ដោយ: មុនីរ័ត្ន / ភ្នំពេញ: មនុស្សចំនួន ១.០៣៩នាក់បានស្លាប់ និង ៣.០៣៤នាក់ បានរងរបួសក្នុងនោះរបួសធ្ងន់ចំនួន ១.៨៤៧នាក់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ដែលកើតឡើងចំនួន ២.០៤៥លើក ក្នុងរយៈពេល ២៤៧ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០២១។
សម្រាប់គ្រោះថ្នាក់ចចរាចរណ៍នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២១ កើតឡើងចំនួន ៧លើក ស្លាប់ចំនួន ៣នាក់ របួស ៥នាក់ (របួសធ្ងន់ ៤នាក់ និងស្រាល ១នាក់)។ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ថ្លែងប្រាប់រស្មីកម្ពុជា។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា លទ្ធផលរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមស្មារតីអនុក្រឹត្យលេខ៣៩ រយៈពេល ២៤៧ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០២១ យានយន្តដែលត្រូវបានត្រួតពិនិត្យ និងផាកពិន័យ សរុបចំនួន ២៥០.១៨៨គ្រឿង ក្នុងនោះម៉ូតូមានចំនួន ១៨៤.២១២គ្រឿង និងរថយន្តមានចំនួន ៦៥.៩៧៦គ្រឿង។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា បទល្មើសភាគច្រើនសម្រាប់ម៉ូតូ និងរថយន្ត គឺអត់ពាក់មួកសុវត្ថិភាព ល្មើសសញ្ញា បត់ជែង លើសចំណុះ ស្រវឹង អត់ផ្លាកលេខ ល្មើសល្បឿន អត់ប័ណ្ណបើកបរ អត់ខ្សែក្រវ៉ាត់ គ្មានស្លាកលេខ និងនិយាយទូរស័ព្ទពេលបើកបរ៕