ដោយ: សុផល / ភ្នំពេញ: រយៈពេល២ថ្ងៃនេះ,ពីថ្ងៃទី១ដល់ទី២ ខែមករា ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានចុះបំពេញបេសកកម្មនៅខេត្តចំនួន៤គឺ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យមើលស្ថានភាពសុខាភិបាល ជាពិសេសពិនិត្យមើលការរៀបចំធ្វើចត្តាឡីស័កចំពោះពលករមកពីប្រទេសថៃ។
ក្នុងបេសកកម្មនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជួបពិភាក្សាជាមួយអភិបាលខេត្តទាំងបួន ព្រមទាំងបានចុះពិនិត្យមើលតាមច្រកព្រំដែន មណ្ឌលចត្តាឡីស័ក និងមន្ទីរពេទ្យខេត្តទាំងបួននេះ។
ដើម្បីសម្រួលដល់ការលំបាករបស់ពលករទាំងអស់ ដែលកំពង់ធ្វើចត្តាឡីស័កនៅតាមខេត្តទាំងបួន តាមរយៈការគោរពស្នើសុំរបស់ រដ្ឋមន្ត្រីក្រសួងសុខាភិបាល សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចឧបត្ថម្ភថវិកាបន្ថែមសម្រាប់ម្ហូបអាហារហូបចុករបស់ពលករ ដែលកំពុងធ្វើចត្តាឡីស័ក និងកញ្ចប់ សម្ភារប្រើប្រាស់សម្រាប់ចែកជូនពលករ។
ក្រសួងសុខាភិបាល ក៏បានដាក់ជូនក្រុមគ្រូពេទ្យជំនាញផ្នែក កូវីដ-១៩ មកពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតចំនួន៥នាក់ ដើម្បីជួយដឹកនាំបន្ថែមទៀតដល់គ្រូពេទ្យ មន្ទីរពេទ្យខេត្តប៉ៃលិន ដែលមានចំនួន៤ក្រុមរួចមកហើយ ព្រមទាំងផ្គត់ផ្គង់ឱសថបរិក្ខារពេទ្យបន្ថែម។
ក្នុងឱកាសនោះ ក្រុមឆ្លើយតបបន្ទាន់ថ្នាក់កណ្តាល បានចុះទៅហ្វឹកហ្វឺនបន្ថែមដល់ក្រុមឆ្លើយតបបន្ទាន់របស់ខេត្តប៉ៃលិនផងដែរ៕