពេជ្រ មាត់ទន្លេមុខព្រះបរមរាជវាំង តំបន់កម្សាន្តជ្រោយចង្វារ និងតំបន់វិមានឈ្នះឈ្នះជាដើម ។
ប្រភពដដែលបានបន្តថា ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋមួយចំនួនបានជ្រើសរើសដើរកម្សាន្តឆ្លងឆ្នាំនៅតាមគោលដៅទេសចរណ៍តាមរាជធានី ខេត្ត ពិសេសគោលដៅសំខាន់ៗដូចបានជម្រាបជូនខាងលើ។ បន្ទប់សណ្ឋាគារ ផ្ទះសំណាក់ រីស៊ត និងបឹងហ្កាឡូ ត្រូវបានភ្ញៀវកក់ស្ទើរពេញៗ។
ដោយឡែក បងប្អូនប្រជាពលរដ្ឋមួយចំនួនបានជ្រើសរើសយកការជួបជុំនៅតាមគេហដ្ឋាន (ហូបចុក ច្រៀងកម្សាន្ត ជាលក្ខណៈគ្រួសារ និងមិត្តភក្តិ)។ ខ្លះទៀត បានចេញទៅដើរកម្សាន្ត និងជួបជុំឆ្លងឆ្នាំ នៅតាមភោជនីយដ្ឋាន ពិសេសនៅតាម Sky Bar នានា។
បន្ទាប់ពីថ្ងៃឆ្លងឆ្នាំនេះហើយ ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ នឹងបន្តដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានារហូតដល់ចុងសប្តាហ៍។ ចំពោះការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ជាទូទៅមានភាពល្អប្រសើរ មិនមានបញ្ហា ឬការរំខានណាមួយកើតឡើងគួរកត់សម្គាល់ទេនៅយប់ឆ្លងឆ្នាំនេះ។
គ្រប់គោលដៅទេសចរណ៍ និងមូលដ្ឋានអាជីវកម្មទេសចរណ៍បានខិតខំអនុវត្តន៏តាមប្រសាសន័ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី តាមគោលណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍។ដោយឡែក កន្លែងដែលមានការប្រមូលផ្តុំច្រើន ដូចជាតាមបណ្តោយទន្លេចតុមុខ និងផ្សាររាត្រី (Pub Street) នៅសៀមរាបជាដើម មានការចុះពិនិត្យ និងណែនាំដិតដល់ពីគណៈបញ្ជាការឯកភាពរាជធានី ខេត្ត៕/R