ប្រែសម្រួល : កញ្ញាដាលីស/វ៉ាស៊ីនតោន ៖ លោកស្រី ណាន់ស៊ី ប៉េឡូស៊ី ត្រូវបានបោះឆ្នោតជ្រើសតាំងឡើងវិញជាប្រធានសភាកាលពីថ្ងៃអាទិត្យទី៣មករាដោយផ្តល់ឱ្យលោកស្រីនូវតំណែងរបស់សភាដែលកាន់កាប់ដោយគណបក្សប្រជាធិបតេយ្យដែលមានសំឡេងភាគច្រើន ខណៈលោកស្រីនិងប្រធានាធិបតីជាប់ឆ្នោត ចូ បៃដិន បានកំណត់ទិសដៅនៃការបង្កើតច្បាប់ដើម្បីដោះស្រាយជំងឺរាតត្បាត ស្តារសេដ្ឋកិច្ចឡើងវិញ និងដោះស្រាយបញ្ហាអាទិភាពដទៃទៀត។
សមាជិកបក្សប្រជាធិបតេយ្យមកពីរដ្ឋកាលីហ្វ័រញ៉ារូបនេះបានប្រាប់អង្គប្រជុំសភាខណៈលោកស្រីទទួលយកអាណត្តិថ្មីពីរឆ្នាំនៅក្នុងមុខតំណែងរបស់គាត់ដែលប្រហែលជាអាណត្តិចុងក្រោយរបស់គាត់យ៉ាងដូច្នេះថា “យើងទទួលយកការទទួលខុសត្រូវមួយ ដែលគួរឱ្យខ្លាចនិងទាមទារការប្រឹងប្រែងបំផុត ដែលថ្នាក់ដឹកនាំជំនាន់មុនមិនធ្លាប់ប្រឈម”។
ដោយលើកឡើងពីជនជាតិអាម៉េរិកចំនួន៣៥០.០០០ នាក់ ដែលបានស្លាប់ដោយសារជំងឺកូវីដ១៩ និងមនុស្សរាប់លាននាក់បាត់បង់ការងារនិងជីវភាពរស់នៅ លោកស្រីបានទទួលការទះដៃសាទរនៅពេលលោកស្រីនិយាយថា “អាទិភាពបន្ទាន់បំផុតរបស់យើងនឹងបន្តកម្ចាត់វីរុសកូរ៉ូណា។ ហើយយើងនឹងកម្ចាត់វាឱ្យបាន”។
ទោះជាយ៉ាងណា មុនពេលមេដឹកនាំសំឡេងភាគតិច លោក ខេវិន ម៉ាកខាធី ជាសមាជិកសភាបក្សសាធារណរដ្ឋមកពីរដ្ឋកាលីហ្វ័រញ៉ា ប្រគល់ញញួរឈើដល់ប្រធានសភា គាត់បានផ្តល់នូវការរំលឹកដ៏គួរឱ្យកត់សម្គាល់មួយចំពោះសភាដែលបែកបាក់និងបែងចែកពណ៌សម្បុរ៕
លោកស្រីប៉េឡូស៊ី ដែលបានដឹកនាំគណបក្សរបស់លោកស្រីនៅក្នុងសភាតាំងពីឆ្នាំ ២០០៣ និងជាស្ត្រីតែម្នាក់គត់ដែលធ្វើជាប្រធានសភា បានទទួលសំឡេងគាំទ្រ ២១៦ ទល់នឹង ២០៩ សម្រាប់បេក្ខជនមកពីគណបក្សសាធារណរដ្ឋលោកម៉ាកខាធី ដែលនឹងនៅតែបន្តធ្វើជាមេដឹកនាំសំឡេងភាគតិចនៅក្នុងសភា