ប្រែសម្រួលៈវាសនា/សិង្ហបុរី៖ ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃចន្ទនេះថា សេដ្ឋកិច្ចរបស់សិង្ហបុរី បានជួបកំណើនអវិជ្ជមាន(ដើរថយក្រោយ)ប្រចាំឆ្នាំអាក្រក់បំផុតនៅឆ្នាំ២០២០នៅពេលជំងឺឆ្លងកូវីដ១៩រំខានដល់ការធ្វើពាណិជ្ជកម្មនិងទេសចរណ៍របស់រដ្ឋបែបជាទីក្រុងនេះ។
តែការដើរថយក្រោយ៥,៨ភាគរយវាមិនធ្ងន់ធ្ងរដូចការព្រួយបារម្ភនោះទេ ដោយសារការព្យាករណ៍ផ្លូវការនិយាយថា សិង្ហបុរីត្រូវជួបកំណើនអវិជ្ជមានដល់ទៅ៦,៥ភាគរយ នៅពេលសកម្មភាពសេដ្ឋកិច្ចកក្រើកឡើងវិញក្រោយការបន្ធូរបន្ថយវិធានការរឹតត្បិតដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុស។
មជ្ឈមណ្ឌលហិរញ្ញវត្ថុនេះបានធ្លាក់ចូលក្នុងឳនភាពដំបូងរបស់ខ្លួននៅត្រីមាសទី២នៃឆ្នាំ២០២០ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ២០០៨នៅពេលរដ្ឋាភិបាលបិទទីកន្លែងធ្វើការភាគច្រើនជាផ្នែកនៃវិធានការទប់ស្កាត់ការឆ្លង។តែការរឹតត្បិតត្រូវបានដកចេញភាគច្រើននៅឆមាសទី២នៃឆ្នាំមុន ហើយវិស័យសំខាន់ៗនៃសេដ្ឋកិច្ចដូចជាកមន្តសាល(ឧស្សាហម្មផលិតចេញពីរោងចក្រ)បានចាប់ផ្តើមរើបតើឡើងវិញ។
នៅត្រីមាសទី៤ សេដ្ឋកិច្ចសិង្ហបុរីធ្លាក់ចុះ៣,៨ភាគរយបើធៀបនឹងត្រីមាសដូចគ្នាកាលពីមួយឆ្នាំមុន គឺទាបជាងការរំពឹងទុក។
សុង សេង វុន អ្នកសេដ្ឋកិច្ចនៅធនាគារ CIMBបានប្រាប់សារព័ត៌មានបារាំងថា ការដើរថយក្រោយនេះមិនអាក្រក់ដូចការគិតទុកទេ ដោយសារការនាំចេញទំនិញខ្លាំង និងរំពឹងថាសេដ្ឋកិច្ចសិង្ហបុរីនឹងកើន៦ភាគរយនៅឆ្នាំនេះ។
សូមបញ្ជាក់ថាអាជ្ញាធរសិង្ហបុរីកាលពីសប្តាហ៍មុនបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងមួយដោយធ្វើអោយប្រទេសនេះក្លាយជាប្រទេសអាស៊ីដំបូងគេដែលចាក់វ៉ាក់សាំងអោយពលរដ្ឋរបស់ខ្លួន៕
សេដ្ឋកិច្ចសិង្ហបុរីធ្លាក់ចុះ៥,៨% នៅឆ្នាំ២០២០