ប្រែសម្រួល : កញ្ញាដាលីស ៖ អ្នកកាន់ទុក្ខអ៊ីរ៉ាក់រាប់ពាន់នាក់បានស្រែកថា “សងសឹក” និង “បដិសេធជនជាតិអាម៉េរិក” កាលពីថ្ងៃអាទិត្យពោលគឺមួយឆ្នាំបន្ទាប់ពីការវាយប្រហារដោយដ្រូនរបស់អាម៉េរិកបានសម្លាប់មេបញ្ជាការអ៊ីរ៉ង់គួរឱ្យគោរព លោក កាសសេម សូឡេម៉ានី និងអនុប្រធានរបស់លោកប្រចាំអ៊ីរ៉ាក់ លោកអាប៊ូ ម៉ាឌី អាល់មូហាឌីស។
ក្រុមបាតុករគាំទ្រអ៊ីរ៉ង់ ដែលភាគច្រើនស្លៀកពាក់ខ្មៅ បានប្រមូលផ្តុំគ្នានៅទីលានថារៀនៅកណ្តាលទីក្រុងបាកដាដ កន្លែងដែលពួកគេក៏បានថ្កោលទោសផងដែរចំពោះនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក មូស្តាហ្វា អាល់ខាដេមី ថាជា “មនុស្សកំសាក” និង ជា “ភ្នាក់ងាររបស់អាម៉េរិក”។
ពិធីរំលឹកខួបនៃការវាយប្រហារដោយដ្រូននៅបាកដាដ ដែលប៊ិះនាំឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងតេអេរ៉ង់ឈានដល់ដំណាក់កាលផ្ទុះសង្គ្រាមនៅដើមឆ្នាំ ២០២០ក៏ត្រូវបានប្រារព្ធនៅប៉ុន្មានថ្ងៃថ្មីៗនេះនៅទូទាំងប្រទេសអ៊ីរ៉ង់និងដោយក្រុមអ្នកគាំទ្រនៅក្នុងប្រទេសស៊ីរី លីបង់ យេម៉ែននិងកន្លែងផ្សេងទៀតផងដែរ។
ការប្រារព្ធពិធីរំលឹកដ៏ផុសផុលនេះបានធ្វើឱ្យមានភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ មុនពេលប្រធានាធិបតីអាម៉េរិកដូណាល់ ត្រាំ ដែលបញ្ជាឱ្យសម្លាប់លោកសូឡេម៉ានី ចាកចេញពីសេតវិមាន។
អ៊ីរ៉ង់បានរៀបចំព្រឹត្តិការណ៍រំលឹកខួបមរណាជាច្រើនសម្រាប់លោកសូឡេម៉ានី ដែលដិតជាប់ជាអមតៈនៅតាមរូបថត រូបចម្លាក់ បទចម្រៀង និង រឿងភាគទូរទស្សន៍ដែលនឹងបញ្ចាំងឆាប់ៗខាងមុខ។ រដ្ឋាភិបាលក្រុងតេហេរ៉ង់កាលពីថ្ងៃអាទិត្យក៏បង្ហាញជីវប្រវត្តិរបស់គាត់ផងដែរ ដោយផ្តោតសំខាន់លើកុមារភាពនិងយុវវ័យភាពរបស់គាត់ និង តែមមានរូបលោកសម្រាប់ជាការផ្តល់កិត្តិយស៕
បាតុករអ៊ីរ៉ាក់រាប់ពាន់នាក់នាំគ្នាកាន់ទុក្ខនិងរំលឹកខួបមរណារបស់លោកសូឡេម៉ានីនិងលោកអាប៊ូ ម៉ាឌី អាល់មូហាឌីសនៅទីលានថារៀនៃក្រុងបាកដាកប្រទេសអ៊ីរ៉ាក់