ព្រឹត្តិការណ៍​ជាតិ​សំខាន់ៗ ក្នុង​ខែមីនា ឆ្នាំ​២០២០

ដោយ​:​ម៉េង​ឆៃ /​ភ្នំពេញ​:​ក្នុង​ខែមីនា​ឆ្នាំ​២០២០ កម្ពុជា​ចាប់ផ្តើម​រកឃើញ​អ្នក​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ទី​២​និង​រកឃើញ​អ្នក​ឆ្លង​កូ​វីដ ជា​បន្តបន្ទាប់ ដែលជា​អ្នកទេសចរ​បរទេស ពិសេស​បងប្អូន​ខ្មែរ​អ៊ីស្លាម ដែល​ទើប​វិលត្រឡប់​មកពី​ចូលរួម​ពិធីបុណ្យ​សាសនា នៅ​ប្រទេស​ម៉ាឡេស៊ី​។ ក្រៅពីនោះ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ រាជរដ្ឋាភិបាល បានសម្រេច​បិទទ្វារ​សាលារៀន សារមន្ទីរ រោងភាពយន្ត ហាង​ម៉ាស្សា​ខារ៉ាអូខេ ជាដើម​។ នៅ​ខែមីនា​ក៏មាន​ការផ្លាស់ប្តូរ​រដ្ឋ​មន្ត្រី ៤​រូប​ផងដែរ​។​

រូបៈលោក គង់ សោ​ភ័​ណ្ឌ បាន​ចូលកាន់​តំណែង​ជា​អភិបាល​ខេត្តកណ្តាល ជំនួស​លោក ម៉ៅ ភិ​រុណ ដែល​ក្រោយមក ត្រូវបានតែងតាំង​ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្តកណ្តាល​ក្រោមវត្តមានសម្តេចក្រឡាហោម ស ខេង

១-​ផ្លាស់ប្តូរ​អភិបាលខេត្ត​កណ្តាល​
​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០២០ លោក គង់ សោ​ភ័​ណ្ឌ បាន​ចូលកាន់​តំណែង​ជា​អភិបាល​ខេត្តកណ្តាល ជំនួស​លោក ម៉ៅ ភិ​រុណ ដែល​ក្រោយមក ត្រូវបានតែងតាំង​ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្តកណ្តាល​។

២-​រកឃើញ​អ្នកជំងឺ​កូ​វីដ​១៩ ទី​២ ជា​បុរស​ជនជាតិខ្មែរ នៅ​សៀមរាប​
​អ្នកជំងឺ​កូ​វីដ​១៩ ទី​២ នៅ​កម្ពុជា ត្រូវបាន​រកឃើញ​លើ​បុរស​ខ្មែរ​ម្នាក់ នៅ​ទី​រួម​ខេត្តសៀមរាប​។ បុរស​ជនជាតិខ្មែរ​នេះ​បាន​ឆ្លង​មេរោគ កូ​វីដ​១៩ ពី​បុរស​ជនជាតិ​ជប៉ុន​ម្នាក់ ដែល​ត្រូវបាន​ក្រសួងសុខាភិបាល បានប្រកាស​កាលពី​ថ្ងៃទី​០៥ ខែមីនា​ថា បុរស​ជនជាតិ​ជប៉ុន ដែល​បានធ្វើ​ដំណើរ ចេញពី​ខេត្តសៀមរាប ទៅកាន់​ប្រទេស​ជប៉ុន ឆ្លងកាត់​ប្រទេស​វៀតណាម មាន​ផ្ទុក​វីរុស​កូ​វីត​១៩​។​បុរស​ជនជាតិ ជប៉ុន​នោះ ត្រូវបាន​ពិនិត្យ​រកឃើញ​ជំងឺ​កូ​វីដ​១៩ នៅពេល​ទៅដល់​អាកាសយានដ្ឋាន ក្នុង​ទីក្រុង ណា​ហ្គូ​យ៉ា ប្រទេស​ជប៉ុន ខណៈដែល​កម្ពុជា និង​វៀតណាម ពិនិត្យ រក​មិនឃើញ​ជំងឺ​នេះ​ទេ​។

៣-​សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ត្រៀម​កញ្ចប់​ថវិកា ៨០០-២០០០​លាន​ដុល្លារ​
​កាលពី​ថ្ងៃទី​១០​មីនា សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ចែក​សញ្ញាបត្រ ជូន​និស្សិត​នៃ​វិទ្យាស្ថាន​វ៉ាន់ដា​។ សម្តេច​តេ​ជោ បានប្រកាស​ត្រៀម​កញ្ចប់​ថវិកា​ចន្លោះ​ពី​ប្រមាណ ៨០០​លាន​ដុល្លារ ទៅ​ពីរពាន់​លាន​ដុល្លារ​ដើម្បី​ដោះស្រាយ ផលប៉ះពាល់​សេដ្ឋកិច្ច​ពី​វិបត្តិ​កូ​វីត​១៩ ចន្លោះពេល​ពី ៦​ខែ ទៅ ១​ឆ្នាំ ក្នុងករណី​ប្រសិនបើ​វីរុស​កូ វីត​១៩ អាច​ផ្ទុះឡើង​ខ្លាំងក្លា​នៅ​កម្ពុជា​។ សម្រាប់​រាជរដ្ឋាភិបាល​កម្ពុជា ស្ថានភាព​វីរុស​កូ​វីត បច្ចុប្បន្ន មិនទាន់​ដល់​កម្រិត​ធ្ងន់ធ្ងរ​នោះទេ ពោលគឺ​គ្មាន​នរណាម្នាក់ នៅ​កម្ពុជា រាប់ទាំង​ពលរដ្ឋ​កម្ពុជា ស្លាប់ ដោយសារ​វីរុស​កូ​វីត​១៩ នេះឡើយ​។​

៤-​ក្រុម​អ្នកទេសចរ តាម​នាវា​ទេសចរណ៍ មកពី​វៀតណាម រកឃើញ​ឆ្លង​កូ​វីដ​១៩
​កាលពី​យប់​ថ្ងៃទី​១០ ខែមីនា ក្រសួងសុខាភិបាល បានប្រកាស​ពី​ការរកឃើញ​ស្ត្រី​អ្នកទេសចរ​ជនជាតិ​អង់គ្លេស​ម្នាក់ អាយុ ៦៥​ឆ្នាំ ឆ្លង​ជំងឺ​កូ​វីដ​១៩​។ ស្ត្រី​អង់គ្លេស​នោះ ជា​អ្នកជំងឺ​កូ​វីដ​ទី​៣ នៅ​កម្ពុជា​។ គាត់ បន​ធ្វើដំណើរ​តាម​នាវា​ទេសចរណ៍​មួយគ្រឿង ដែលមាន​អ្នកដំណើរ​សរុប ៦៤​នាក់ ចេញពី​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម មកដល់​ភ្នំពេញ កាលពី​ថ្ងៃទី​៧​មីនា​ហើយ​បាន​ទៅ ដល់​ខេត្តកំពង់ចាម កាលពី​ថ្ងៃទី​៩​មីនា​។
​នៅ​រសៀល​ថ្ងៃទី​១១ ខែមីនា ស្ត្រី​អ្នកទេសចរ​អង់គ្លេស ដែល​ឆ្លង​ជំងឺ​កូ​វីដ​នេះ ត្រូវបាន​ផ្ទេរ​ពី​មន្ទីរពេទ្យ​ខេត្តកំពង់ចាម មក​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ​មួយ ក្នុង​រាជធានី​ភ្នំពេញ​។ មូលហេតុ ដើម្បី​ងាយស្រួល​ថែទាំ​ព្យាបាល ព្រោះ​គាត់​មាន​វ័យចាស់ និង​ពិការ​ជើង​។
កាលពី​ថ្ងៃទី​១២ ខែមីនា ក្រសួងសុខាភិបាល​កម្ពុ​ជា បានប្រកាស​ពី​ការរកឃើញ​អ្នក​ផ្ទុក​វីរុស​កូ​វីត ១៩ ចំនួន ២​នាក់​បន្ថែមទៀត ជា​ជនជាតិ​អង់គ្លេស នៅលើ​នាវា​ទេសចរណ៍ ដែល​កំពុង​ចត នៅ​ទី​រួម​ខេត្តកំពង់ចាម​។ គិត​ទាំងពីរ​នាក់ ប្តី​ប្រពន្ធ ជា​ជនជាតិ​អង់គ្លេស ដែល​ឆ្លង​ជំងឺ​កូ​វីដ​នេះ គឺ​នៅលើ​នាវា​ទេសចរណ៍ Viking Cruise Journey មកពី​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម មាន​អ្នកទេសចរ​អង់គ្លេស ៣​នាក់ ( ស្ត្រី ២​នាក់ ) ផ្ទុក​វីរុស​កូ​វីត ១៩ ក្នុងចំណោម​អ្នកដំណើរ​សរុប ៦៤​នាក់​។

៥-​កម្ពុជា ហាមឃាត់​មិន​ឲ្យ​នាវា​ទេសចរណ៍ ចូល​ពី​វៀតណាម តាម​ក្អម​សំណ​
​កាលពី​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២០ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានសម្រេច ឈប់​ឲ្យ​នាវា​ទេសចរណ៍ ចូលក្នុង​ប្រទេស​កម្ពុជា តាម​ច្រកព្រំដែន​អន្តរជាតិ ក្អម​សំណ ព្រំដែន​កម្ពុជា​-​វៀតណាម​។ បម្រាម​នេះ បានធ្វើ​ឡើង ក្រោយពី​នាវា​ទេសចរណ៍ Viking Cruise Journey ផ្ទុក​អ្នកដំណើរ ៦៤​នាក់ មកពី​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម ចូល​មកដល់​ភ្នំពេញ កាលពី​ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០២០ ហើយ​រហូតដល់​ថ្ងៃទី​១០ និង​ថ្ងៃទី​១២​មីនា ទើប​ក្រសួងសុខាភិបាល​កម្ពុជា រកឃើញថា មាន​អ្នកទេសចរ​អង់គ្លេស ៣​នាក់ លើ​នាវា​ទេសចរណ៍​នោះ បាន​ឆ្លង​ជំងឺ​កូ​វីដ ១៩​។​

៦-​រកឃើញ​កូ​វីដ កើត​លើ​គ្រូបង្រៀន​នៅ​សាលា CIS កោះ​ពេជ្រ​
​ចំណែក​កាលពី​យប់​ថ្ងៃទី​១៣ ខែមីនា ក្រសួងសុខាភិបាល បានប្រកាស​ពី​ការរកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ថ្មី​ចំនួន ២​នាក់​ទៀត ដែល​ម្នាក់ ជា​បុរស​ជនជាតិ​កាណាដា បម្រើ​ការងារ​នៅ​សាលារៀន CIS នៅ​កោះ​ពេជ្រ ក្នុង​រាជធានី​ភ្នំពេញ និង​ម្នាក់ទៀត ជា​បុរស​ជនជាតិ​ប៊ែ​ល​ហ្សិ​ក បម្រើ​ការងារ​ក្នុង​អង្គការ​អន្តរជាតិ​មួយ នៅ​ភ្នំពេញ​។​

​រហូតដល់​ព្រឹក​ថ្ងៃទី​១៤​ខែមីនា​ក្រសួងសុខាភិបាល​បានស្នើ​ទៅកាន់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ឲ្យ​បិទ​ជា​បណ្តោះអាសន្ន​នូវ​សាលារៀន​ឯកជន CIS នៅ​កោះ​ពេជ្រ ដែល​បុរស​ជនជាតិ​កាណាដា​នោះ បានធ្វើការ​។​

៧-​បិទ​សាលារៀន​បណ្តោះអាសន្ន​
​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២០ ក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​ប្រកាស​ឲ្យ​សាលារៀន​ចំណេះ​ទូទៅ ជា​សាលា​រដ្ឋ និង​សាលា​ឯកជន​ទាំងអស់ នៅ​រាជធានី​ភ្នំពេញ និង​នៅ​ទីក្រុង​សៀមរាប ឈប់សម្រាក​ក្នុង​វិស្សមកាល​តូច ( វ៉ា​កង​តូច ) មុន​កាលកំណត់ ចាប់ពី​ថ្ងៃទី​១៤​មីនា​តទៅ​។ ជាទូទៅ វិស្សមកាល​តូច ធ្វើឡើង​នៅ​ដើមខែ​មេសា ហើយ​រហូតដល់​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​រួចរាល់ គឺ​នៅ​ពាក់កណ្តាល​ខែមេសា ទើប​ចូល​កង ចូលរៀន​វិញ​។ ក្នុងពេលនោះ សាលារៀន​រដ្ឋ និង​ឯកជន នៅ​ទូទាំងប្រទេស ក៏បាន​ឈប់សម្រាក​ជា​បណ្តោះអាសន្ន ហើយ​សិស្ស ចាប់ផ្តើម​រៀន​តាម​អន​ឡាញ​ផងដែរ​។​

៨-​ហាម​មិន​ឲ្យ​មន្ត្រីរាជការ​បុគ្គលិករ​ដ្ឋ ទៅ​ប្រជុំ​នៅ​បណ្តា​ប្រទេស​អឺរ៉ុប អាមេរិក និង​អ៊ីរ៉ង់​
​បន្ទាប់ពី​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ជា​បន្តបន្ទាប់ កាលពី​ថ្ងៃ​ចន្ទ ទី​១៦ ខែមីនា សម្តេច​តេ​ជោ ហ៊ុន សែន បានចេញ​សារាចរ​ណែនាំ ស្តីពី វិធានការ​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩​។ ក្នុង​សារាចរ ដែលមាន ៤​ចំណុច​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​យើង​ទាំងអស់ សូមកុំ​ធ្វើដំណើរ​ទៅកាន់​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប សហរដ្ឋអាមេរិក និង​អ៊ីរ៉ង់ ប្រសិនបើ​មិនមាន​ការចាំបាច់​។ ក្នុងនោះ មន្ត្រី​គ្រប់​ក្រសួង​ស្ថាប័នរដ្ឋ​ទាំងអស់ ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ក៏​មិនត្រូវ​អនុញ្ញាត​ឲ្យ​មន្ត្រីរាជការ​បុគ្គលិក​គ្រប់លំដាប់​ថ្នាក់ ធ្វើដំណើរ ទៅ​ចូលរួម​កិច្ចប្រជុំ​គ្រប់​ប្រភេទ ទៅកាន់​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប សហរដ្ឋអាមេរិក និង​អ៊ីរ៉ង់​ឡើយ​។​

៩-​បិទ​ហាង​ម៉ាស្សា ខារ៉ាអូខេ រោងភាពយន្ត សារមន្ទីរ និង​ព្រះបរមរាជវាំង​
​កាលពី​ថ្ងៃទី​១៧ ខែមីនា រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ជា​ផ្លូវការ បិទ​ហាង​ម៉ាស្សា ខារ៉ាអូខេ រោងភាពយន្ត សារមន្ទីរ និង​ព្រះបរមរាជវាំង ដើម្បី​បង្ការ​ការឆ្លង​រីក​រាលដាល​នៃ​វីរុស​កូ​វីត ១៩​។ វិធានការ​នេះ បានធ្វើ​ឡើង ក្រោយ​កម្ពុជា រកឃើញ​អ្នក​ផ្ទុក​វីរុស កូ​វីត​១៩ ជា​បន្តបន្ទាប់​។ ក្នុងនោះ កាលពី​ថ្ងៃទី​១៧​មីនា រាជរដ្ឋាភិបាល ក៏បាន​ប្រកាស​ពី​ការ​សម្រេចយក​សណ្ឋាគារ The Great Duke អតីត​សណ្ឋាគារ​អាំង​ទ័​រ​កុងទីណង់តាល់ នៅក្នុង​រាជធានី​ភ្នំពេញ ធ្វើជា​មន្ទីរពេទ្យ សម្រាប់​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ផងដែរ​។​

១០-​កម្ពុជា សម្រេច​បិទ​ព្រំដែន​ជាមួយ​វៀតណាម​
​កាលពី​ថ្ងៃទី​១៩ ខែមីនា រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងការបរទេស បាន​ផ្ញើរ​កំណត់​ទូត ទៅកាន់​ប្រទេស​វៀតណាម អំពី​ការសម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន មិន​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា និង​ប្រជាពលរដ្ឋ​វៀតណាម ធ្វើដំណើរ​ចេញចូល តាម​ព្រំដែន​ប្រទេស​ទាំងពីរ​ឡើយ​។ ការហាមឃាត់​នេះ អនុវត្ត​ចាប់ពី​ម៉ោង ២៣ និង ៥៩​នាទី នា​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២០ តទៅ​។ យ៉ាងណាក៏ដោយ ការដឹកជញ្ជូន​ទំនិញ​ឆ្លងដែន​រវាង​កម្ពុជា និង​វៀតណាម នៅតែ​បន្ត​។ វិធាន​ការមិន​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា និង​វៀតណាម​ឆ្លងកាត់​ព្រំដែន​នេះ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ បន្ទាប់ពី​វៀតណាម បានដាក់​ចេញ​នូវ​វិធានការ​រឹតបន្តឹង​លើ​អ្នកដំណើរ​ចេញចូល​ឆ្លងដែន​ប្រទេស​ទាំងពីរ​។​

១១-​កែ​ច្បាប់​ចរ​ចរណ៍​ផ្លូវគោក ដើម្បី​បង្កើន​ប្រាក់​ផាកពិន័យ​
​កាលពី​ថ្ងៃទី​១៧​ខែមីនា​រាជរដ្ឋាភិបាល​បានចេញ​អនុក្រឹត្យ​ថ្មី​មួយទៀត​ដើម្បី​កែស​សម្រួល​ការពិន័យ​អន្តរកាណ៍​លើ​អ្នកបើកបរ​យានយន្ត​ល្មើសច្បាប់ ស្ដីពី ចរាចរណ៍​ផ្លូវគោក​។ បើតាម​អនុក្រឹត្យ​ថ្មី​នេះ អ្នកបើកបរ​ម៉ូតូ ឬ​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព នឹងត្រូវ​ពិន័យ ៦​ម៉ឺន​រៀល អ្នកបើកបរ​ម៉​តូ​បង្ហោះ​ត្រូវ​ពិន័យ ១០​ម៉ឺន​រៀល ខណៈ​អ្នក​ស្រវឹង នឹងត្រូវ​ពិន័យ ២៥​ម៉ឺន​រៀល​។ ពីមុន អ្នក​លើ្ម​ស​ច្បាប់​ចរាចរណ៍ ដែល​បើកបរ​ម៉ូតូ មិន​ពាក់មួក​សុវត្ថិភាព ឬ​ម៉ូតូ​មិនមាន​កញ្ចក់​មើល​ក្រោយ ជាដើម ត្រូវ​ពិន័យ ត្រឹមតែ ១៥០០០​រៀល​ប៉ុណ្ណោះ​។ វិធានការ​បង្កើន​ប្រាក់​ផាកពិន័យ​នេះ ដើម្បី​ឲ្យ​អ្នកធ្វើដំណើរ គោរព​ច្បាប់​ចរាចរណ៍ និង​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។​

​រហូតដល់​ថ្ងៃទី​២៧ ខែមីនា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្តេច​ក្រឡាហោម ស ខេង បានប្រកាស​ឱ្យប្រើ​ជា​ផ្លូវការ​នូវ​អនុក្រឹត្យ​ថ្មី ដែល​បាន​កែសម្រួល ដោយ​ដំឡើង​ប្រាក់​ផាកពិន័យ​បទល្មើស​ចរាចរណ៍​។ នោះ​គឺ​ម៉ូតូ នឹងត្រូវ​ផាកពិន័យ​ទាប​បំផុត ៦​ម៉ឺន​រៀល​។ រីឯ​ឡាន ទាប​បំផុត ៧​ម៉ឺន ៥​ពាន់​រៀល​។ សម្ដេច​ក្រឡាហោម ស ខេង បាន​សុំ​ការយល់​យោគ​ពី​ពលរដ្ឋ ចំពោះ​ការបង្កើន​ប្រាក់​ផាកពិន័យ​នេះ ពីព្រោះ​វា​ជា​ជម្រើស​ល្អ​បំផុត ដើម្បី​ជំរុញ​ឱ្យ​ពលរដ្ឋ គោរព​ច្បាប់​ចរាចរណ៍​។​

១២-​ព្រះមហាក្សត្រ និង​សម្តេចម៉ែ ផ្តួចផ្តើម​បរិច្ចាគ​ថវិកា ជូន​រាជរដ្ឋាភិបាល ដើម្បី​ប្រឆាំងនឹង​កូ​វីដ​
​កាលពី​ថ្ងៃទី​១៩​មីនា ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី និង​សម្តេចម៉ែ សម្តេចព្រះ​វររាជ​មាតា​ជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ បាន​ព្រះរាជទាន ព្រះរាជ​ទ្រព្យ​ផ្សេងគ្នា សរុប​ចំនួន ៣០​ម៉ឺន​ដុល្លារ​អាមេរិក ជូន​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​រ៉ូ​ណា ឬ​កូ​វីដ​១៩​។ ជា​បន្តបន្ទាប់​ក៏មាន​សប្បុរសជន​បាន​ចូលរួម​វិភាគទាន​រាប់ម៉ឺន​សែន​ដុល្លារ​អាមេរិក ជូន​រាជរដ្ឋាភិបាល សម្រាប់​ចូលរួម​ទប់ស្កាត់​ការ​រាលដាល​ជំងឺឆ្លង​ដ៏​កាច​សាហាវ​នេះ​។ ជា​សរុប កាលណោះ រាជរដ្ឋាភិបាល ទទួលបាន​ថវិកា​ជំនួយ​ពី​សប្បុរសជន​ប្រមាណ​២០​លាន​ដុល្លារ​ដោយ​មិនទាន់​គិតពី​ការបរិច្ចាគ​ប្រាក់ខែ​របស់​មន្ត្រីរាជកា​រ​ជាច្រើន​ផ្សេងទៀត​ទេ​។​

១៣-​ជំនួយ​បរិក្ខារ​ពេទ្យ​របស់​ចិន មកដល់​ភ្នំពេញ លើកដំបូង ដើម្បី​ប្រឆាំង​កូ​វីដ​
​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៣ ខែមីនា ក្រុមគ្រូពេទ្យ​ជំនាញ និង​សម្ភារៈ​បរិក្ខារ​ពេទ្យ ការពារ​ជំងឺ​កូ​វីដ​១៩ របស់​ប្រទេស​ចិន​បាន​មកដល់​កម្ពុជា​តាមរយៈ​ជើងយន្តហោះ​ពិសេស​។ ក្រុមគ្រូពេទ្យ​ចិន ដែល​មកដល់​កម្ពុជា​នេះ ត្រូវ​ចែករំលែក​បទពិសោធន៍ និង​បច្ចេកទេស ជោគជ័យ​នានា ដែល​ចិន បាន​ប្រើប្រាស់​សម្រាប់​ទប់ស្កាត់​ការរីក​រាលដាល​វិ​រុស​កូ​វីដ​១៩​នៅ​ប្រទេស​ចិន​មកដល់​មន្ត្រី​ជំនាញ​របស់​កម្ពុជា​។

១៤-​ពលករ​ខ្មែរ មកពី​ថៃ បង្ក​ការព្រួយបារម្ភ​ពី​ការឆ្លង​កូ​វីដ​
​ជាមួយគ្នា​នោះ ខណ​:​ដែល​ពលករ​ខ្មែរ​យើង​ជាច្រើន​នាក់ បាន​វិល​ត្រលប់​ពី​ប្រទេស​ថៃ ទៅកាន់​ស្រុកកំណើត​អាជ្ញាធរ​សមត្ថកិច្ច​តាម មូលដ្ឋាន បាន​ចាក់​មេក្រូ តាម​ម៉ូតូ​ឡាន នៅតាម​ភូមិ អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ បង្ការ និង​ការពារ​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ពិសេស​អ្នក​ទើប​វិលត្រឡប់​មកពី​ក្រៅប្រទេស រួមទាំង​ប្រទេស​ថៃ​ទាំងអស់ ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​ក្រុមគ្រួសារ ក្នុង​រយៈពេល ១៤​ថ្ងៃ​។​

១៥-​រដ្ឋសភា ប្រជុំ​ដោះដូរ​រដ្ឋមន្ត្រី ៤​រូប​
​កាលពី​ថ្ងៃទី​៣០ ខែមីនា រដ្ឋសភា បាន​បើក​កិច្ចប្រជុំ​វិសាមញ្ញ ដើម្បី​ពិនិត្យ និង​អនុម័ត​លើ​សំណើសុំ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការកែ សម្រួល​សមាសភាព​រាជ​រដ្ឋាភិបាល​។ នោះ​គឺ​ការតែងតាំង​រដ្ឋមន្ត្រី​ថ្មី ៤​រូប រួមមាន​៖ លោក កើត រិ​ទ្ធ ជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ជំនួស​លោក អង្គ វង្សវឌ្ឍានា​។ លោក ព្រុំ សុខា ជា​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ ជំនួស​លោក ពេជ្រ ប៊ុនធិន​។ លោក ជា វ៉ាន់​ដេ​ត ជា​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ជំនួស​លោក ត្រាំ អ៊ីវតឹក​។ លោក ឈិ​ត សុខុន ជា​រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា ជំនួស​លោក ហ៊ឹម ឆែម​។ទន្ទឹមនឹងនេះ រដ្ឋមន្ត្រី​ទាំង ៤​រូប ដែល​ត្រូវ​ប្តូរ​ចេញ ត្រូវបានតែងតាំង ជា​ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកកម្ម​ពិសេស​។
​ចំណែក​លោក ចម ប្រសិទ្ធ នៅតែមាន​ឋានៈ​ជា​ទេសរដ្ឋមន្ត្រី និង​កាន់ដំណែង​រដ្ឋមន្ត្រី ដោយ​ប្តូរ​ពី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ទៅជា​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​។​

១៦-​កម្ពុជា​រៀបចំ​សេចក្តីព្រាងច្បាប់ ដាក់​ប្រទេសជាតិ​ក្នុង​ភាពអាសន្ន​
​តាមរយៈ​ស​ន្នី​សីទ​សារព័ត៌មាន ក្រោយ​កិច្ចប្រជុំ​រដ្ឋសភា កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​៣០ ខែមីនា ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ពី​ការរៀបចំ​សេចក្តីព្រាងច្បាប់ ដាក់​ប្រទេសជាតិ ក្នុង​ភាពអាសន្ន​។ សម្តេច តេ​ជោ បាន​អំពាវនាវ កុំឱ្យ​ពលរដ្ឋ មានការ​ព្រួយបារម្ភ អោយសោះ ចំពោះ​ច្បាប់​ថ្មី​នេះ ព្រោះថា ច្បាប់​ថ្មី​នេះ នឹងត្រូវ​ប្រើប្រាស់ លុះត្រាតែ​ស្ថានការណ៍​ជំងឺ COVID-19 នៅក្នុង​ប្រទេស​កម្ពុជា​យើង ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ មិនអាច​គ្រប់គ្រង​បានតែ​ប៉ុណ្ណោះ​។​

១៧-​បិទ​កាស៊ីណូ និង​ផ្អាក​ការនាំ​ស្រូវ​អង្ករ​ចេញ​ក្រៅប្រទេស​
​នៅក្នុង​សន្និសីទកាសែត នៅ​រដ្ឋសភា កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​៣០​មីនា សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាស​ពីបទ​បញ្ជា​ឲ្យ​បិទ​កាស៊ីណូ ទាំងអស់ នៅ​ទូទាំងប្រទេស ចាប់ពី​ថ្ងៃទី​០១ ខែមេសា​តទៅ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស​កូ​វីដ ១៩​។ ជាមួយគ្នា​នោះ សម្តេច​តេ​ជោ​ក៏បាន​ប្រកាស​ផ្អាក​ការនាំចេញ​ស្រូវ​និង​អង្ក​រស​ទៅ​ក្រៅប្រទេស​លើកលែងតែ​អង្ករ​ក្រអូប​ប្រភេទ​លេខ​១​។​ការសម្រេច​ផ្អាក​ការនាំចេញ​អង្ក​រស និង​ស្រូវ​ទៅ​ក្រៅប្រទេស ចាប់ពី​ថ្ងៃទី​០៥ ខែមេសា ដើម្បី​ត្រៀម​បម្រុង​ស្បៀង​ទុក​ប្រើប្រាស់ នៅក្នុង​ប្រទេស​កម្ពុជា​យើង ក្នុងករណី​វីរុស​កូ​វីដ​១៩ បន្ត​អូសបន្លាយ​យូរ​ទៅមុខទៀត​។​

១៨-​រាជរដ្ឋាភិបាល បញ្ជូន​សេចក្តីព្រាងច្បាប់ ដាក់​ប្រទេសជាតិ​ក្នុង​ភាពអាសន្ន ទៅ​រដ្ឋសភា​
​កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែមីនា សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈអចិន្ត្រៃយ៍​គណៈរដ្ឋមន្ត្រី ដើម្បី​ពិនិត្យ ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់ ស្តីពី ការដាក់​ប្រទេសជាតិ ក្នុង​ភាពអាសន្ន​។ ក្រោយ​កិច្ចប្រជុំ​ជាង ៣​ម៉ោង គណៈអចិន្ត្រៃយ៍​គណៈរដ្ឋមន្ត្រី បានសម្រេច​បញ្ជូន​សេចក្តីព្រាងច្បាប់​ថ្មី​នេះ ទៅកាន់​រដ្ឋសភា​តែម្តង ដោយ​មិន​ដាក់​ឆ្លង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​នោះទេ​៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular