កូនឈើ​ប្រណិត​ជាង​៣០០​ដើម​ត្រូវបានដាំជាលើកដំបូង​នៅលើ​ទឹកដី​ស្រុក​វើ​ន​សៃ

2060
ចែករម្លែក
  • 33
    Shares

ដោយៈ​សុផល​/រតនគិរីៈ កូនឈើ​ប្រណិត​ជាង​៣០០​ដើម ដែល​រួមមាន បេង ក្រញូង នាងនួន ធ្នុង សុ​ក្រំ បាន​ត្រូវ​យកទៅ​ដាំ​នៅ​ស្រុក​វើ​នសៃខេត្តរតនគិរីកាលពីចុងសប្តាហ៍កន្លង​ទៅនេះ​ដើម្បី​បំផុស​ឱ្យមាន​ការស្រលាញ់​បរិស្ថាន និង​ធនធានធម្មជាតិ​ព្រៃឈើ​។​

​កូនឈើ​ប្រណិត​ជាង​៣០០​ដើម បាន​ត្រូវ​យកទៅ​ដាំ​នៅ​ភូមិ​ថ្មី ស្រុក​វើ​ន​សៃ ខេត្តរតនគិរី​ដើម្បី​បំផុស​ឱ្យមាន​ការស្រលាញ់​បរិស្ថាន និង​ធនធានធម្មជាតិ​ព្រៃឈើ​(​រូប សុផល​)​

ពិធី​ដាំ​កូនឈើ​នៅក្នុង​ភូមិ​ថ្មី ឃុំ​វើ​ន​សៃ ​បាន​ធ្វើឡើង​ក្រោម​ប្រធានបទ «​កម្ពុជា​បៃតង​»​និង​សហការគ្នា​រវាង​រដ្ឋបាល​ខេត្តរតនគិរី ក្រុមហ៊ុន​ជី​ង​ជី​ង ខូ​អិ​ល​ធី​ឌី របស់​ប្រទេស​ចិន​និង​សមាគម​ចិន​ប្រចាំខេត្ត​រតនគិរី​។​នេះ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​លើកដំបូង​មួយ​សម្រាប់​ខេត្តរតនគិរី​។​

​លោក យឹម ផែន អភិបាលរង​ខេត្តរតនគិរី​តំណាង​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី បាន​ថ្លែងថា​​ខេត្តរតន​គិរី បើ​ប្រៀបធៀប​ជាមួយ​បណ្តា​ខេត្ត​នានា​ក្នុងប្រទេស កម្ពុជា គឺ​នៅតែ​ជា​ខេត្ត​ដែល​សម្បូរ​ធនធានធម្មជាតិ​ច្រើន​ជាងគេ តាមរយៈ​តំបន់​អភិរក្ស​ធំៗ​ចំនួន​៤ គឺ ឧទ្យាន​ជាតិ​វិ​រ​ជ័យ ដែនជម្រកសត្វព្រៃ​លំផាត់ ឧទ្យាន​ជាតិ​អូ​រយ៉ា​ដាវ​និង​ឧទ្យាន​ជាតិ វើ​ន​សៃ សៀម ប៉ាង ដែលមាន​ទំហំ​ផ្ទៃដី​សរុប​ប្រមាណ​ជាង​៥​ម៉ឺន​ហិកតា​។​

​លោក​អភិបាលរង​ខេត្តបានចាត់ទុក​សកម្មភាព​ដាំ​កូនឈើ​នេះ គឺ​មិន​ត្រឹមតែ​ជួយ​លើកកម្ពស់​គុណភាព​បរិស្ថាន​បាន​ប្រសើរ​ប៉ុណ្ណោះ​ទេ ថែមទាំង​ចូលរួម​លើក កម្ពស់​សោ​ភណ្ឌ​ភាព​មូលដ្ឋាន​ឱ្យមាន​ភាព​បៃតង​ស្រស់ស្អាត​ទៀតផង ស្របទៅនឹង​ប្រធានបទ ” កម្ពុជា បៃតង ” និង​ពាក្យស្លោក​ថា​” ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ “​ដែល​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យចូល​មក​កំសាន្ត និង​ទាក់ទាញ​ការវិនិយោគ​។​

​លោក យឹម ផែន បាន​គូសបញ្ជាក់​ផងដែរ​ថា​«​ព្រឹត្តិការណ៍​នៃ​ការដាំ​កូនឈើ​នេះដែរ នឹង​ប្រែ​ក្លាយទៅជា​សកម្មភាព​មួយ​ឱ្យ​យើងទាំងអស់គ្នា បាន​យល់​ពី​ករណី​កិច្ច​របស់ខ្លួន​ចំពោះ​បរិស្ថាន ចាត់ទុក​បញ្ហា​បរិស្ថាន​ជា​បញ្ហា រួម​របស់​យើងទាំងអស់គ្នា ជា​សកម្មភាព​មួយ​លើកទឹកចិត្ត និង​ជំរុញ​ឱ្យ​យើងទាំងអស់គ្នា បង្កើន ឆន្ទៈ​របស់ខ្លួន​ដើម្បី​បុព្វហេតុ​បរិស្ថាន​ជាតិ និង​ពិភពលោក​» ។​

​ជាមួយគ្នានេះ លោក​អភិបាលរង​ខេត្ត​ក៏បាន​ធ្វើការ​សំណូម​ដល់​អគ្គនាយក​ក្រុមហ៊ុន ជី​ង​ជី​ង​ខូ​អិ​ល​ធី​ឌី អញ្ជើញ​មក​ទស្សនកិច្ច​សិក្សា​ស្វែងយល់​អំពី​សក្តានុពល​របស់​ខេត្តរតនគិរី​ដោយផ្ទាល់ និង​សូម​បន្ត​ការ ផ្សព្វផ្សាយ​ដល់​វិនិយោគិន​នៅលើ​ពិភពលោក​ឱ្យមាន​ចំណាប់អារម្មណ៍​ចង់​មក​វិនិយោគ​លើទឹក​ដី ខេត្តរតនគិរី ស្ថិតនៅ​ភូម​ភាគ​ឥ​សាន្ត​នៃ​ប្រទេស​កម្ពុជា​ជា​បន្តបន្ទាប់​ទៀត​។​

​លោក ហូ ចិន​ហៃ អគ្គនាយក​ក្រុមហ៊ុន ជី​ង​ជី​ង ខូ​អិ​ល​ធី​ឌី បានឱ្យដឹងថា រដ្ឋបាលខេត្ត​រតនគិរី ក្រុមហ៊ុន​របស់​លោក​ព្រមទាំង​សមាគម​ចិន​ប្រចាំ​ខេត្តរតនគិរី បាន​ផ្តួចផ្តើម​ឱ្យមាន​ពិធី​ដាំ​កូនឈើ ក្រោម ប្រធានបទ​« កម្ពុជា​បៃតង​» នេះ​ឡើង ក្នុង​គោលបំណង​ដើម្បីឱ្យ​ប្រជា​ពល​គ្រប់រូប ចូលរួម​អនុត្ត​សកម្មភាព​ជាក់ស្តែង​ឱ្យ​ស្រលាញ់​បរិស្ថាន ធនធានធម្មជាតិ​ព្រៃឈើ មាន​ស្មារតី​ចូលរួម​ក្នុង​កិច្ច​គាំពារ អភិរក្ស​ជីវចម្រុះ និង​ការរស់នៅ​ប្រកបដោយ​ចីរភាព ក៏ដូចជា​រួមចំណែក​លើ​ក​ស្ទួយ​វិស័យ​បរិស្ថាន​វិស័យ​ទេសចរណ៍ ព្រមទាំង​លើកកម្ពស់​វិស័យសេដ្ឋកិច្ច​ជាតិ​ផងដែរ​។​
​លោក​អគ្គនាយក​ក្រុមហ៊ុន​ជី​ង​ជី​ង​ខូ​អិ​ល​ធី​ឌី បាន​គូសបញ្ជាក់ថា ៖ លោក​ធ្លាប់​រស់នៅ​ខេត្តរតនគិរី​១៦​ឆ្នាំ​មុន​ពេល​ត្រឡប់​ទៅ​ប្រទេស​ចិន​។​លោក​ត្រឡប់មក​ទីនេះ​ម្តងទៀត ចង់ឃើញ ខេត្តរតនគិរី​រីកចម្រើន និង​សម្បូរ​ទៅដោយ​ធនធានធម្មជាតិ និង​ព្រៃឈើ​៕

​កូនឈើ​ប្រណិត​ជាង​៣០០​ដើម បាន​ត្រូវ​យកទៅ​ដាំ​នៅ​ភូមិ​ថ្មី ស្រុក​វើ​ន​សៃ ខេត្តរតនគិរី​ដើម្បី​បំផុស​ឱ្យមាន​ការស្រលាញ់​បរិស្ថាន និង​ធនធានធម្មជាតិ​ព្រៃឈើ​(​រូប សុផល​)​

ទីតាំងផ្សាយពាណិជ្ជកម្ម