ដោយៈ បូកគោ / កំពតៈ រថយន្តបួនគ្រឿង បានប៉ះគ្នា ជាបន្តបន្ទាប់ ក្នុងក្រុងកំពត ត្រង់ចំណុចផ្លូវខ្វែង ក្បែរស្ពានមិត្តភាព កម្ពុជា-កូរ៉េ កំពង់បាយ បង្កការស្ទះចរាចរ ប្រមាណជិតមួយម៉ោង និងរងការខូចខាត រៀងៗខ្លួន។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៧ និង៣០នាទី យប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ។
ប្រភពពីកន្លែងកើតហេតុ បានរៀបរាប់ថាៈ មុនពេលគ្រោះថ្នាក់កើតឡើង គេឃើញរថយន្តធុនធំមួយគ្រឿង បើកមកពី ទិសខាងកើត ដោយល្បឿនយ៉ាងលឿន សំដៅឡើងស្ពាន។ ស្របពេលនោះ ស្រាប់តែមានរថយន្ត ម៉ាកតូយ៉ូតា ព្រូស មួយគ្រឿង មកពីទិសខាងត្បូង បម្រុងបត់ឡើងស្ពាន ក៏ត្រូវរថយន្តធុនធំ បុកពេញទំហឹង ហើយរថយន្តព្រូស វិលប៉ះរថយន្តម៉ាកម៉ូនីង មួយគ្រឿង កំពុងបើកចុះពីស្ពាន រួចរថយន្តម៉ូនីង ប៉ះជាមួយរថយន្ត ភីកអាប់ មួយគ្រឿងទៀត ទើបអស់ល្បឿនរៀងខ្លួន។
ប្រភពដដែល បានបន្តថាៈ ក្នុងស្ថានភាពបែបនោះ រថយន្តធុនធំ មិនបានឈប់ទេ ដោយបង្កើនល្បឿន បើកឡើងស្ពាន ឆ្ពោះទៅទិសខាងលិច បាត់តែម្តង។ ជាមួយហេតុការណ៍នេះ បានបង្កឱ្យមានការកកស្ទះផ្លូវ ជិតមួយម៉ោង តែបានធូរស្បើយ ក្រោយពេលសមត្ថកិច្ច យករថយន្ត មកស្ទួចរថយន្ត ខូចចេញពីផ្លូវ និងសម្រួលចរាចរ ឱ្យមានភាពប្រក្រតីឡើងវិញ។
មន្ត្រីនគរបាលចរាចរខេត្តកំពត បានបញ្ជាក់ថាៈ នៅពេលបើករត់ ដល់ពាក់កណ្តាលស្ពាន អ្នកបើកបររថយន្តធុនធំ ដឹកថ្ម ពាក់ព័ន្ធហេតុការណ៍ ខាងលើ ក៏ឈប់ និងចត រួចគេចខ្លួនបាត់ ដែលរថយន្តនោះ ធ្លាយធុងប្រេង ហូរពេញផ្លូវ។ ដោយការពិនិត្យតាមរយៈ កាមេរ៉ាសុវត្ថិភាព ឃើញថា រថយន្តដឹកថ្ម ប្រើប្រាស់លើសល្បឿនកំណត់។ ចំណែករថយន្ត តូយ៉ូតា ព្រូស ក៏បំពានច្បាប់ ស្តីពីការបើកបរ ផងដែរ៕/V
ស្ទះផ្លូវជិតមួយម៉ោង ដោយសាររថយន្ត បួនគ្រឿង ប៉ះគ្នា ក្នុងក្រុកំពត
ស្ទះផ្លូវជិតមួយម៉ោង ដោយសាររថយន្ត បួនគ្រឿង ប៉ះគ្នា ក្នុងក្រុកំពត
ស្ទះផ្លូវជិតមួយម៉ោង ដោយសាររថយន្ត បួនគ្រឿង ប៉ះគ្នា ក្នុងក្រុកំពត
ស្ទះផ្លូវជិតមួយម៉ោង ដោយសាររថយន្ត បួនគ្រឿង ប៉ះគ្នា ក្នុងក្រុកំពត