​ដោយ​: ជា សីហៈ​/​ភ្នំពេញ​: លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បាន​ចែករំលែក​នូវ​របាយការណ៍​បច្ចុប្បន្នភាព​នៃ​វិស័យ​កសិកម្ម​កម្ពុជា​ក្រៅពី​ដំណាំ​ស្រូវ​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្តថា លទ្ធផល​នៃ​ផលិតផល​កសិកម្ម​សរុប និង​ការនាំចេញ លើ​ផ្នែក​ដំណាំ​ក្រៅពី​ស្រូវ​ដែល​បានសម្រេច ក្នុង​ឆ្នាំ​២០២០ សំខាន់​ជាងគេ​គឺ​ដំឡូង​មី​។

​ដំណាំ​ដំឡូង​មី​: ផ្ទៃដី​ដាំ​ដុះ​ចំនួន ៦២៨.៨៩៤ ហិកតា ហើយ​ផ្ទៃដី​ប្រមូល​ផល មាន ចំនួន ៥៨២.០៥៥ ហិកតា​
​នៅ​ក្នុងនោះ​ទិន្នផល​ជា​មធ្យម ចំនួន ២០,៦៨៨ តោន​/​ហិកតា ។ លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹងថា​ដំណាំ​ដំឡូង​មី​ឆ្នាំនេះ​ប្រមូលបាន ចំនួន ១២.០៤១.៨១២ តោន​ហើយ បរិមាណ​នាំចេញ សរុប មាន​ចំនួន ៧.២០៣.១២៨ តោន ​មានតម្លៃ​ចំនួន ១.១០៨.៣១៥.៨៨១ ដុល្លារ​អាមេរិក ។​

​លោក​រដ្ឋមន្ត្រី​បាន​បន្តថា​ដំណាំ​ទី 2 គឺ​ដំណាំ​ស្វាយចន្ទី មាន​ផ្ទៃដី​ដាំ​ដុះ​ចំនួន ២៥៨.៩៨៤ ហិកតា ហើយ​ផ្ទៃដី​ប្រមូល​ផល ចំនួន ១៦២.២៩៤ ហិកតា​ដោយ​ទិន្នផល​ជា​មធ្យម ចំនួន ១,៤៩៣ តោន​/​ហិកតា​។ បរិមាណ​ផល​ស្វាយចន្ទី​ដែល​ទទួលបាន​មាន ចំនួន ២៤២.៣២៤ តោន​ហើយ​បរិមាណ​នាំចេញ​សរុប ចំនួន ២៣០.៩៨១ តោន នៅក្នុង​នោះ​មាន​វិញ្ញាបនបត្រ​ចំនួន ២១៨.៩៨១​តោន នៅក្នុង​តម្លៃ​សរុប មាន​ចំនួន ៤៨១.៤៨៣.៧៥០ ដុល្លារ​អាមេរិក​។

​លោក​បាន​បន្តថា​ដំណាំ​មាន​សក្តានុពល​ទី ៣​គឺ​ដំណាំ​ស្វាយ​ដែលមាន ផ្ទៃដី​ដាំ​ដុះ ចំនួន ១៣១.៨៩០ ហិកតា​ហើយ​ផ្ទៃដី​ប្រមូល​ផល ចំនួន ៩៣.០៩៩ ហិកតា​ដោយឡែក​ទិន្នផល​ជា​មធ្យម ចំនួន ១៨,៧៨៣ តោន​/​ហិកតា ។ លោក​បាន​បន្ថែមថា បរិមាណ​ផល ស្វាយ​មាន​ចំនួន ១.៧៤៨.៦៤២ តោន​ហើយ បរិមាណ​នាំចេញ​ស្វាយ​ស្រស់​សរុប ចំនួន ៩៤៧.៦២៨ តោន​(​មាន​វិញ្ញាបនបត្រ​ចំនួន ៩៧.៦២៨​តោន​)​នៅក្នុង​តម្លៃ​សរុប មាន​ចំនួន ៥៧១.៨៦២.៩៦៤ ដុល្លារ​អាមេរិក​។​

​ដោយឡែក​ដំណាំ​ដ៏​មាន​សក្តានុពល​ទី ៤ របស់​កម្ពុជា​គឺ​ដំណាំ​ចេកអំបូង​លឿង​​មាន ផ្ទៃដី​ដាំ​ដុះ ចំនួន ១៥.៩៤៥ ហិកតា​ហើយ​ផ្ទៃដី​ប្រមូល​ផល ចំនួន ១៤.២៧០ ហិកតា នៅ​ក្នុងនោះ​ទិន្នផល​ជា​មធ្យម ចំនួន ៣៣,៥២១ តោន​/​ហិកតា​។ បរិមាណ​ផលដំណាំ​នេះ​មាន ចំនួន ៤៧៨.៣៥០ តោន​ដោយ​បរិមាណ​នាំចេញ​សរុប មាន​ចំនួន ៣៣៣.១៤៣ តោន​នៅក្នុង​តម្លៃ​ចំនួន ៤៣៤.៣៥៣. ៦៦៣ ដុល្លារ​អាមេរិក​។​

​លោក​បាន​បន្តថា ដំណាំ​មៀន​ប៉ៃលិន (​តា​ង៉ែ​ន​)​មាន ផ្ទៃដី​ដាំ​ដុះ ចំនួន ១៤.៥០០ ហិកតា​ហើយ​ផ្ទៃដី​ប្រមូល​ផល ចំនួន ១១.៥៩៩ ហិកតា​នៅក្នុង​នោះ​ទិន្នផល​ជា​មធ្យម ចំនួន ១៦,៩៦០ តោន​/​ហិកតា​។​បរិមាណ​ផល​ប្រមូល​បាន​មាន ចំនួន ១៩៦.៧១២ តោន​ដោយ​នាំចេញ​សរុប មាន​ចំនួន ១០២.២៨០ តោន (​មាន​វិញ្ញាបនបត្រ​ចំនួន ២៨០​តោន​)​ក្នុង តម្លៃ​ផលិតផល​សរុប មាន​ចំនួន ១៥៥.៨១៦.៧៧៦ ដុល្លារ​អាមេរិក​។​

​ដោយឡែក​ដំណាំ​ម្រេច​មាន​ផ្ទៃដី​ដាំ​ដុះ ចំនួន ៧.២៩៣ ហិកតា មាន​ផ្ទៃដី​ប្រមូល​ផល ចំនួន ៦.០៩២ ហិកតា ទិន្នផល​ជា​មធ្យម ចំនួន ២,៩៩៤ តោន​/​ហិកតា​ហើយ បរិមាណ​ផល ចំនួន ១៨.២៤២ តោន នៅក្នុង​នោះ​បរិមាណ​នាំចេញ​សរុប មាន​ចំនួន ៥.០៧៩ តោន មានតម្លៃ​ផ​លិ​ផល​សរុប មាន​ចំនួន ៤២.៥០៨.២៣២ ដុល្លារ​អាមេរិក​។

​ក្រៅពីនេះ​ដំណាំ​ផ្សេងទៀត​មាន បរិមាណ​ផល​សរុប​ចំនួន ៣.៧៥០.៧៤៤ តោន​ហើយ​បរិមាណ​នាំចេញ​សរុប ចំនួន ៥៥៥.៧០៦ តោន (​មាន​វិញ្ញាបនបត្រ ៣៤៨.៥០៦ តោន​) នៅក្នុង​តម្លៃ​ផលិតផល​សរុប​ចំនួន ១.៦៩៦.២៨៣.២៥៣ ដុល្លារ​អាមេរិក​៕​