ដោយៈ មេសា/ភ្នំពេញៈ ខែមករា ជាភាសាបាលី ឬ សំស្ក្រឹតថា មករៈ មានន័យថា ត្រីថ្ករ ដែល គេច្រើនហៅថា ឆ្លាមមករ ។ គេអាចហៅខែ មករា ថា មករៈរាសី ក៏បាន ខែនេះ មានរយៈ ពេល ៣១ ថ្ងៃជាខែទី១០ នៃសុរិយគតិ ស្ថិតក្នុងហេមន្តរដូវ គឺរដូវមានទឹកសន្សើម ឬ រដូវរងា ត្រូវនឹងខែបុស្ស-មាឃ ហើយជាខែទី០១ នៃប្រតិទិន ហ្ក្រេហ្គោរាន ដែលជាប្រតិទិនសកលនា។
ថ្ងៃទី០១ នៃខែមករា ត្រូវបានកំណត់ថាជាថ្ងៃចូលឆ្នាំថ្មីសកល តាំងពី១៥៣ឆ្នាំ មុនគ.ស ប៉ុន្តែមិនត្រូវបានគេទទួលយក និងអនុវត្តជាទូទៅឡើយ រហូតដល់ឆ្នាំទី៤៦ មុនគ.ស ទើបគេអនុវត្តរហូតមកដល់សព្វថ្ងៃ។ តាមធម្មតាខែមករា ជាអំឡុងពេលដែលមានអាកាសធាតុត្រជាក់បំផុត នៅអឌ្ឍគោលខាងជើង និងជាខែទី២ នៃ សិសិររដូវនៅទីនោះ ។
ប៉ុន្តែវាជាអំឡុងពេលដែលមានអាកាសធាតុកក់ក្តៅបំផុតប្រចាំឆ្នាំនៅតំបន់ភាគច្រើនបំផុតនៃអឌ្ឍគោលខាងត្បូង ហើយនៅទីនោះ មករា ជាខែទី២ នៃរដូវក្តៅ ។
ដំបូងឡើយ ប្រតិទិន រ៉ូម៉ាំង មានឈ្មោះថា ប្រតិទិន រ៉ូមូលូស ដែលរៀបចំឡើងដោយ សហស្ថាបនិកទីក្រុង រ៉ូម ឈ្មោះ រ៉ូមូលូស នៅ ៧៥៣ ឆ្នាំមុន គ.ស។ ប្រតិទិននេះ ក្នុងមួយឆ្នាំមានតែ ១០ ខែ ត្រូវជា៣០៤ ថ្ងៃ ប៉ុណ្ណោះ ដោយយនៅសល់៦១ថ្ងៃ នៃ សិសិររដូវ ពុំត្រូវបាន កំណត់ ឬ ចាត់ចូលក្នុងខែណាមួយឡើយ ។ ខែទី០១ នៃប្រតិទិន រ៉ូមូលូស គឺខែមីនា ។
៤០ ឆ្នាំក្រោយមក ពោលគឺនៅឆ្នាំទី ៧១៣ មុនគ.ស អធិរាជ្យ រ៉ូម៉ាំង ព្រះនាម នូម៉ា ប៉ុមពីលីយឺស បានកែប្រែប្រតិទិន រ៉ូមូលូស ដោយការបញ្ចូលខែចំនួន ២ នៅខាងដើម គឺខែ មករា (Ianuarius or Januarius = January) និង ខែ កុម្ភៈ (Februarius or Februarius=February) ហើយគេបានឱ្យឈ្មោះប្រតិទិនថ្មីនេះថា “ ប្រតិទិន នូម៉ា ” ។ ខែមករា (និង ខែកុម្ភៈ) ក៏ចាប់ផ្តើមបង្ហាញវត្តមានក្នុងលោកតាំងពីពេលនោះមក ។ ដូច្នេះនៅឆ្នាំ២០២១ ខែ មករា មានវ័យចំណាស់២.៧៣៤ ឆ្នាំហើយ ។
មូលហេតុ នៃឈ្មោះខែ មករា
ប្រភពឈ្មោះ ខែ មករា ជាភាសា អង់គ្លេស ថា January មកពីឈ្មោះរបស់ទេវតា មួយអង្គឈ្មោះ ជេនូស (Janus) ដែលត្រូវគេស្គាល់ផងដែរថាឈ្មោះ ឡានួរីយើស (Ianuarius) ។ ជេនូស ឬ ឡានួរីយើស ជាទេវតារក្សាទ្វារ (ទ្វារបាលទេព) នៅក្នុងទេវកថា រ៉ូម៉ាំង និង ជាទេវតាមុខ ២ ដែល មើលទៅក្រោយ ( អតីតកាល ឬ ឆ្នាំចាស់) និង មើលទៅមុខ ( អនាគតកាល ឬ ឆ្នាំថ្មី ) ផង ។ Janus ឬ Ianuarius ដែល ជាប្រភពដើម នៃ ខែ មករា (January) នេះ មកពីភាសា ឡាតាំង ថា ianua មានន័យស្មើ នឹងភាសា អង់គ្លេស ថា door ឬ doorway ឬ gate ដែលមានន័យជាភាសាខ្មែរថា “ទ្វារ” ឬ “ផ្លូវចូល” ។
ខែ មករា ឬ January នេះ គឺព្រះចៅអធិរាជ្យ រ៉ូម៉ាំង ព្រះនាម នូម៉ា ប៉ុមពីលីយឺស ជាអ្នកដាក់ឱ្យ ដោយទ្រង់យល់ថា ខែ មករា នេះ ជាទ្វារ ឬ ជាច្រកចូលទៅក្នុងឆ្នាំនីមួយៗ អាចប្រដូចទៅនឹងទេវតា ជេនូស ជាអ្នកយាមទ្វារ ជាទីដែលគេត្រូវឆ្លងកាត់ ដើម្បីបានចូលទៅក្នុងទី ឬ វិមានណាមួយ ។
ក៏ស្របគ្នាជាមួយអត្ថន័យខាងលើនេះដែរ បើគេបកស្រាយទៅលើរូបទេវតា ជេនូស ជាទេវតា រក្សាទ្វារ ដែលមានមុខ ២ នោះ គឺមានន័យថាជាខែដែលគេត្រូវ គិតពិចារណាអំពីបទពិសោធន៍កាល ពីឆ្នាំចាស់ ដើម្បីរៀបចំជីវិតសម្រាប់ឆ្នាំថ្មី ។
ឈ្មោះខែ មករា នៅក្នុងវប្បធម៌ជាតិសាសន៍ផ្សេងៗ
ឈ្មោះជាប្រវត្តិសាស្ត្រ នៃ ខែ មករា រួមទាំងការកំណត់ដំបូងរបស់ រ៉ូម៉ាំង ថា Ianuarius ដែលក្នុងន័យរបស់សាកសុងថា Wulf-monath ដែលមានន័យស្មើនឹងភាសា អង់គ្លេស បច្ចុប្បន្នថា wolf month ប្រែថា ខែ នៃ សត្វចចក ។ ដោយហេតុនេះ ទើប វប្បធម៌បណ្តាប្រទេសមួយចំនួននៅ អឺរ៉ុប បានហៅ បូណ៌មីតិថី ឬ ថ្ងៃដែលមានព្រះចន្ទពេញវង់ នៃ ខែមករា ឈ្មោះ “ ព្រះចន្ទចចក” ឬ “ព្រះចន្ទត្រជាក់” ។
ចំពោះអត្ថន័យ នៅក្នុងវប្បធម៌ ហ្វាំងឡង់ដ៍ ហៅ ខែមករា ថា “ខែដើមសែន” (tammikuu= month of the oak) ប៉ុន្តែន័យដើម ពាក្យថា tammi (ដែលបានក្លាយទៅជាពាក្យថា tammikuu) ដើមឡើយមានន័យស្មើនឹងពាក្យថា axis ឬ core ដែល មានន័យជាភាសាខ្មែរ ថា “បេះដូង” ឬ “បណ្តូល” ។ ដោយហេតុនេះ ទើបអ្នកខ្លះ ហៅខែមករា តាមវប្បធម៌ហ្វាំងឡង់ដ៍ថា “ខែដែលជាបេះដូង ឬ បណ្តូល នៃ សិសិររដូវ” ដោយសេចក្តីថា ខែមករា ស្ថិតនៅចំកណ្តាល នៃ សិសិររដូវ ហើយគេក៏បានប្រៀបប្រដូចវាឱ្យស្មើនឹងបេះដូង ឬ បណ្តូល នៃ រដូវត្រជាក់នេះឯង ។
វប្បធម៌ ប្រជាជនឆែក ហៅខែមករានេះថា “ខែទឹកកក” (ice month) ត្បិតខែនេះជាពេលដែលធ្លាក់ទឹកកក ឬ ជាពេលដែលទឹកនៅក្នុងត្រពាំងបឹងបួរ កក ដោយសារអាកាធាតុត្រជាក់ក្រោមសូន្យអង្សា ។ នៅតួគីហៅ ខែមករា នេះថា “ចង្ក្រានកំដៅ” (fireplace) ព្រោះជាពេលដែលគេត្រូវការចង្ក្រានកំដៅនៅក្នុងផ្ទះ ដោយសាររយៈពេល នៃ ខែមករា នេះអាកាសធាតុត្រជាក់ខ្លាំង។
ព្រឹត្តិការណ៍ផ្សេងៗ
ថ្ងៃទី ០១ ជាទិវាប្រកាសឯករាជភាព ព្រុយណេ និង ជាទិវា សេរីភាព នៃ ប្រទេស គុយបា , ទិវាឯករាជ្យជាតិ មីយ៉ាន់ម៉ា ធ្វើនៅថ្ងៃទី ០៤ និង ទិវាកាន់ទុក្ខ នៃ ការបង្ក្រាបរបស់អាណានិគម នៃ ប្រទេស អង់ហ្គោឡា ។ ទី ០៧ ខែ មករា ជាទិវាជ័យជម្នះ នៃ រណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា និង ជាថ្ងៃបុណ្យ ណូអែល នៅប្រទេសរុស្ស៊ី និង បណ្តាប្រទេសដែលកាន់គ្រិស្តសាសនានិកាយ អ័រធូដុក្ស (ដែលត្រូវគេធ្វើជាទូទៅនៅថ្ងៃទី២៥ ខែធ្នូ) ។
បុណ្យទិវា ការមកដល់ នៃ អាយុ នៅប្រទេសជប៉ុន ប្រារព្ធនៅថ្ងៃទីចន្ទ សប្តាហ៍ ទី២ ។ ទិវាជាតិ នៃ ការយល់ដឹង ពីការជួញដូរមនុស្ស នៅសហរដ្ឋអាមេរិក និង ទិវាប្រកាសឯករាជ្យ នៃ ប្រទេស ម៉ារ៉ុក ប្រារព្ធនៅថ្ងៃទី១១ខែមករា ។ ទិវាម៉ាទីនលូធ័រឃីងជូនៀ គឺជាថ្ងៃឈប់សម្រាកមួយរបស់សហរដ្ឋអាមេរិកដែលរំឭកដល់លោក បណ្ឌិតម៉ាទីន លូធ័រឃីង ជាមេដឹកនាំបដិវត្តន៍ការប្រកាន់រើសអើងចំពោះសម្បុរស្បែក (ស ខ្មៅ )។
ទិវាឈប់សម្រាកនេះប្រារព្ឋធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃច័ន្ទ នៃសប្តាហ៍ទី៣ ខែមករា ។ ថ្ងៃទី ២៦ ជាទិវាជាតិ អូស្ត្រាលី ។ ខែមករា ជារដូវកាលដ៏ពេញទំហឹង នៃ អាពាហ៍ពិពាហ៍នៅប្រទេសកម្ពុជា ។
ជំនឿហោរាបស្ចិមលោក
ហោរាសាស្ដ្រលោកខាងលិច បុគ្គលដែលចាត់ទុកថាជាមនុស្សមកររាសី គឺជនានុជនទាំងឡាយណាកើតនៅអម្លុងថ្ងៃទី២២ ខែ ធ្នូ ដល់ថ្ងៃទី ១៩ មករា ។ និម្មិតសញ្ញានៃបុគ្គលកើតខែមករា គឺសត្វពពែ ធាតុដី ទទួលឥទ្ធិពលពីភពសៅរ៍ (Saturn) ជាប្រភេទមនុស្សពូកែខាងទ្រិស្តី ឬ ទ្រិស្តីនិយម ។ បុគ្គលកើតខែមករា ស្មើនឹងមនុស្សកើតឆ្នាំគោ ឬ ឆ្នាំឆ្លូវ នៃ ប្រតិទិនចិន ឆុងនឹងមនុស្សកើតខែកក្កដា (២១មិថុនា-២២កក្កដា) ។ ពណ៌ដែលសក្តិសមគឺពណ៌ត្នោត ឯត្បូងនាំសំណាងគឹត្បូង ដៃរគៀម (Onyx) ។
បុគ្គលកើតក្នុងមកររាសី គឺជាមនុស្សពូកែតស៊ូពុះពារព្យាយាមក្នុងឆាកជីវិតណាស់ ជាមនុស្សឯករាជ្យ ជាលក្ខណៈពិសេសមួយអនុញ្ញាត្តឲ្យបុគ្គលនេះអាចបោះជំហានទៅមុខជានិច្ចពាក់ព័ន្ធនឹងរឿងផ្ទាល់ខ្លួន និងការងារ ។ មានការទទួលខុសត្រូវ មានវិន័យគ្រប់គ្រងខ្លួនឯង បុគ្គលនេះតែងប្រាថ្នាសម្រេចដល់ទីដៅខ្ពស់ក្នុងការងារដោយចាប់ផ្តើមពីឋានៈតូចតាច មិនចង់ឲ្យនរណាម្នាក់លើកបន្តុបឲ្យមានឋានៈខ្ពស់ដោយមិនបានបញ្ចេញសមត្ថភាពឡើយ ។ គេក៏ជាមនុស្សពូកែកំប្លែងគ្រាន់បើដែរ។ប៉ុន្តែជួនកាលគេមានចំណុចខ្សោយដោយសារដឹងរឿងរ៉ាវច្រើនពេក មិនងាយអត់ឱនឲ្យអ្នកដទៃ។ គេពុំសូវជាចូលចិត្តមានមិត្តភក្តិក្នុងសង្គមច្រើនទេ ពោលគឺចង់បានតែមិត្តភក្តិដែលខ្លួនយល់ថាជាមនុស្សស្មោះស្ម័គ្រ និង ចិត្តល្អតែប៉ុណ្ណោះ ។ គេជាមនុស្សចាប់ផ្តើមបង្កើតទំនាក់ទំនងស្នេហាដោយសន្សឹមៗ ក៏មិនចេញមុខមុនគេឡើ ។ បុគ្គលនេះផ្តល់តម្លៃទៅលើតម្រូវការរបស់ដៃគូខ្លាំងណាស់។
និយាយរឿងលុយកាក់ បុគ្គលនេះពូកែខាងចាត់ចែងណាស់។ បុគ្គលនេះប្រហែលជាចំណាយធំបន្តិច ប៉ុន្តែរបស់របរដែលបុគ្គលនេះទិញតែងតែជាទំនិញដែលមានគុណភាពខ្ពស់ និង មានប្រយោជន៍ប្រើបានច្រើនឆ្នាំ៕