ដោយៈ គ្រញូង / បាត់ដំបងៈ នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ កម្លាំងការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានបញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ពីបទ ធ្វើឃាតព្រះសង្ឃ ដោយសាររឿងគំនុំ។ ជនសង្ស័យរូបនេះ ត្រូវបានកម្លាំងនគរបាល ស្រុកបាណន់ ឃាត់ខ្លួនបាន កាលពីព្រឹក ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ នៅសង្កាត់អូរចារ ក្រុងបាត់ដំបង ក្រោយពេលជននេះ ធ្វើសកម្មភាពកាប់ ទៅលើព្រះសង្ឃ ដែលគង់ក្នុងវត្តឈើទាល ក្នុងឃុំឈើទាល ស្រុកបាណន់ កាលពីរសៀល ថ្ងៃទី២ ខែមករា ឆ្នាំ២០២១ ហើយជិះម៉ូតូគេចខ្លួនបាត់។
លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាល ស្រុកបាណន់ បានឲ្យដឹងថាៈ ជនសង្ស័យ ឈ្មោះ ហេង ណារិន ហៅ ពៅ ភេទប្រុស អាយុ ២០ ឆ្នាំ មានលំនៅ នៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង។ ក្រោយពេល ជននេះ បានប្រព្រឹត្តករណី ហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស ដោយប្រើកាំបិតខ្វែវ កាប់ទៅលើព្រះសង្ឃ១អង្គ ព្រះនាម សូត្រ សុផុន ព្រះជន្ម ៧២ ព្រះវស្សា ជាព្រះគ្រូសូត្រឆ្វេង គង់នៅវត្តឈើទាល បណ្តាលឲ្យរងរបួសធ្ងន់ កាលពីម៉ោង ១២ រសៀល ថ្ងៃទី២ ខែមករា ឆ្នាំ២០២១ នៅក្នុងបរិវេណវត្តឈើទាល ស្ថិតនៅភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យនេះ បានសារភាពថាៈ មូលហេតុដែលរូបគេ យកកាំបិតខ្វែវ កាប់ទៅលើព្រះសង្ឃ ខាងលើ ដោយសារ រូបគេមានគំនុំជា មួយព្រះសង្ឃអង្គនេះ កាលពីអំឡុង ខែឧសភា ឆ្នាំ២០១៩ កន្លងទៅ។ កាលនោះ ខ្លួនធ្លាប់មក ស្នាក់នៅវត្តនេះ ហើយបានសុំព្រះគ្រូ ព្រះនាម សូត្រ សុផុន បួសជាសាមណេរ ប៉ុន្តែព្រះគ្រូ មិនអនុញ្ញាតឱ្យបួស ហើយពេលបន្ទាប់មក ខ្លួនក៏ចាកចេញពីទីអារាមនោះទៅ ហើយផ្តើមនូវគំនុំនេះ រហូតមក។ លុះដល់ថ្ងៃកើតហេតុ ខ្លួនជិះម៉ូតូតែម្នាក់ឯង ប្រដាប់ដោយកាំបិតមួយ ចូលទៅកាប់ប្រហារព្រះសង្ឃ ដែលកំពុងគង់ នៅក្នុងកុដិ តែ១អង្គឯង មួយកាំបិត ហើយជិះម៉ូតូគេចខ្លួន។
សមត្ថកិច្ច បានដកហូតបានកាំបិតខ្វែវ ចំនួន១ ស្បែកជើងរបស់ជនសង្ស័យ មួយគូ នៅកន្លែងកើតហេតុ និងម៉ូតូមួយគ្រឿង ដែលជនសង្ស័យ ជិះធ្វើសកម្មភាព ។
លោកវរសេនីយ៍ឯក លឹម ពុទ្ធិឡា ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានបញ្ជាក់ថាៈ ក្រោយពេលជនដៃដល់ សារភាពរួចមក លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្ត បានបញ្ជាឲ្យកម្លាំងជំនាញ កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការ តាមផ្លូវច្បាប់៕/V
ជនដៃដល់ កាប់ទៅលើព្រះសង្ឃ ១កាំបិត ដោយសាររឿងគំនុំ និងវត្ថុតាង