សម្ដេចក្រឡាហោម ស ខេង ពិនិត្យដំណើរការសាងសង់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា ចិន ព្រះកុសមៈ

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ សម្ដេចក្រឡាហោម ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានអញ្ជើញចុះពិនិត្យដំណើរការសាងសង់អគារមិត្តភាព កម្ពុជា ចិន នៅមន្ទីរពេទ្យមិត្តភាព កម្ពុជាចិន ព្រះកុសមៈ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣ ខែមករានេះ។

អញ្ជើញអមដំណើរសម្ដេចក្រឡាហោមនាឱកាសនោះ រួមមាន: លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល, ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ, ក្រសួងសុខាភិបាល ដោយមានការទទួលបដិសណ្ឋារកិច្ចពីនាយកមន្ទីរពេទ្យមិត្តភាព កម្ពុជា ចិន ព្រះកុសមៈ ក្រុមគ្រូពេទ្យ និងក្រុមអ្នកជំនាញសាងសង់អគារមន្ទីរពេទ្យ។

នាឱកាសនោះ សម្ដេចក្រឡាហោម ខេង បានគូសបញ្ជាក់ថា ដំណើរការសាងសង់មន្ទីរពេទ្យនេះ គឺជាការបង្កើតនូវសមិទ្ធផលដ៏មានសារសំខាន់សម្រាប់សេវាសុខភាពសាធារណៈជូនពលរដ្ឋ។

សម្ដេចក្រឡាហោមបានបន្តថា កន្លងមកសម្ដេចបានចូលរួមចំណែកជួយសាងសង់អគារវះកាត់ជូនមន្ទីរពេទ្យ ដោយសម្ដេចគិតថាកាលពីពេលនោះ ក្រសួងសុខាភិបាល និងមន្ទីរពេទ្យមានការជួបបញ្ហាខ្វះខាតច្រើន ក្នុងនោះក៏មានបញ្ហាផ្នែកអគារមន្ទីរពេទ្យ និងបញ្ហាមួយចំនួនទៀត មុននឹងឈានមកដល់ដំណាក់កាលអភិវឌ្ឍជាបន្តបន្ទាប់ដូចបច្ចុប្បន្ន។

សម្ដេចបានបន្ថែមថា ចាប់ពីឆ្នាំ២០១៥មក ដោយមានការយកចិត្តទុកដាក់ពីរាជ រដ្ឋាភិ បាលដែលមានសម្ដេចតេជោជាប្រមុខ ជាពិសេសលោកម៉ម ប៊ុនហេង រដ្ឋមន្រ្តីសុខាភិបាល និងនាយកមន្ទីរពេទ្យ ព្រមទាំងសហការី មន្ទីរពេទ្យមួយនេះក៏មានការអភិវឌ្ឍជាបន្តបន្ទាប់ ក្នុងនោះសមិទ្ធផលធំគឺការទទួលបានការគាំទ្រជាជំនួយឥតសំណងពីរដ្ឋាភិបាលសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីសាងសង់អគារដ៏ស្កឹមស្កៃជាង៣ម៉ឺនម៉ែត្រការ៉េនេះ។

សម្ដេចក្រឡាហោមបានបង្ហាញក្ដីសង្ឃឹមថាក្រោយពេលសាងសង់ចប់ គួបផ្សុំលទ្ធភាព និងសមត្ថភាពដែល មានស្រាប់ មន្ទីរពេទ្យដែលមានលោកវេជ្ជបណ្ឌិត តាំង សុគន្ធ  នឹងអាចធ្វើឱ្យមានការអភិវឌ្ឍបន្ថែមទៀតទាក់ទងនឹងការគ្រប់គ្រង ការចាត់ចែងសេវាសាធារណៈជូនប្រជាពលរដ្ឋ និងប្រមូលចំណូលតាមគោលការណ៍ច្បាប់ដើម្បីធានារាប់រងតួនាទី និងការទទួលខុសត្រូវរបស់ខ្លួន។

សម្ដេចក្រឡាហោម ក៏បានបង្ហាញភាពរីករាយដោយសារនៅខេត្តត្បូងឃ្មុំដែលជាខេត្តថ្មីក៏ទទួលបានជំនួយមន្ទីរពេទ្យពីសាធារណរដ្ឋប្រជាមានិតចិន អាចជាមន្ទីរពេទ្យធំជាងគេទូទាំងប្រទេសលើកលែងតែរាជធានីភ្នំពេញ៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular