ប្រែសម្រួលៈវាសនា/បាងកក(បាងកកប៉ុស្តិ៍)៖ថៃកាលពីថ្ងៃចន្ទ បានអះអាងអំពីការរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាដល់ទៅចំនួន៧៤៥នាក់បន្ថែម ក្នុងនេះ៧០៩នាក់ជាការឆ្លងក្នុងស្រុក។
ចំនួនឆ្លងថ្មីនេះនាំអោយថៃមានអ្នកឆ្លងវីរុសកូរ៉ូណាសរុប ៨.៤៣៩នាក់ និងអ្នកជំងឺកូវីដ១៩ម្នាក់ទៀតបានស្លាប់។
សារព័ត៌មានបាងកកប៉ុស្តិ៍បានអោយដឹងថា នៅ២៤ម៉ោងកន្លងទៅមានការឆ្លងសរុប៧០៩នាក់ ក្នុងនោះមានកម្មករចំណាកស្រុក៥៥៧នាក់និងជនជាតិថៃ១៥២នាក់ រីឯជនរងគ្រោះដល់ជីវិត ជាបុរសអាយុ៥៦ឆ្នាំរស់នៅក្រុងបាងកក។
វាជាចំនួនឆ្លងប្រចាំថ្ងៃខ្ពស់បំផុតចាប់តាំងពីជំងឺឆ្លងកូវីដ១៩មានវត្តមាននៅក្នុងព្រះរាជាណាចក្រនេះមក។តែចំនួនឆ្លងដ៏ខ្ពស់នេះត្រូវរំពឹងទុកជាមុន ដោយសារចំនួនឆ្លងប្រចាំថ្ងៃកាលពីថ្ងៃម្សិលមិញនៅក្នុងខេត្តមួយមិនបានរាប់បញ្ចូល។ អ្នកឆ្លងកូវីដ១៩ចំនួន៥៤១នាក់នៅខេត្តសាមុត សាខន ត្រូវបានប្រកាសកាលពីរសៀលថ្ងៃអាទិត្យ តែមិនត្រូវបានរាប់បញ្ចូលក្នុងចំនួនឆ្លងប្រចាំថ្ងៃអាទិត្យទេ។
បូកបញ្ជូលទាំងចំនួនឆ្លងនៅសាមុត សាខនកាលពីរសៀលថ្ងៃអាទិត្យ នាំអោយចំនួនឆ្លងនៅថ្ងៃចន្ទនេះឡើងដល់៧៤៥នាក់។
ព័ត៌មានស្តីពីការឆ្លងច្រើនបំផុតនេះកើតឡើងចំពេលក្រសួងសុខាភិបាលថៃប្រាប់អោយដឹងថា ថៃនឹងទទួលបានវ៉ាក់សាំង២លានដូសពីក្រុងហ៊ុនចិនSinovac Biotech Ltdនៅខែក្រោយ ដើម្បីចាក់ជូនក្រុមមនុស្សប្រឈមការឆ្លងខ្ពស់មុនគេ។
បើតាមក្រសួងសុខាភិបាល ការប្រគល់វ៉ាក់សាំងនេះនឹងត្រូវធ្វើជា៣ដំណាក់កាល ដោយ២សែនដូសនឹងមកដល់នៅខែកុម្ភៈ ៨សែនដូសមកដល់នៅខែមីនា និង១លានដូសទៀតមកដល់នៅខែមេសា។
ក្រសួងបានបញ្ជាក់បន្ថែមថា ថៃក៏បានចាប់ផ្តើមផលិតវ៉ាក់សាំងរបស់AstraZeneca Plcនៅក្នុងប្រទេសខ្លួនក្រោមកិច្ចព្រមព្រៀងផ្ទេរបច្ចេកវិទ្យាមួយ។វ៉ាក់សាំងនេះត្រូវរំពឹងថានឹងបញ្ជូនចេញទៅចាក់នៅខែឧសភា។
រដ្ឋាភិបាលរបស់លោកប្រាយុទ្ធ ចាន់អូចា មានផែនការចាក់វ៉ាក់សាំងអោយប្រជាជនថៃបាន៥០ភាគរយ ស្មើនឹង៣៣លាននាក់នៅត្រឹមដំណាច់ឆ្នាំ២០២១ ជាមួយនឹងវ៉ាក់សាំងមកពីប្រភពជាច្រើន រួមទាំងកម្មវិធី Covaxរបស់អង្គការសុខភាពពិភពលោក៕
មន្ត្រីលើកកេះវ៉ាក់សាំងកូវីដ១៩របស់ចិន ចូលកន្លែងក្លាសេមួយរបស់ក្រសួងសុខាភិបាលឥណ្ឌូនេស៊ីកាលពីថ្ងៃចន្ទ។ឥណ្ឌូនេស៊ីជាប្រទេសអាស៊ីអាគ្នេយ៍ដំបូងគេដែលទទួលវ៉ាក់សាំងកូវីដ១៩ផលិតដោយក្រុមហ៊ុនចិន