Home ព័ត៌មានសំខាន់ៗ ល្បិច​បន្លំ​ល...

ល្បិច​បន្លំ​លួច​គ្រប់គ្រង​គណនី​បណ្តាញ​ទំនាក់ទំនង​សង្គម WhatsApp ,Telegram ឬ Facebook

ដោយៈ មុនីរ័ត្ន/​ភ្នំពេញៈ នាយកដ្ឋាន​ព័ត៌មានវិទ្យា នៃ​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា នៅ​ប៉ុន្មាន​ថ្ងៃនេះ​យើង​សង្កេតឃើញថា មាន​ករណី​បន្លំ​លួច​គ្រប់គ្រង​គណនី​បណ្តាញ​ទំនាក់ទំនង​សង្គម តួយ៉ាង​ដូចជា​កម្មវិធី WhatsApp Telegram ឬ​កម្មវិធី Facebook ជាដើម​។ បន្ទាប់ពី​ការសិក្សា​ស្រាវជ្រាវ​លើ​សេចក្តីរាយការណ៍​របស់​ជនរងគ្រោះ ក្រុមការងារ​បច្ចេកទេស បាន​រកឃើញថា​ ករណី​លួច​គណនី​ភាគច្រើន​បង្កឡើង​ដោយសារ​ការប្រើប្រាស់​ល្បិច​បន្លំ ច្រើនជាង​ការ​លួច​ដោយ​ប្រើប្រាស់​បច្ចេកទេស​ចម្លង​មេរោគ​។​

​នាយកដ្ឋាន​ព័ត៌មានវិទ្យា​បាន​បន្តថា ដំណើរការ​នៃ​ការ​លួច​គ្រប់គ្រង​គណនី​៖

– ឧក្រិដ្ឋជន​ធ្វើការ Login ចូល​កម្មវិធី WhatsApp ឬ​កម្មវិធី Telegram ដោយ​ប្រើប្រាស់​លេខ​ទូរស័ព្ទ​ជនរងគ្រោះ (​ចំពោះ​កម្មវិធី Facebook ប្រើប្រាស់​តួនាទី Reset Password ជាមួយ​លេខ​ទូរស័ព្ទ ឬ​ឈ្មោះ Username របស់​ជនរងគ្រោះ​)

– ក្រុមហ៊ុន WhatsApp Telegram ឬ Facebook នឹងធ្វើ​ការបញ្ជូន​លេខ​កូដ PIN តាមរយៈ​សារ SMS ទៅកាន់​លេខ​ទូរស័ព្ទ​របស់​ជនរងគ្រោះ​

– ឧក្រិដ្ឋជន​ប្រើប្រាស់​បច្ចេកទេស​វិស្វកម្ម​បណ្តាញ​សង្គម (Social Engineering) ដោយ​ធ្វើការ​ទាក់ទង​ទៅកាន់​ជនរងគ្រោះ តាមរយៈ​សារ​អេឡិចត្រូនិក ដើម្បី​លួងលោម​ជនរងគ្រោះ​ផ្តល់​លេខ​កូដ PIN (​ឧទាហរណ៍​៖ ប្រាប់​ជនរងគ្រោះ​ថា​ខ្លួន​ច្រឡំ​ផ្ញើ​លេខ​កូដ និង​អង្វរ​ជនរងគ្រោះ​ផ្ញើជូន​ខ្លួន​វិញ ព្រោះ​លេខ​កូដ​នេះ​ត្រូវការ​បន្ទាន់​បំផុត​)

– បន្ទាប់ពី​ទទួលបាន​លេខ​កូដ PIN ឧក្រិដ្ឋជន​វាយ​បញ្ចូល​លេខ​កូដ​នោះ​ដើម្បី​ធ្វើការ​ផ្ទៀងផ្ទាត់​គណនី និង​ដំណើរការ​ចូលកាន់​គណ​នី​កម្មវិធី WhatsApp Telegram ឬ​កម្មវិធី Facebook បាន​ជោគជ័យ​

– ដើម្បី​ទទួល​អាច​គ្រប់គ្រង​គណ​នី​របស់​ជនរងគ្រោះ​កាន់តែ​រឹងមាំ ឧក្រិដ្ឋជន​នឹងធ្វើ​ការផ្លាស់ប្តូរ​ការកំណត់ (Settings) តួនាទី​មួយចំនួន ដូចជា​៖ បន្ថែម​ប្រព័ន្ធ​សុវត្ថិភាព​ដោយ​ប្រើ​លេខ​កូដ Step Two Verification ឬ​ផ្លាស់ប្តូរ​ព័ត៌មាន​ផ្ទៀងផ្ទាត់​របស់​គណនី​ជនរងគ្រោះ ដោយ​ដាក់​ព័ត៌មាន​របស់ខ្លួន​ជំនួយ​វិញ​ជាដើម​។​

(​សេចក្តី​បញ្ជាក់បន្ថែម​៖ មាន​ករណី​មួយចំនួន ឧក្រិដ្ឋជន​ធ្វើការ​បន្លំ​លួច​លេខ​សម្ងាត់​តែម្តង ដោយ​ប្រើប្រាស់​បច្ចេកទេស​វិស្វកម្ម​បណ្តាញ​សង្គម Phishing)

​សេចក្តីណែនាំ​៖

​អាស្រ័យហេតុនេះ​នាយកដ្ឋាន​ព័ត៌មានវិទ្យា សូម​ក្រើនរំលឹក​បងប្អូន​ពលរ​ដ្ឋ​ទាំងអស់ ដែល​ប្រើប្រាស់​កម្មវិធី​បណ្តាញ​ទំនាក់ទំនង​សង្គម ឬ​មាន​គណនី​អ៊ី​ន​ធឺ​ណិត សូម​អនុវត្ត​វិធីសាស្ត្រ​ការពារ​សុវត្ថិភាព​មួយចំនួន​ដូចខាងក្រោម​៖

– ត្រូវ​ជ្រើសរើស​ប្រើប្រាស់​លេខ​សម្ងាត់​ណា​ដែល​ពិបាក​ទស្សន៍ទាយ (​ហាម​ប្រើប្រាស់​លេខ​សម្ងាត់​ជា​៖ លេខ​ទូរស័ព្ទ ថ្ងៃខែ​ឆ្នាំ​កំណើត ឬ​ឈ្មោះ​ខ្លួនឯង​។​ល​។​)

– ត្រូវ​រក្សា​លេខ​សម្ងាត់​គណនី​ឲ្យ​មាន​សុវត្ថិភាព និង​មិនត្រូវ​ធ្វើការ​ចែករំលែក​លេខ​សម្ងាត់​ឲ្យ​អ្នកណាម្នាក់​ជាដាច់ខាត ទោះបី​ជន​នោះ​អះអាងថា​ជា​តំណាង​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​ណាមួយ​ក៏ដោយ​

– ត្រូវ​ប្រុងប្រយ័ត្ន​ក្នុងការ​ប្រើប្រាស់ និង​រក្សា​ការពារ​លេខ​កូដ PIN ឲ្យ​បាន​ត្រឹមត្រូវ (​គួរ​បិទ​មិន​ឲ្យ​បង្ហាញ​លើ​អេក្រង់​ទូរស័ព្ទ​ពេល​ទទួលបាន​សារ​ចូលក្នុង​ទូរស័ព្ទ​) ជាពិសេស​មិនត្រូវ​ចែករំលែក​លេខ​កូដ PIN ទៅ​អ្នកដទៃ​ជាដាច់ខាត

– ត្រូវ​ដំឡើង​តួនាទី Step Two Verification លើ​គណនី​កម្មវិធី​អ៊ី​ន​ធឺ​ណិត -​ល​- ៕​សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular