នាវា​ផ្ទុក​យន្តហោះ​ចិន​ដឹកនាំ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​នៅ​សមុទ្រ​ចិន​ខាងកើត​

1161
ចែករម្លែក

​នាវា​ផ្ទុក​យន្តហោះ​តែមួយគត់​របស់​ចិន​បាន​ដឹកនាំ​ក្រុម​នាវាចម្បាំង​ក្នុង “​សមយុទ្ធ​ហ្វឹកហាត់​បាញ់​គ្រាប់​ពិត​” នៅ​សមុទ្រ​ចិន​ខាងកើត ដែលជា​ការបង្ហាញ​កម្លាំង​ទ័ពជើងទឹក​ចុងក្រោយ​បំផុត​របស់​ចិន​។ នេះ​បើតាម​សេចក្តីរាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​កាលពី​ថ្ងៃ​អង្គារ ទី​២៤ មីនា​។

​ទីភ្នាក់ងារសារព័ត៌មាន​ផ្លូវការ​ស៊ិន​ហួ​បាន​និយាយថា នាវា​ទាំងអស់នេះ “​ចូលរួម​ក្នុងការ​ហ្វឹកហ្វឺន​បាញ់​ប្រឆាំង​យន្តហោះ និង​ប្រឆាំង​នាវាមុជទឹក​” ជាមួយ “​កងកម្លាំង​គូសត្រូវ​” ធ្វើ​ដូចជា​មែនទែន​មួយក្រុម​។​

​ស៊ិន​ហួ​និយាយថា សមយុទ្ធ​ដែល​បានធ្វើ​ឡើង​កាលពី​ថ្ងៃអាទិត្យ ទី​២២ មេសា​នេះ រួមបញ្ចូល​ទាំង​ការឡើង​ចុះ​ជាច្រើនលើក​ពី​នាវា​ផ្ទុក​យន្តហោះ Liaoning ដោយ​យន្តហោះ​ចម្បាំង J-15 ហើយ​ថា “​មី​ស៊ី​ល​ប្រឆាំង​យន្តហោះ​ត្រូវបាន​បាញ់​ចេញពី​នាវាចម្បាំង​នៅ​ជុំវិញ​នាវា​ផ្ទុក​យន្តហោះ​” ។​

​សមយុទ្ធ​នេះ​បានកើត​ឡើង​នៅ​សមុទ្រ​ចិន​ខាងកើត បើទោះជា​របាយការណ៍​មិនបាន​ផ្តល់​ទីតាំង​ជាក់លាក់​ក៏ដោយ​។​

​សមុទ្រ​នេះ​គឺជា​ទីតាំង​នៃ​ប្រជុំ​កូន​កោះ​គ្មាន​មនុស្ស​រស់នៅ ដែល​ស្ថិតនៅ​ចំ​កណ្តាល​ជម្លោះ​រវាង​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​និង​ក្រុង​ប៉េកាំង​។ រដ្ឋាភិបាល​ជប៉ុន​បាន​តវ៉ា​ជា​យូរ​មកហើយ​អំពី​ការបញ្ជូន​ឆ្មាំ​សមុទ្រ​ជាប្រចាំ​របស់​ចិន​ទៅកាន់​ដែនទឹក​ជុំវិញ​ប្រជុំ​កូន​កោះ​ទាំងនោះ​៕ ដោយ៖ កញ្ញាដាលីស

នាវា​ផ្ទុក​យន្តហោះ Liaoning ដឹកនាំ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​នៅ​សមុទ្រ​ចិន​ខាងកើត​នៅ​ថ្ងៃ​អង្គារ​នេះ

ទីតាំងផ្សាយពាណិជ្ជកម្ម