ប្រែសម្រួល : កញ្ញាដាលីស/មូស្គូ ៖ រដ្ឋមន្ត្រីក្រសួងការបរទេសចិនលោកវ៉ាង យីបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយចិនថា ចិននិងរុស្ស៊ីបានប្តេជ្ញាចិត្តបន្តនូវទំនាក់ទំនងជាអ្នកជិតខាងគំរូក្នុងឆ្នាំថ្មីនេះ ដោយរដ្ឋាភិបាលក្រុងប៉េកាំងមិនឃើញមានដែនកំណត់ណាមួយអាចកំណត់លើកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រទ្វេភាគីបាននោះឡើយ។
លោករដ្ឋមន្ត្រីបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានស៊ីនហួនិងក្រុមប្រព័ន្ធផ្សព្វផ្សាយចិនថា “ឆ្នាំ ២០២១គឺជាឆ្នាំដែលមានសារៈសំខាន់ពិសេសសម្រាប់ទំនាក់ទំនងចិន-រុស្ស៊ីព្រោះប្រទេសទាំងពីរនឹងឈានដល់ដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយ។ ក្នុងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រចិន-រុស្ស៊ី យើងមិនឃើញមានដែនកំណត់ តំបន់ហាមឃាត់ និងពិដានណាមួយអាចកម្រិតលើកិច្ចសហប្រតិបត្តិការនេះបានឡើយ”។
យោងតាមលោកវ៉ាង ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីត្រូវបានដឹកនាំធ្វើដោយមេដឹកនាំនៃរដ្ឋទាំងពីរគឺប្រធានាធិបតីចិនលោកស៊ី ជីនភីងនិងប្រធានាធិបតីរុស្ស៊ីវ្ល៉ាឌីមៀរ ពូទីនដែលក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះបាននិយាយទូរស័ព្ទចំនួន ៥ ដងនិងផ្លាស់ប្តូរការឆ្លើយឆ្លងគ្នាក្នុងឱកាសជាច្រើន។
ក្រសួងនិយាយថា “ដោយបានក្លាយជាដៃគូយុទ្ធសាស្ត្រចំពោះគ្នាទៅវិញទៅមក មានអាទិភាពខាងការទូត មានកោលានុវត្តអភិវឌ្ឍន៍ និងក្លាយជាដៃគូសកល ប្រទេសទាំងពីរនឹងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការពីចំណុចចាប់ផ្តើមខ្ពស់បំផុត។ ចិននិងរុស្ស៊ីជាមួយគ្នានឹងបន្តធ្វើជាគំរូទំនាក់ទំនងអ្នកជិតខាងល្អនិងមិត្តភាពរវាងប្រទេសធំ បន្ថែមកម្លាំងចលករដល់ការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញ និង គូសវាសស្ថិរភាពយុទ្ធសាស្ត្រសកល”។
លោកវ៉ាងនិយាយថា ក្នុងឆ្នាំ ២០២០ ទំនាក់ទំនងចិន-រុស្ស៊ីបានឈានដល់កម្រិតខ្ពស់ជាប្រវត្តិសាស្ត្រ ទោះបីជាមានបញ្ហាប្រឈមនឹងវីរុសកូរ៉ូណាក៏ដោយ។លោករដ្ឋមន្ត្រីបានគាំទ្រដល់កិច្ចសហប្រតិបត្តិការទ្វេភាគីអំឡុងពេលមានការរីករាលដាលនៃជំងឺរាតត្បាតរួមទាំងការបង្កើតវ៉ាក់សាំង ដោយសង្កត់ធ្ងន់ថារុស្ស៊ីគឺជាប្រទេសដំបូងគេដែលបានបញ្ជូនជំនួយផ្នែកវេជ្ជសាស្ត្រទៅប្រទេសចិននៅពេលកូវីដ១៩ផ្ទុះឡើង៕