Home ព័ត៌មានជាតិ សេដ្ឋកិច្ច កំណាត់ផ្លូវលេ...

កំណាត់ផ្លូវលេខ២៨៥ ក្នុងខណ្ឌទួលគោក បានអ៊ុតកៅស៊ូបញ្ចប់ រួចរាល់ជាស្ថាពរហើយ

ដោយៈ រ៉ាម៉ន / ភ្នំពេញៈ កំណាត់ផ្លូវលេខ ២៨៥ ប្រវែង ៤៩០ ម៉ែត្រ ទទឹង ៨ ម៉ែត្រកន្លះ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក បានឈានដល់ ដំណាក់កាលអ៊ុតកៅស៊ូ បញ្ចប់ហើយ បើគិតត្រឹមថ្ងៃអាទិត្យ ទី៣ ខែមករា ឆ្នាំ២០២១ ក្រោយពីបានដំណើរការធ្វើគ្រឹះ បានរួចរាល់ ដែលជាផ្នែកមួយ នៃការកែលំអ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្នុងខណ្ឌទួលគោក ដែលត្រូវស្តារឡើងវិញ ជាបន្ទាន់ ក្រោយទទួលរងជំនន់ទឹកភ្លៀង។

អាជ្ញាធរខណ្ឌទួលគោក បានឲ្យដឹងថាៈ អនុវត្តតាមការណែនាំ របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ផ្លូវចំនួន ៧ ខ្សែ ក្នុងភូមិសាស្រ្តខណ្ឌទួលគោក នឹងត្រូវជួសជុលកែលំអឡើងវិញ ក្រោយជំនន់ទឹកភ្លៀង ដើម្បីសំរួលការធ្វើដំណើរ របស់ប្រជាពលរដ្ឋ កាត់បន្ថយការកកស្ទះចរាចរ ក៏ដូចជាលើកកំពស់ សោភ័ណភាព រាជធានីភ្នំពេញ។

មានផ្លូវជាច្រើនខ្សែរួចមកហើយ ដែលរដ្ឋបាលរាជធានីភ្នំពេញ បានជួសជុលកែលំអឡើងវិញ ក្នុងចំណោមផ្លូវទាំង ២៩ ខ្សែ ដែលត្រូវស្តារឡើងវិញ បន្ទាប់ពីខូចខាត ដោយជំ នន់ទឹកភ្លៀង នាពេលកន្លងមក ក្នុងនោះមាន ផ្លូវខ្លះ ត្រូវធ្វើគ្រឹះជាថ្មី ផ្លូវខ្លះអ៊ុតកៅស៊ូជាថ្មី ជាដើម ទៅតាមស្តង់ដា បច្ចកទេស។

ចំណែក ផ្លូវលេខ២៨៥ ក្នុងសង្កាត់បឹងកក់ទី១ ដែលបានអ៊ុតកៅស៊ូ បញ្ចប់នាពេលនេះ គឺជាកំណាត់ផ្លូវមួយ តភ្ជាប់ពីផ្លូវលេខ ៥១៦ ទៅផ្លូវលេខ ៦០៨ ដែលមានតួនាទីសំខាន់ ក្នុងការរួមចំណែក រំដោះចរាចរណ៍ ក្នុងភូមិសាស្ត្រខណ្ឌទួលគោក និងភ្ជាប់ទៅផ្លូវលេខ ៧០ (ទំនប់ទួលគោក)។

ប្រជាពលរដ្ឋ រស់នៅអមសងខាងផ្លូវ ខាងលើ បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ ដល់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានគិតគូពីសុខទុក្ខ និងការលំបាករបស់ ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ដែលបានកំណត់យក ចំណុចអាទិភាពជាច្រើន ដោះស្រាយ ជូនប្រជាពលរដ្ឋ ធ្វើឲ្យការរស់នៅ និងការប្រកបរបរស៊ី ការធ្វើអាជីវកម្មផ្សេងៗ របស់ប្រជាពលរដ្ឋ កាន់តែងាយស្រួល ដែលជាសមិទ្ធផល បានមកពីនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ធ្វើឲ្យប្រ ទេសជាតិ មានសុខសន្តិភាព មានការអភិវឌ្ឍ ដែលជាតំរូវការមូលដ្ឋាន របស់ប្រជាពលរដ្ឋ៕/V-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular