ស្ថានីយ​បូមទឹក​ទួលគោក​ទី​១​ត្រឡោកបែក​បានបញ្ចប់​តែការងារនៅបន្ត​

2973
ចែករម្លែក

 

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖​ការដ្ឋាន​ស្ថាបនា​ស្ថានីយ​បូមទឹក​ទួលគោក​ទី​១​ត្រឡោកបែក​ក្នុង​ខណ្ឌទួលគោក​បានបញ្ចប់​ហើយ​។ លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យដឹង​នៅ​ថ្ងៃទី​២៤​មេសា​នេះ​ថា​៖ក្រោយ​បញ្ចប់​ការដ្ឋាន​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាននិងកំពុង​ជីក​ស្តារ​ភក់ និង​ត្រៀម​សាងសង់​ជញ្ជាំង​បេតុង​អាង​ស្តុក​ទឹក​បន្តទៀត​។​
​លោក​ប្រធាន​មន្ទីរ​បានដឹង​ទៀតថា​ បន្ទាប់ពី​សាងសង់​ស្ថានីយ​បូមទឹក​ទួលគោក​ទី​១​ត្រឡោកបែក​រួច នៅ​ថ្ងៃទី​២៤​ខែមេសា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាននិងកំពុង​ចាប់ផ្តើម​ជីក​ស្តារ​ភក់ និង​ត្រៀម​សាងសង់​ជញ្ជាំង​បេតុង​អាង​ស្តុក​ទឹក ទួលគោក​ទី​១ ។​មន្ត្រី​ជំនាញ​បានបញ្ជាក់​ទៀតថា​៖​ស្ថានីយ៍​ទួលគោក​ទី​១​ត្រឡោកបែក មាន​ម៉ាស៊ីនបូមទឹក​ចំនួន​៦​គ្រឿង​ទំហំ​១​ម៉ែត្រ​ស្មើនឹង​១៨​ម៉ែត្រគូប លើ​ផែនការ ២៣,៣​ម៉ែត្រគូប​ដើម្បី​ដោះស្រាយ​បញ្ហា​លិចលង់​ដោយ​ទឹកជំនន់​នៅក្នុង​រាជធានី​ភ្នំពេញ​។​ក្នុងនោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​កសាង​បណ្តាញ​លូ​ជាច្រើន​ខ្សែ​នៅក្នុង​រាជធានី​ភ្នំពេញ ពិសេស​ថែមទៀត​នោះ គឺ​ការកសាង​ស្ថានីយ​បូមទឹក​ធំៗ​ជាច្រើន​កន្លែង​។


​មន្ត្រី​នៃ​មន្ទីរជំនាញ​រូបនេះ​បាន​អះអាងថា​​ស្ថានីយ​បូម​ទឹក​ទួលគោក​ទី​១​ថ្មី​នេះ​មាន​សមត្ថភាព​បូមទឹក​បាន​៥​ម៉ែត្រគូប​ក្នុង​១​វិនាទី គឺ​កើន ៣​ដង​ធៀប​នឹង​ស្ថានីយ​បូមទឹក​ចាស់ ដែល​នឹង​ដោះស្រាយ​បញ្ហា​ទឹក​លិច​នៅ​តំបន់​ផ្សារ​មាន់​អាំង វិទ្យាល័យ​ឥន្ទ្រ​ទេវី ផ្លូវ​លេខ ៥៩២ ផ្លូវ​លេខ ៣១៧ ផ្លូវ​លេខ ៣១៥ ផ្លូវ​លេខ ៣១៣ ផ្លូវ​លេខ ៦០៨ ផ្លូវ​លេខ ៣៣៧​ក្នុងភូមិ​សាស្ត្រ សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក​៕វណ្ណា/មន

 


អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ