ដោយៈ មេសា​/ភ្នំពេញៈ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ មី​យ៉ាន់​ម៉ា ដែល​បាន​ប្តូរ​ឈ្មោះ​មកពី ភូមា ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​របស់​ខ្លួ​នៅ​ថ្ងៃទី ០៤ ខែ មករា ដើម្បី រំឭក​ដល់​ថ្ងៃ​ដែល​ពួកគេ​ប្រកាស​ឯករាជភាព​ពី អង់គ្លេស កាលពី​ឆ្នាំ ១៩៤៨ ។ ប៉ុន្តែ​តាំងពី​បាន​ឯករាជ្យ​មកហើយ ភូមា ឬ មី​យ៉ាន់​ម៉ា មាន​ភាពវឹកវរ​ជាច្រើន​នៅក្នុង​ប្រទេស ហើយ​ត្រូវបាន​កាន់កាប់​ដោយ​រដ្ឋាភិបាលយោធា​រហូត​ដល់​ចុងឆ្នាំ ២០១៥ ។​

លោកស្រី អោ​ង សាន ស៊ូ​គ្យី ជា​និម្មិត្តរូប​ដ៏​សំខាន់​សម្រាប់​ប្រជាធិបតេយ្យ​នៅ មី​យ៉ាន់​ម៉ា( រូបៈ អ៊ី​ន​ធឺ​ណិត)​

ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ
សាធារណរដ្ឋ សហភាព មី​យ៉ាន់​ម៉ា អតីត ភូមា មាន​ផ្ទៃដី ៦៧៦.៥០០ គីឡូ ម៉ែត្រក្រឡា ស្ថិតនៅ អាស៊ីអាគ្នេយ៍ ជា​សមាជិក​មួយនៃសមាគម​ប្រជាជាតិ អាស៊ីអាគ្នេយ៍ ឬ អាស៊ាន មាន​ព្រំប្រទល់​ជាប់​ប្រទេស បង់​ក្លា​ដេ​ស ចិន ឥណ្ឌា ឡាវ និង ថៃ ។ ឆ្នាំ ២០២១ មាន​ប្រជាពលរដ្ឋ​ជាង ៥៤ លាន​នាក់ ភាគច្រើន​ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា​ថេរវាទ ភាសាផ្លូវការ​គឺ​ភាសា ភូមា រដ្ឋធានី គឺ​ទីក្រុង ណៃ​ពី​ដោ ប៉ុន្តែ​ទីក្រុង​ដែលមាន​ទំហំ​ធំជាងគេ​បំផុត​នៃ ប្រទេស​នេះ​គឺ​ទីក្រុង យ៉ាំង​ហ្គូ​ន ។ មី​យ៉ាន់​ម៉ា ត្រូវបាន​គេ​ប្រសិទ្ធ​នាម​ថា​ជាទី អាណាចក្រ នៃ វត្ត​ព្រះពុទ្ធសាសនា ដោយសារ​ប្រទេស​នេះ​មាន​វត្ត​ពុទ្ធសាសនា​យ៉ាងច្រើន​មី​ដេរដាស ។​

ប្រវត្តិសាស្ត្រ​
​នៅ​ដើម​ទសវត្សរ៍ ឆ្នាំ ១៨២០ ក្រុមហ៊ុន British East India របស់ អង់គ្លេស (​ដែល​ទទួលបាន​សិទ្ធិ​ពី​រដ្ឋាភិបាល អង់គ្លេស ឱ្យធ្វើ​សកម្មភាព​នៅ​អាស៊ី ហើយ​ក្រុមហ៊ុន​នេះ​មិនមែន គ្រាន់តែ​ធ្វើ​ជំនួញ​មុខទំនិញ​ទេ ប៉ុន្តែ​ក៏មាន​កងទ័ព​ដ៏​ខ្លាំងក្លា​ក្នុងការ​ធ្វើសង្គ្រាម​លុកលុយ កាន់ កាប់​ប្រទេស​នានា​នៅ​អាស៊ី​ផងដែរ ) ចាប់​ផ្តើ​មានទំនាស់​ជាមួយ ភូមា លើ​បញ្ហា​ជនភៀសខ្លួន និង ប្រតិបត្តិការ​កងទ័ព​នៅតាម​ព្រំដែន ។
​ទីបំផុត​នៅ​ឆ្នាំ ១៨២៤ សង្គ្រាម​លើក​ទី ១ រវាង ក្រុមហ៊ុន British East India និង កងទ័ព ភូមា បាន​ផ្ទុះឡើង ហើយ​នៅ​ឆ្នាំ ១៨២៦ សង្គ្រាម​បានបញ្ចប់​ទៅវិញ​ដោយ​ជ័យជម្នះ​បាន​ទៅលើ​ក្រុមហ៊ុន British East India ហើយ​តាមរយៈ​សន្ធិសញ្ញា​មួយ​ឈ្មោះ Yandabo ភូមា បាន​បាត់បង់​ទឹកដី តំបន់ អា​សាម តំបន់ ម៉ា​នី​ពួ និង តំបន់ អា​រ៉ា​កាន់ ទៅ​ក្រោម​ការត្រួតត្រា​របស់ ក្រុមហ៊ុន British East India ។ ក្រុមហ៊ុន British East India ក៏បាន​ទាំង​ត្រួតត្រា​លើ​តំបន់ [Tenasserim សម្រាប់​ដាក់​ជា​បម្រាម​ក្នុង​ការចរចា​ជាមួយ ភូមា និង សៀម នាពេល​អនាគត ។​

​ក្រុមហ៊ុន British East India ក៏​បន្ត​ពង្រីក​មហិច្ឆតា​របស់ខ្លួន​ចង់បាន​ធនធាន និង តំបន់​សំខាន់ៗ​ដទៃទៀត​របស់ ភូមា ។ ឆ្នាំ ១៨៥២ រដ្ឋាភិបាល អង់គ្លេស បាន​បញ្ជូន​លោក Commodore Lambert ទៅ ភូមា ដើម្បី ដោះស្រាយ​រឿង​សន្ធិសញ្ញា​កន្លងមក ។
​ដោយ​ខ្លាច​អំណាច អង់គ្លេស ដ៏​គ្មាន​អ្នកណា​អាច​ទប់ទល់​បាន ភូមា បាន​សម្រប​តាម​ដោយ​ការដកហូត​តំណែង​មន្ត្រី​រដ្ឋាភិបាល ដ៏​សំខាន់​ម្នាក់​ដែល អង់គ្លេស មិន​ពេញចិត្ត ។ ប៉ុន្តែ​នៅតែ​មិនបាន​សុខ ដោយ​លោក Lambert បាន​បង្កជម្លោះ​រហូត​មាន​សង្គ្រាម​ផ្ទុះ​ឡើងជា​លើក​ទី ២ រវាង British East India និង ភូមា នៅ​ឆ្នាំ ១៨៥២ នោះ​ហើយ ជា​លទ្ធផល​ខេត្ត ប៉េ​គូ បាន​ចូលក្នុង​កណ្តាប់ដៃ British East India ទៀត ហើយ British East India បាន​ប្រែ​ឈ្មោះ​ទៅជា ភូមា ក្រោម ។

​ការ​ចាញ់​សង្គ្រាម​លើក​នេះ នាំឱ្យមាន​បដិវត្តន៍​នៅក្នុង​រាជវាំង ភូមា ដោយ​ស្តេច ផា​ហ្កា​ន់ មីន ត្រូវបាន​ជំនួស​ដោយ​អនុជ​របស់​ព្រះអង្គ​ព្រះនាម មីន​ដុន មីន វិញ ។ ក្សត្រ មីន​ដុន មីន បាន​ព្យាយាម​ធ្វើ​ទំនើបកម្ម​រដ្ឋ ភូមា និង សេដ្ឋកិច្ច ដើម្បី តទល់​នឹង​ការគំរាមកំហែង​ពី​សំណាក់ អង់គ្លេស ។

ធ្លាក់​ក្នុង​កណ្តាប់ដៃ អង់គ្លេស ទាំងស្រុង​
​ដណ្តើមបាន​ទឹកដី ភូមា ប៉ុណ្ណេះ​ហើយ​នៅឡើយ​មិនទាន់​ធ្វើឱ្យ អង់គ្លេស ស្កប់ស្កល់​ទេ ។ ពួកគេ​បាន​ចោទថា បុត្រា​របស់​ព្រះបាទ មីន​ដុន មីន គឺ​ព្រះអង្គម្ចាស់ ធី​បាវ មីន ជា​មនុស្ស​ផ្តាច់ការ និង មាន​ទំនោរ​ទៅរក បារាំង ហើយ​ថា​ព្រះអង្គ​កំពុង​បំពាន​សន្ធិសញ្ញា​ឆ្នាំ ១៨២៦ ។​
​មាន​មូល​ហេតុនេះ​ជា​លេស នៅ​ឆ្នាំ ១៨៥៥ អង់គ្លេស បានប្រកាស​សង្គ្រាម​ម្តងទៀត ហើយ​សង្គ្រាម​រវាង អង់គ្លេស និង ភូមា បាន​ឆាប​ឆះ​ឡើងជា​លើក​ទី ៣ ។ លទ្ធផល គឺ​ប្រទេស ភូមា ទាំងមូល បាន​ធ្លាក់​ចូលក្នុង​កណ្តាប់ដៃ អង់គ្លេស ជា​ស្ថាពរ ឬ ថា​អង់គ្លេស​ចាប់ផ្តើម​ដាក់​អាណានិគម​លើ ភូមា ដោយ​ប្រការ​ដូចដែល​បាន​ពណ៌នា​មកនេះ​ឯង ។​

​នៅ​ថ្ងៃទី ០១ ខែ មេសា ឆ្នាំ ១៩៣៧ ភូមា បាន​ក្លាយជា​រដ្ឋ​ក្រោម​អាណានិគម អង់គ្លេស ដែលមាន​ប្រព័ន្ធ​ដាច់ដោយឡែក​មួយ ដោយ ភូមា មាន​លោក បា ម៉ា​វ ជា​នាយករដ្ឋមន្ត្រី​លើក​ទី ១ និង មិន​ចូល​ជា​សមាជិក​រដ្ឋ​សហ​ធន​ឡើយ ។
​លោក បា ម៉ា​វ ជា​មនុស្ស​តស៊ូ​មតិ​ឥត​សំចៃ ដើម្បី ទាមទារ​រក​សិទ្ធិ​ស្វ័យភាព​របស់ ភូមា ហើយ​គាត់​បាន​ជំទាស់​នឹង​ការដែល អង់គ្លេស អូសទាញ ភូមា ឱ្យ​ចូលទៅ​ពាក់ព័ន្ធ​នឹង​សង្គ្រាមលោកលើកទី ២ ។ នៅពេល​គាត់​មិនអាច​ការពារ​ផលប្រយោជន៍ ភូមា បាន លោក បា ម៉ា​វ បាន​លាលែង​ពី​តំណែង ហើយ​ត្រូវបាន អង់គ្លេស ចាប់ខ្លួន​ពីបទ​ប៉ុនប៉ង​បះបោរ ។​

ចលនា​ឯករាជភាព ភូមា
​នៅ​ឆ្នាំ​១៩៤០ មុនពេល ជប៉ុន ចូលខ្លួន​ជា​ផ្លូវការ​ទៅក្នុង​សង្គ្រាមលោកលើកទី ២ លោក អោ​ង សាន (​ឳ​ពុក​របស់​លោកស្រី អោ​ង សាន ស៊ូ គ្យី ) បាន​បង្កើត​កងទ័ព​ឯករាជ្យ ភូមា នៅក្នុង​ប្រទេស ជប៉ុន ។​
​ោ​យ​សារ​ជា​តំបន់​សមរភូមិ​ប្រយុទ្ធ​ដ៏​សំខាន់​មួយ ភូមា ត្រូវបាន​ធ្វើឱ្យ​ខ្ទេចខ្ទាំ​យ៉ាងខ្លាំង​នៅ​អំឡុង​សម័យ​សង្គ្រាមលោកលើកទី ២ នោះ ។ គិត​ត្រឹម​ខែ មេសា ឆ្នាំ ១៩៤២ កងទ័ព​ជប៉ុន បាន​រុលទៅមុខ​ដល់ទី​ក្រុង យ៉ាំង​ហ្គូ​ន ( Rangoon អ្នកខ្លះ​អាន​ឈ្មោះ​ទីក្រុង​នេះ​ថា រ៉ាំ​ង​ហ្គូ​ន ។ ប៉ុន្តែ​មិត្ត​ខ្ញុំ​ម្នាក់​ជា​អ្នកកាសែត​ជាតិ ភូមា បាន​ប្រាប់​ខ្ញុំ​ថា បញ្ចេញ​សូរសៀង​ថា យ៉ាំង​ហ្គូ​ន ដែលមាន​សេចក្តី​ជា​ភាសា អង់គ្លេស​ថា Enemy has gone ឬ បច្ចាមិត្ត បាន​ប្រាស​ទៅហើយ ) ហើយ​រដ្ឋបាល​អាណានិគម អង់គ្លេស ក៏បាន​ដួលរលំ ។

ឆ្នាំ ១៩៤២ នោះ កងទ័ព ជប៉ុន​បាន​បង្កើត​រដ្ឋបាល​ប្រតិបត្តិ​របស់ ភូមា ដឹកនាំ​ដោយ​លោក បា ម៉ា​វ ។ នៅ​ចុងឆ្នាំ ១៩៤៤ កងទ័ព​សម្ព័ន្ធមិត្ត បាន​បើក​ការ​លុកលុយ​យ៉ាងខ្លាំង ហើយ​បាន​បណ្តេញ ជប៉ុន ចេញពី​ភូមា នៅ​ឆ្នាំ ១៩៤៥ ជា​ឆ្នាំ​ដែល ជប៉ុន សុខចិត្ត​ចាញ់​សង្គ្រាមលោកលើកទី ២ ។​
​នៅពេល​ចប់​សង្គ្រាមលោកលើកទី ២ លោក អោ​ង សាន បាន​ចរចា​ជាមួយ​មេដឹកនាំ​អម្បូរ​នានា​នៅក្នុង​កិច្ច​ព្រម​ព្រៀម​ឈ្មោះ ផាង​ឡុង ឱ្យជួយ​ធានា​ឯករាជភាព របស់ ភូមា ។ នៅ​ឆ្នាំ ១៩៤៧ លោក អោ​ង សាន បាន​ក្លាយជា​អនុប្រធាន​ក្រុមប្រឹក្សា​ប្រតិបត្តិ ភូមា ។ ប៉ុន្តែ​នៅ​ថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ១៩៤៧ នោះ លោក អោ​ង សាន និង សមាជិក​ខុទ្ទកាល័យ​ជាច្រើនរូប​ទៀត ត្រូវបាន ធ្វើឃាត ដោយ​ជនជាតិ ភូមា គាំទ្រ​ដោយ អង់គ្លេស ដែលជា​គូប្រជែង​នយោបាយ​នឹង​លោក អោ​ង សាន ។​

នៅ​ថ្ងៃទី ៤ ខែ មករា ឆ្នាំ ១៩៤៨ ភូមា បានប្រកាស​ឯករាជភាព​របស់ខ្លួន​ពី អង់គ្លេស បង្កើតជា សហភាព ភូមា ដោយមាន​លោក Sao Shwe Thaik ជា​ប្រធានាធិបតី​លើក​ទី ១ និង លោក អូន នូ ( សម្តេច នរោត្តម សីហនុ បានចាត់ទុក​លោក អ៊ូ នូ គឺជា​គំរូ​ដ៏​សំខាន់​មួយរូប​សម្រាប់​ព្រះអង្គ ហើយ​លោក សឺ​ន ង៉ុ​ក ថា​ញ់ ក៏​ធ្លាប់បាន​សរសេរ​លិខិត​ទៅ​លោក អ៊ូ នូ ឱ្យជួយ​ក្រើនរំឭក​សម្តេច នរោត្តម សីហនុ អំពី​ការគំរាមកំហែង ឬ ក្តី​អន្តរាយ​ចំពោះ​ជាតិ ពី​សំណាក់​កុ​ម្មុយ​និ​ស្ត ដែរ ។ ប៉ុន្តែ​ឥត​បាន​ជាការ​អ្វី​ឡើយ ។ ) ជា​នាយករដ្ឋមន្ត្រី ។​
​រដ្ឋាភិបាល និង ប្រជាពលរដ្ឋ មី​យ៉ាន់​ម៉ា ប្រារព្ធ​ទី​វា​ឯករាជ្យ​ជាតិ របស់​ពួកគេ ដើម្បី រំឭក​ដល់​ថ្ងៃ​នេះឯង ។​

​របប​យោធា​
​នៅ​ថ្ងៃទី ២ ខែ មេសា ឆ្នាំ ១៩៦២ ឩ​ត្ត​ម​សេនីយ៍ ណេ វីន បាន​ដឹកនាំ​ធ្វើ​រដ្ឋប្រហារ​ដណ្តើមយក​អំណាច​មក​ក្តោប​ក្តាប់​ដោយ​ខ្លួនឯង ។ ចាប់ពីពេលនោះ​មក ភូមា ស្ថិតក្រោម​ការត្រួតត្រារ​បស់​កងទ័ព​ដោយផ្ទាល់​ខ្លះ ដោយ​ប្រយោល​ខ្លះ និង ជា​ប្រទេស​ឯក​បក្ស ហើយ​ភូមា ធ្លាប់ជា​ដែនដី​សម្បូរ​រុងរឿង​ទាំង​ធនធាន និង វប្បធម៌​ពុទ្ធសាសនា​ដ៏​ផូរផង់ ក៏បាន​ក្លាយជា​ប្រទេស​ដ៏​ក្រីក្រ​រហាម​បំផុត​មួយ​ក្នុង​លោក ។ ធ្លាប់មាន​បាតុកម្ម​ជាច្រើន​បាន​ផ្ទុះឡើង​ដែរ ប៉ុន្តែ​ត្រូវបាន​យោធា​បង្ក្រាប​ដោយ​ហិង្សា​បណ្តាលឱ្យ​បាត់បង់​ជីវិត និង របួស​ជាច្រើន ។
​ឆ្នាំ ១៩៨៨ ភាពច្របូកច្របល់​ជុំវិញ​បញ្ហា​សេដ្ឋកិច្ច និង នយោបាយ ដោយសារ​កំហុសឆ្គង នៃ ការចាត់ចែង​របស់រ​ដ្ឋា​ភិ​បាល បាន​បណ្តាលឱ្យមាន​បាតុកម្ម​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​បាន​រីក​រាលដាល​ពាសពេញ​ប្រទេស ដែល​គេ​ឱ្យ​ឈ្មោះថា ការ​ក្រោក​ឡើង​ប្រឆាំង ៨៨៨៨ ។ បាតុករ​រាប់ពាន់នាក់​ត្រូវបាន​កងសន្តិសុខ​សម្លាប់ ហើយ​ឆ្នាំ ១៩៨៩ រដ្ឋាភិបាល​បានប្រកាស់​ច្បាប់​សឹក​សម្រាប់​គ្រប់គ្រង​ប្រទេស ។​
​មរតក នៃ បាតុកម្ម​ទាំងឡាយ ខាងលើនេះ ធ្វើឱ្យ​ទីបំផុត​រដ្ឋាភិបាលយោធា បានប្រកាស​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិកសភា​ប្រជាជន គ្រោង​នឹងធ្វើ​នៅ​ថ្ងៃទី ៣១ ខែ ឩ​សភា ឆ្នាំ ១៩៨៩ នោះ ។ ខែ ឩ​សភា ឆ្នាំ ១៩៩០ រដ្ឋាភិបាល​បានរៀបចំ​ការបោះឆ្នោត​ដោយ​សេរី​ជា​លើកដំបូង​ក្នុង​រយៈពេល​ជិត​៣០​ឆ្នាំ​មកនេះ ហើយ​គណបក្ស​សម្ព័ន្ធជាតិ ដើម្បី ប្រជាធិបតេយ្យ​របស់លោក​ស្រី អោ​ង សាន ស៊ូ គ្យី ( កូនស្រី​របស់លោក អោ​ង សាន ) បានឈ្នះ ៣៩២ អាសនៈ ក្នុងចំណោម ៤៩២ អាសនៈ ស្មើនឹង ៨០ ភាគរយ ។ ប៉ុន្តែ​រដ្ឋាភិបាលយោធា មិនបាន​ប្រគល់​អំណាច​ទៅឱ្យ​បក្ស​របស់​លោកស្រី ស៊ូ គ្យី ឡើយ ថែមទាំង​បាន​ឃុំ លោកស្រី​ឱ្យនៅតែ​ក្នុងផ្ទះ​ដោយមាន​ការឃ្លាំមើល​ទៀតផង ។​

ផ្នែក​មួយ នៃ ទិដ្ឋភាព​ទីក្រុង ណៃ​ពិដោ ប្រទេស​មី​យ៉ាន់​ម៉ា( រូបៈ អ៊ី​ន​ធឺ​ណិ​ត)​

​កំណែទម្រង់​
​ថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០០៦ រដ្ឋាភិបាលយោធា បាន​ប្តូរ​រដ្ឋធានី​ពី​ក្រុង យ៉ាំង​ហ្គូ​ន ទៅ​ទីក្រុង ណៃ​ពី​ដោ ហើយ​ឈ្មោះ​ជា​ផ្លូវការ​របស់​ប្រទេស ភូមា ត្រូវបាន​ប្តូរ​ទៅ​ហៅថា មី​យ៉ាន​ម៉ា ។ បន្ទាប់ពី​ការបោះឆ្នោត​នៅ​ឆ្នាំ ២០១០ មក រដ្ឋាភិបាល​បានធ្វើ​កំណែទម្រង់​ជាច្រើន ដោយ​រួមទាំង​ដោះលែង​លោកស្រី អោ​ង សាន ស៊ូ គ្យី ពី​ការឃុំ​ក្នុងផ្ទះ​ផង ។
​ការបោះឆ្នោត​សកល​ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០១៥ ហើយ​គណបក្ស​ម្ព័​ន្ធ​ជាតិ ដើម្បី ប្រជាធិបតេយ្យ របស់លោក​ស្រី អោ​ង សាន ស៊ូ គ្យី បានឈ្នះ​សំឡេង​ភាគច្រើន​ដាច់ខាត គ្រប់គ្រាន់​ឱ្យ​បេក្ខជន​របស់​បក្ស​នេះ​ក្លាយជា​ប្រធានាធិបតី ខណៈ​លោកស្រី អោ​ង សាន ស៊ូ គ្យី ត្រូវបាន​ហាមឃាត់​ពី​តំណែង​នេះ​ដោយ​ច្បាប់រដ្ឋធម្មនុញ្ញ ។ ពិធី​ផ្ទេរអំណាច​ត្រូវបាន​ធ្វើឡើង​ដោយ​រលូន​ធ្វើអោយមាន​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​ពិភពលោក ។
​ចាប់តាំងពី​ឆ្នាំ ខែ មេសា ឆ្នាំ ១៩៦២ មក នេះ​គឺជា​លើកដំបូង​ហើយ ដែល​យោធា​ព្រម​ប្រគល់​អំណាច​ទៅឱ្យ​បក្ស​ផ្សេង ។ លោក ស្រី អោ​ង សាន ស៊ូ គ្យី ត្រូ​បាន​គេ​ទទួលស្គាល់ថា ជា​និម្មិត្តរូប​ដ៏​សំខាន់​ក្នុងការ​នាំទៅរក​ការផ្លាស់ប្តូរ​មកជា​រប​ប​ប្រជាធិបតេយ្យ​នៅ មី​យ៉ាន់​ម៉ា ។ ទោះយ៉ាងណា ក្រោយមក របប​នយោបាយ​របស់​លោកស្រី អោ​ង សាន ស៊ូ គ្យី រង​ការរិះគន់​ច្រើន​ណាស់ដែរ អំពី​ទំនាស់​នានា​ពាក់ព័ន្ធ​នឹង​ជនជាតិ រ៉ូ​ហ៊ីង​យ៉ា​៕សរន


ផ្នែក​មួយ នៃ ទិដ្ឋភាព​ទីក្រុង ណៃ​ពិដោ ប្រទេស​មី​យ៉ាន់​ម៉ា( រូបៈ អ៊ី​ន​ធឺ​ណិត​)