Home ព័ត៌មានអន្តរជាតិ ស្លាប់​១០០​នា...

ស្លាប់​១០០​នាក់​ក្នុងការ​វាយប្រហារ​លើ​ភូមិ​ចំនួន​២​នៅ​ភាគ​ខាងលិច​ប្រទេស​នី​ហ្សេ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​វ៉ាស៊ីនតោន ៖ មេឃុំ​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​៣​មករា​ថា “​ក្រុម​ភេរ​វករ​” បាន​សម្លាប់​មនុស្ស​ប្រហែល ១០០ នាក់​នៅក្នុង​ភូមិ​ចំនួន ២ នៅ​ភាគ​ខាងលិច​ប្រទេស​នី​ហ្សេ ។​

​នេះ​ជា​ករណី​ចុងក្រោយ​នៃ​ការសម្លាប់​រង្គាល​ជន​ស៊ីវិល ដែល​បាន​អង្រួន​តំបន់​ធី​ល​ឡា​បឺរី ដែល​ញាំញី​ដោយ​ក្រុម​ជី​ហាដ​។​

​ការវាយប្រហារ​ទៅលើ​ភូមិ​ចូ​ម៉ា​បាន​ហ្គូ​និង​ភូមិ​ហ្សា​រូ​ម៉ា​ដា​រី​យ៉េ បាន​កើត​ឡើង​កាលពី​ថ្ងៃ​សៅរ៍ គឺ​ពេលដែល​លទ្ធផល​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ជុំ​ទី ១ ទើបតែ​ត្រូវបាន​ប្រកាស​។​

​លោក​អាល់​មូ អាស​សា​ណេ មេឃុំ​តុ​ន​ឌី​គី​វីន​ឌី ដែល​គ្រប់គ្រង​ភូមិ​ទាំង​ពីរ បាន​និយាយថា ការវាយប្រហារ​ត្រូវបាន​ធ្វើឡើង​ដោយ​ពួក​ភេរ​វករ ដែល​ជិះ​ម៉ូតូ​ប្រហែល ១០០ គ្រឿង​។​

​លោក​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា “​មាន​អ្នកស្លាប់​ដល់​ទៅ ៧០ នាក់​នៅ​ភូមិ​ចូ​ម៉ា​បាន​ហ្គូ និង ៣០ នាក់​ស្លាប់​នៅ​ភូមិ​ហ្សា​រូ​ម៉ា​ដា​រី​យ៉េ​” ដោយ​បន្ថែម​ថា​លោក​ទើបតែ​វិល​ត្រឡប់​មកពី​កន្លែង​​វាយប្រហារ​វិញ​។​

​ភូមិ​ទាំង​ពីរ​មាន​ចម្ងាយ ១២០ គីឡូម៉ែត្រ​ពី​ភាគ​ខាងជើង​រដ្ឋធានី​នីញ៉ា​ម៉េ​។​

​លោកហាស​សាណេ​និយាយថា “​ក៏មាន​អ្នករងរបួស ៧៥ នាក់​ផង​ដែរ ដែល​អ្នកខ្លះ​ត្រូវបាន​ជម្លៀស​ទៅ​ទីក្រុង​នីញ៉ា​ម៉េនិង​ទីក្រុង​អ៊ូ​អាល់​ឡាំ​ដើម្បី​ព្យាបាល​”​។​

​ការិយាល័យ​ប្រធានាធិបតី​និយាយថា នាយករដ្ឋមន្ត្រី ប្រាយ​ហ្គី រ៉ា​ហ្វ៊ីនី បាន​ដឹកនាំ​គណៈប្រតិភូ​ទៅ​កាន់​តំបន់​នេះ​កាលពី​ថ្ងៃ​សៅរ៍ ខណៈ​ប្រធានាធិបតី ម៉ា​ហា​ម៉ា​ឌូ អ៊ី​ស៊ូ​ហ្វ៊ូនឹ​ង​រៀបចំ​ក្រុមប្រឹក្សាសន្តិសុខ​​វិសាមញ្ញ​មួយ​នៅ​ថ្ងៃ​ចន្ទ​នេះ​៕

​នី​ហ្សេ​ញាំញី​និង​បង្ក​ភេរវកម្ម​ដោយ​ក្រុម​ជី​ហាដ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular