ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ នៅទីបំផុត ប៉ូលិស បានចាប់ខ្លួនជនសង្ស័យ បានមា្នក់ ទាក់ទងករណីបាញ់សម្លាប់ លោក រ៉េត ស៊ីណែត ( ញ៉ក់ ) នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ។ ការចាប់ខ្លួននេះ បានធ្វើឡើង នៅចំណុចផ្ទះជួល ជិតប៉ាឆា វត្តទួលតាឯក ស្ថិតក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២១។ ប្រតិបត្តិការ តាមប្រមាញ់ ជនសង្ស័យនេះ បានធ្វើឡើង ដោយកម្លាំងសមត្ថកិច្ច នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំង ស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង។
សមត្ថកិច្ច បានឲ្យដឹងថាៈ ជនសង្ស័យដែលចាប់ខ្លួនបានម្នាក់នេះ ឈ្មោះ កែ ចាន់មាន ជាអ្នកបើកបរ រថយន្ត។ ចំណែកជនដៃដល់ ដែលជាខ្មាន់កាំភ្លើង ឈ្មោះ រ៉េន នៅមិនទាន់ចាប់បាន នៅឡើយទេ ដោយសមត្ថកិច្ច កំពុងតែតាមស្វែងរក។
ឈាមស្រែកស្បែកហៅ! ប៉ូលិសចាប់បានជនសង្ស័យម្នាក់ ករណីបាញ់សម្លាប់ នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល
ជនសង្ស័យ ឈ្មោះ កែ ចាន់មាន បានសារភាពថាៈ កាលពីយប់ ថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០២០ ខ្លួនបានចេញពីផឹកស៊ី ហើយបានបើករថយន្ត ជូនឈ្មោះ រ៉េន ទៅផ្ទះនៅម្តុំកំបូល ទាំងស្រវឹង។ ពេលមកដល់កន្លែងកើតហេតុ ខ្លួនបានបើករថយន្ត បុកគូទរថយន្តជនរងគ្រោះ ពីក្រោយ។ បន្ទាប់មក ជនរងគ្រោះ បានបើករថយន្ក កាក់រថយន្តរបស់ខ្លួន និងបានយកកាំភ្លើងខ្លី ភ្ជង់មកលើខ្លួន ដើម្បីឱ្យអែបខាង ព្រមទាំងប្រើពាក្យសម្តី ជេរប្រមាថ មកលើខ្លួនទៀតផង ទើបបឈ្មោះ រ៉េន មានកំហឹង ហើយប្រាប់ខ្លួនឱ្យនៅស្ងៀម ចាំធ្វើតែតាមគេ ប្រាប់បានហើយ ។ ពេលកំពុងចរចាគ្នា រឿងគ្រោះថ្នាក់ចរាចរណ៍នេះ ដោយឃើញជនរងគ្រោះ ធ្វេសប្រហែស ឈ្មោះ រ៉េន ក៏បានដកកាំភ្លើងខ្លី ដែលសៀតនៅនឹងចង្កេះ បាញ់ទៅលើជនរងគ្រោះ រួចប្រាប់ឲ្យខ្លួន បើករថយន្ត គេចពីកន្លែង កើតហេតុតែម្តង។
សូមជម្រាបថា ករណីបាញ់សម្លាប់លោក រ៉េត ស៊ីណែត (ញ៉ក់) នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានកើតឡើង កាលពីវេលាម៉ោងជាង ១២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។
ឈាមស្រែកស្បែកហៅ! ប៉ូលិសចាប់បានជនសង្ស័យម្នាក់ ករណីបាញ់សម្លាប់ នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល
នៅក្រោយពេលកើតហេតុនោះ លោកវរសេនីយ៍ត្រី ជ្រេង ធី នាយប៉ុស្ត៍នគរបាល រដ្ឋបាលកាកាបទី២ នៃអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ បានរាយការណ៍ជូន ថ្នាក់លើរបស់ខ្លួន តាមរយៈរបាយការណ៍ផ្លូវការ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីករណីឃាតកម្មបាញ់សម្លាប់ បណ្តាលមកពី គ្រោះថ្នាក់ចរាចរណ៍ ថាៈ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ វេលាសូន្យ និងប្រាំនាទីយប់ នៅចំណុចមុខផ្ទះសំណាក់ សាំងហ័រទៀន លើផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីឃាតកម្មបាញ់សម្លាប់ កើតឡើង ១លើក ដែលបង្កឡើងដោយជនសង្ស័យ ចំនួន ២ នាក់ ស្លៀកពាក់ស៊ីវិល ប្រដាប់ដោយអាចវុធខ្លី មួយដើម មិនស្គាល់ម៉ាក មធ្យោបាយរថយន្តមួយគ្រឿង ម៉ាក Lexus RX300 ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 2A 4546 ។ ជនសង្ស័យចំនួន២នាក់ មិនស្គាល់អត្តសញ្ញាណ ភិនភាគ ជនដៃដល់ទម្រង់មុខធំល្មម មាឌធំ សម្បុរស ពាក់វែនតាមីញ៉ូប ពណ៌ស អាយុប្រហែល ៣៨ ឆ្នាំ ជនជាតិខ្មែរ ពាក់អាវដៃវែង សន្ទួត ស្លៀកខោជើងវែង កាត់សក់ខ្លី ចិញ្ចើមស្តើង រាងខ្លី ប្រើអាវុធខ្លី មិនស្គាល់ម៉ាកមួយដើម ពណ៌ប្រាក់។ ចំណែកបក្ខពួក រាងស្គមខ្ពស់ល្មម សម្បុរខ្មៅ ខោក្រណាត់ជើងខ្លី អាវយឺតក្រណាត់ដៃខ្លី ពណ៌ក្រហម មុខរាងជ្រុងស្រួច ភ្នែកធំ ចិញ្ចើមស្តើង អាយុប្រហែល ៣០ ឆ្នាំ។ រថយន្តម៉ាក Lexus RX300 ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 2A 4546 ជារបស់ជនល្មើស។ វត្ថុតាង សំបកគ្រាប់ មិនស្គាល់ម៉ាក ចំនួន៩ និងក្បាលគ្រាប់ ចំនួន ១ បន្សល់ទុក នៅកន្លែងកើតហេតុ។
ឈាមស្រែកស្បែកហៅ! ប៉ូលិសចាប់បានជនសង្ស័យម្នាក់ ករណីបាញ់សម្លាប់ នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល
លោកបានសរសេររាយការណ៍បន្តថាៈ ជនរងគ្រោះ ឈ្មោះ រ៉េត ស៊ីណែត ហៅ ញ៉ក់ ភេទប្រុស អាយុ ៣៩ ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ នគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល ឋានៈនាយរងការិយាល័យ ឋានន្តរសក្តិ វរៈសេនីយ៍ទោ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ ១៦៩ ផ្លូវលេខ ១៦៩ ភូមិ៤ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ស្លាកស្នាម បាញ់ពីក្រោយខ្នង ចំនួន ៣ គ្រាប់ ធ្លាយមកមុខ និងថ្ងាស ១គ្រាប់ ធ្លាយមកក្រោយ ។
ចំណែកសម្ភារៈរបស់ជនរងគ្រោះ រថយន្តម៉ាក FordRaptor F150 ពណ៌ស ផលិតឆ្នាំ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ 2BD 3738 បានបញ្ជូនទៅការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក និងចំណែកអាវុធខ្លីម៉ាក Glock 19 លេខ ALU204 បានរក្សាទុក នៅអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ជាបណ្តោះអាសន្ន។
ឈាមស្រែកស្បែកហៅ! ប៉ូលិសចាប់បានជនសង្ស័យម្នាក់ ករណីបាញ់សម្លាប់ នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល
លោកវរសេនីយ៍ត្រី ជ្រេង ធី បានពណ៌នាពីដំណើររឿងហេតុនេះថាៈ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ២២ និង ៥៦នាទី ជនរងគ្រោះ និងឈ្មោះ វ៉ាន់ ភីលីន ភេទប្រុស អាយុ២៩ឆ្នាំ បានចេញពីហាង ហូបស៊ុប នៅម្តុំវត្តភ្នំ ហើយជនរងគ្រោះ ក៏បានបើករថយន្តម៉ាក Ford Raptor F150 ពណ៌ស ផលិតឆ្នាំ ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ 2BD 3738 ដោយឈ្មោះ វ៉ាន់ គឺលីន រួមដំណើរជាមួយ តាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី ពីទិសខាងកើត មកខាងលិច ពេលមកដល់ ចំណុចកើតហេតុ ខាងលើ ក៏មានរថយន្តម៉ាក Lexus RX300 ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 2A 4546. ជិះនៅក្នុងរថយន្ត មានចំនួន ៥ នាក់ (ប្រុស ២នាក់ ស្រី ២ នាក់ និងក្មេងតូចម្នាក់) បានមកបុកពីក្រោយ រថយន្ត Ford Raptor F150 បណ្តាលអោយខូចខាត ។ ចំណែករថយន្តម៉ាក Lexus RX300 ខូចខាតខាងស្ដាំ ផ្នែកខាងមុខ ។ ពេលនោះ ជនរងគ្រោះ បើករថយន្តបាំង ពីខាងមុខរថយន្ត Lexus RX300 រួចដកអាវុធខ្លី ម៉ាក Glock 19 , AALU204 ភ្ជង់ទៅលើរថយន្ត Lexus RX300 ក្នុងគោលបំណង មិនអោយបើកគេចខ្លួន ។ បន្ទាប់មក ជនបង្កទាំងពីរនាក់ ក៏បានចុះមកចរចា ជាមួយជនរងគ្រោះ ដោយព្រមព្រៀង យករថយន្ត Ford Raptor F150 ទៅជួសជុល នៅម្តុំក្រោយមន្ទីរពេទ្យលោកសង្ឃ ហើយក៏បានបើករថយន្ត មកអែបខាងទាំងអស់គ្នា ។ ពេលនោះ មនុស្សស្រី ២ នាក់ និងកូនក្មេងតូចម្នាក់ ( ខាងភាគីរថយន្ត Lexus RX300 ) បានជិះ PassApp ( ម៉ូតូកង់បី ) ចេញពីកន្លែងកើតហេតុ ទៅមុន។ ចំណែកជនរងគ្រោះ និងឈ្មោះ ង៉ាន់ ភីលីន អង្គុយមើលរថយន្ត Ford Raptor F150 ដែលខូចខាត ក៏ស្រាប់តែជនល្មើស ពីរនាក់ ដែលជាជនបង្ក គ្រោះថ្នាក់ចរាចរណ៍ បានដកអាវុធខ្លី មិនស្គាល់ម៉ាក ពណ៌ទឹកប្រាក់ បាញ់សំដៅជនរងគ្រោះ ពីក្រោយ ចំនួន ៤ គ្រាប់ បណ្តាលអោយស្លាប់ នៅកន្លែងកើតហេតុ ។ ចំណែកជនល្មើស ទាំងពីរនាក់ បានបើករថយន្ត Lexus RX300 ឆ្ពោះទៅទិសខាងលិច តាមផ្លូវសហព័ន្ធរុស្ស៊ី គេចខ្លួន ហើយឈ្មោះ ង៉ាន់ ភីលីន បានស្ទុះមកមើល ជនរងគ្រោះ ហើយដកអាវុធខ្លី របស់ជនរងគ្រោះ ពីក្នុងហោប៉ៅ ខាងស្តាំបាញ់ ចំនួន ៣ គ្រាប់ឡើងទៅលើ។
លោកវរសេនីយ៍ត្រី ជ្រេង ធី ក៏បានសរសេរបញ្ជាក់ដែរថាៈ ជាការសន្និដ្ឋាន ការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ និងឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យ អមសាលាដំបូង រាជធានីភ្នំពេញ បានធ្វើកោសល្យវិច័យរួច ហើយបានបញ្ជាក់ថា ជនរងគ្រោះ ស្លាប់ដោយអំពើឃាតកម្ម បាញ់សម្លាប់ (បង្កដោយសារ គ្រោះថ្នាក់ចរាចរណ៍) ៕/V
ឈាមស្រែកស្បែកហៅ! ប៉ូលិសចាប់បានជនសង្ស័យម្នាក់ ករណីបាញ់សម្លាប់ នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល