ដោយ: ប.ខុន / ភ្នំពេញ: សីតុណ្ហភាពអប្បបរមាជាទូទៅបានងើបឡើងវិញ ក្នុងរង្វង់លើសពី ២០អង្សាសេ នៅសល់តែខេត្តមណ្ឌលគិរីមួយទេ ដែលស្ថិតនៅក្នុងរង្វង់១៩ អង្សាសេ និងនៅពេលបន្ទាប់ពីនេះ អាចនឹងមានភ្លៀងខុសរដូវធ្លាក់តិចតួចលើផ្នែកខាងក្រោម នៃប្រទេសកម្ពុជាដូចជាខេត្តត្បូងឃ្មុំ ព្រៃវែងស្វាយរៀង និងរាជធានីភ្នំពេញ នៅព្រលឹមស្រាងៗថ្ងៃទី៥ ខែមករាឆ្ន២០២១ ដោយសារឥទ្ធិពលសម្ពាធទាប។
លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងធនធានទឹក និង ឧតុនិយម ប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី៣ខែមករាឆ្នាំ២០២១ថា ជាទូទៅសីតុណ្ហ ភាពអប្បបរមានៅក្នុងក្របខណ្ឌទូទាំងប្រទេស ចាប់ផ្តើមងើបឡើងវិញដល់ក្នុង រង្វង់លើសពី២០អង្សាសេហើយ លើកលែងតែខេត្តមណ្ឌលគិរីមួយទេ ដែលស្ថិតនៅក្នុងរង្វង១៩អង្សាសេ បន្ទាប់ពីបានចុះទាបដល់រង្វង់១៣ទៅ១៤អង្សាសេនៅ កន្លែងខ្លះកាលពីថ្ងៃឆ្លងឆ្នាំសកល។
អ្នកនាំពាក្យក្រសួងជំនាញខាងលើបញ្ជាក់ថា សីតុណ្ហភាពអប្បរមាបន្តកើនឡើងជាលំដាប់ តែវាឡើងមិនខ្ពស់ទេ ហើយវានឹងចុះត្រជាក់ជាថ្មី នៅក្នុងសប្តាហ៍ខាងមុខ បន្ទាប់ពីមានភ្លៀងខុសរដូវធ្លាក់តិចតួច ដោយសារឥទ្ធិពលសម្ពាធទាប រុញមកពីសមុទ្រចិនខាងត្បូង(កើត)។
លោក ចាន់ យុត្ថា និយាយឱ្យដឹងទៀតថា សម្ពាធទាបជាប្រព័ន្ធដែលបានធ្វើ មានជំនន់នៅតំបន់ខ្លះក្នុងប្រទេសហ្វីលីពីន និងប្រទេសសឹង្ហបុរី កាលពីថ្ងៃទី២ខែ មករាឆ្នាំ២០២១ ពេលនេះវាបានដើរចូលក្នុងសមុទ្រចិនខាងត្បូង តែដោយសារ សម្ពាធខ្ពស់រុញចុះមកខ្លាំងបានធ្វើឱ្យសម្ពាធទាបដើរចុះទៅក្រោមនៅពេលរំកឹល មកជិតឆ្នេរប្រទេសវៀតណាម។ សម្ពាធទាបដែលរុញមកជាប្រព័ន្ធនេះនឹងបង្កឱ្យ មានភ្លៀងខុសរដូវធ្លាក់តិចតួចនៅផ្នែកខាងក្រោម(ត្បូង)លើប្រទេសកម្ពុជាដូចជា ខេត្តត្ពុងឃ្មុំ ព្រៃវែង ស្វាយរៀង និង រាជធាភ្នំពេញ ក៏អាចមានដល់ដែរនៅព្រលឹម ស្រាងថ្ងៃទី៥ខែកមរាឆ្នាំ២០២១៕