​ព្រមាន​ក្រុមហ៊ុន​ឯកជន​ណា​ដេញថ្លៃ​គម្រោង​មូលនិធិ​ឃុំ​សង្កាត់​មិន​ព្រម​អនុវត្ត​ដាក់​ក្នុង​បញ្ជីខ្មៅ​

1236
ចែករម្លែក
  • 36
    Shares

​ដោយ​:​គង់​ហេង​/​កំពង់ចាម​:​អាជ្ញាធរខេត្ត​កំពង់ចាម​បានធ្វើការ​ស្តីបន្ទោស​ធ្ងន់ៗ​ដល់​មន្ត្រី​ក្រុមប្រឹក្សាឃុំ​សង្កាត់​ដែលជា​អ្នកអនុវត្ត​គម្រោង​សាងសង់​ផ្លូវថ្នល់​ទំនប់​ប្រឡាយ​មិន​ឆ្លើយតប​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ​គឺ​បាន​ពន្យារពេល​ការអនុវត្តន៍​គម្រោង​មិន​គោរព​ផែនការ​។ ពិសេស​ចំពោះ​ក្រុមហ៊ុន​ទាំងឡាយណា​ដែល​បាន​ដេញថ្លៃ​គម្រោង​ហើយ​មិន​ព្រម​សាងសង់​ឬ​អនុវត្ត​នោះ​គឺ​ត្រូវដាក់​ចូលក្នុង​បញ្ជីខ្មៅ​មិន​អនុញ្ញាត​ឲ្យ​ចូល​ដេញថ្លៃ​គម្រោង​នេះ​ទាំងអស់​នៅ​ឆ្នាំ​បន្ត​ឡើយ​។​

​លោក​គួច​ចំរើន​អភិបាលខេត្ត​កំពង់ចាម​មានប្រសាសន៍​បែបនេះ​នៅក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ណែនាំ​អំពី​សៀវភៅ​ណែនាំ​ការអនុវត្តន៍​គម្រោង​មូលនិធិ​ឃុំ សង្កាត់ នៅក្នុង​សាលាខេត្ត​កំពង់ចាម នា​ព្រឹក​ថ្ងៃទី ២៣ ខែមេសា ឆ្នាំ​២០១៨​នេះ​។ ដោយមាន​មន្ត្រី​ពាក់ព័ន្ធ​ចូលរួម​មកពី​ក្រុង​កំពង់ចាម និង​ស្រុក​កំពង់សៀម​សរុប​ជាង​១០០​នាក់​។​
​ ​
លោក​អភិបាលខេត្ត​បាន​ថ្លែងថា ក្រុង​កំពង់ចាម​សម្រាប់​ឆ្នាំ ២០១៧ មាន​ចំនួន ប្រាំ គម្រោង​បាន​អនុវត្ត​រួច​មួយរយ​ភាគរយ​មែន​។ ប៉ុន្តែ​មានការ​យឺត​យាវ​មិន​គោរព​តាម​ផែនការ​កំណត់ ក្នុង​ច្បាប់​ក៏ត្រូវ​ពិន័យ​ដែរ គឺ​អនុវត្ត​គម្រោង​មិនត្រូវ​ឆ្លង​ឆ្នាំ​ឡើយ ។ ដោយឡែក​ស្រុក​កំពង់សៀម​ឆ្នាំ​២០១៧ មាន​ចំនួន ១៥ គម្រោង គឺ​អនុវត្តបាន​ចំនួន ៥០​ភាគរយ​ប៉ុណ្ណោះ​។ នេះ​ជា​កំហុស​នៃ​ការទទួលខុសត្រូវ​រប​ស់​ក្រុមប្រឹក្សាឃុំ​។ យើង​គ្មាន​ការយោគយល់​ទេ បើ​ស៊ើបអង្កេត​ទៅរក​ឃើញថា​ត្រូវ​ពិន័យ​កម្រិតណា​នោះ គឺ​អនុវត្ត​ទៅតាម​ច្បាប់​កំណត់​ហើយ​។​

​លោក គួច ចំរើន បាន​សង្កត់ធ្ងន់ថា ក្នុងនោះ​ចំពោះ​ក្រុមហ៊ុន​ឯកជន​ទាំងឡាយណា​ដែល​បាន​ដេញថ្លៃ​គម្រោង​ឃុំ​សង្កាត់​បាន​ហើយ បែរជា​មិន​ព្រម​អនុវត្ត​ដំណើរការ​សាងសង់​គម្រោង​នោះទេ ឬ​អនុវត្ត​យឺត​យាវ គឺ​យើង​នឹង​ចេញ​លិខិត​ព្រមាន និង​ឈានដល់​ស្រង់​បញ្ជី​ឈ្មោះ​ក្រុមហ៊ុន​ទាំងនោះ ដាក់​ចូលក្នុង​បញ្ជីខ្មៅ​។ ដោយ​មិន​អនុញ្ញាត​ឲ្យ​ចូល​ដេញថ្លៃ​រាល់​គម្រោង​ទាំងអស់​នៅក្នុង​ខេត្តកំពង់ចាម​នៅ​ឆ្នាំ​ខាងមុខនេះ​បាន​ទៀត​ទេ​៕S/

​ព្រមាន​ក្រុមហ៊ុន​ឯកជន​ណា​ដេញថ្លៃ​គម្រោង​មូលនិធិ​ឃុំ​សង្កាត់​មិន​ព្រម​អនុវត្ត​ដាក់​ក្នុង​បញ្ជីខ្មៅ​


​ ​ ​

ទីតាំងផ្សាយពាណិជ្ជកម្ម